អ.ស.ប.៖ ការ​គាំទ្រ​អន្តរជាតិ​ចំពោះ​មេដឹកនាំ​ផ្តាច់ការ​របស់​មីយ៉ាន់ម៉ា​ត្រូវតែ​បញ្ចប់

  • Lisa Schlein

រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រុម​សកម្មជន Kyunhla នេះ ការ​ខូចខាត​ក្រោយ​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​នៅ​ភូមិ Pa Zi Gyi នៅ​តំបន់ Sagaing ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៣។

មន្ត្រី​អង្គការ​សហប្រជាជាតិ​ល្បីៗ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នានា​កំពុង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ចប់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​មេដឹកនាំ​យោធា​ដ៏​ឃោរឃៅ​របស់​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​ពួកគេ​និយាយ​ថា​ពឹងផ្អែក​លើ​«យុទ្ធសាស្ត្រ​គ្រប់គ្រង​ជា​ប្រព័ន្ធ ធ្វើ​ឲ្យ​ខ្លាច​ និង​បំភិតបំភ័យ» ​ដើម្បី​រក្សា​អំណាច​កណ្តាប់​ដៃដែក​របស់​ពួកគេ។

លោក​ Volker Türk ឧត្តមស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​បើក​កិច្ច​សន្ទនា​សួរ​ដេញ​ដោល​មួយ​ស្តី​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​និយាយ​ថា​ «ស្ថានភាព​នៅ​ភូមា​បាន​ក្លាយ​ទៅ​ជា​រឿង​មិន​អាចទទួល​យក​បាន» ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «វា​មិន​អាច​នឹក​ស្មាន​ដល់​ថា ប្រជាជន​មីយ៉ាន់ម៉ា​អាច​ស៊ូទ្រាំ​នឹង​ការ​រង​ទុក្ខ​បន្ថែម​ទៀត​នោះ​ទេ។ ប៉ុន្តែ ប្រទេស​នេះ​បន្ត​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​ហិង្សា និង​ភាព​សោកសៅ​កាន់​តែ​ជ្រៅ»។

របប​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ​ឆ្នាំ ២០២១ ដោយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ ចាប់តាំង​ពី​ពេល​នោះ​មក ​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ធ្លាក់​ចុះ សំឡេង​របស់​សង្គម​ស៊ីវិល​ត្រូវ​បាន​បំបិទលែងឲ្យ​មាន​សេរីភាព​ សំឡេង​នយោបាយ​ជំទាស់​ត្រូវ​បំបាត់​ចោល ហើយ​មនុស្សកាន់​តែច្រើន​ឡើង ​បានកាន់​អាវុធ​ដើម្បី​ប្រឆាំង​នឹង​ការវាយ​ប្រហារ​ដ៏ឃោរឃៅ ​និង​ឥតត្រា​ប្រណី​របស់​យោធា​លើប្រជាជន។

លោក​ Türk បាន​និយាយ​ថា៖ ​«ភូមិ​ទាំង​មូល​ត្រូវ​បាន​ដុត​បំផ្លាញ ​និង​ដុត​កម្ទេច​ចោល​ទាំងស្រុង​ ដាក់​ទណ្ឌកម្ម​ជារួម​ ដល់​ជនស៊ីវិល​ ដោយ​មិន​ផ្តល់​ជម្រក​ បង្អត់​អាហារ ​ទឹក ​និង​ជំនួយ​សង្គ្រោះ​ជីវិត»។

រូប​ឯកសារ៖ លោក​ Volker Türk ឧត្តមស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ថ្លែង​នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៣។

លោក​បាន​បន្ត​ថា៖ «ចាប់តាំង​ពី​រដ្ឋប្រហារ​បាន​ចាប់ផ្តើម ​ពួក​យោធា​បាន​ដុត​បំផ្លាញ​ផ្ទះ​យ៉ាងតិច​ចំនួន​ ៧០.០០០​ខ្នង​ នៅ​ទូទាំង​ប្រទេស ដែល​ចំនួន ៧០ ​ភាគរយ​ស្ថិតនៅ​ក្នុង​តំបន់​ Sagaing។ ប្រជាជន​ជាង ១,៥​លាន ​នាក់​ត្រូវ​បាន​ជម្លៀស​ដោយ​បង្ខំ ​ដោយ​ទទួល​បាន​ជំនួយ​មនុស្សធម៌​តិចតួច​បំផុត»។

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​មនុស្ស​ចំនួន ​៣.៧៤៧ ​នាក់​បាន​ស្លាប់​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​យោធា​ចាប់​តាំងពី​ពួកគេ​ឡើង​កាន់​អំណាច ​ហើយ​មនុស្ស​ចំនួន​ ២៣.៧៤៧ នាក់​ត្រូវ​បាន​ចាប់ខ្លួន។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ពួកគេ​ជឿ​ថា ​«ចំនួន​ពិត​ប្រាកដ​នៃ​អ្នកស្លាប់ ​និង​របួស​ទំនង​ជាមាន​ច្រើន​ជាងនេះ» ។

របប​យោធា​បាន​បដិសេធ​មិនកំណត់​គោលដៅ​លើ​ជន​ស៊ីវិលណា​ឡើយ​ ដោយ​អះអាង​ថា ខ្លួន​អនុវត្ត​ប្រតិបត្តិការ​ប្រឆាំង​នឹង «ភេរវករ» ​ដែល​ចង់​ធ្វើឱ្យ​ប្រទេស​មាន​អស្ថិរភាព។

ប្រមុខ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​លោក Türk ​បាន​អំពាវនាវ​ឱ្យបញ្ចប់​ជាបន្ទាន់​នូវ «អំពើ​ហិង្សា​ដែល​គ្មាន​ន័យ​នេះ» និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ​ចំនួន​១៩.៣៧៧ នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា។

លោក​ Türk បាន​និយាយ​ថា៖ «ខ្ញុំក៏សូម​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ឱ្យបញ្ឈប់​ និងទប់ស្កាត់​ កុំផ្គត់ផ្គង់​អាវុធ​ដល់​ពួកយោធា និង​ចាត់​វិធានការ​ឲ្យចំ​គោលដៅ​ដើម្បី​ដាក់កំហិត​ដល់​ឧត្តមសេនីយ៍​យោធា ​កុំឲ្យ​អាច​ប្រើប្រាស់​ រូបិយប័ណ្ណ​បរទេស ឥន្ធនៈ​អាកាសចរណ៍ ​និង​មធ្យោបាយ​ផ្សេងទៀត​ដែល​អាច​ជា​មធ្យោបាយ​ឲ្យ​ពួកគេ​វាយប្រហារ​លើ​ប្រជាជន​មីយ៉ាន់ម៉ា»។

លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​និងរដ្ឋ​ជា​សមាជិក​ទាំងអស់​ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួកគេ​ «ដើម្បី​ដាក់​សម្ពាធ​ជា​អតិបរមា​ដើម្បី​បញ្ចប់​វិបត្តិ​នេះ»។

លោក Thomas Andrews អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៣។

នៅ​ក្នុង​សុន្ទរកថា​ដ៏រំជួលចិត្ត​មួយ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​លោក Thomas Andrews អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្ហាញ​ច្បាស់ៗ​នូវ​រូបភាព​រងទុក្ខ​ទោស​នៃ​ប្រទេស​មួយ ​ជា​ប្រទេស​ដែល​លោក​បាន​និយាយ​ថា មាន​កុមារ​រាប់រយ​នាក់​ត្រូវបាន​សម្លាប់ ​និង​ដាក់​គុក​ជា​អ្នកទោស​នយោបាយ ​និងជា​ប្រទេស​មួយ​ដែល​មាន​កុមារ​ជាង ​៦៦០.០០០​នាក់​ គ្មាន​ទីលំនៅ​ ដោយសារ​តែ​ជម្លោះ​ ហើយ​កុមារ ​៥,៨​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌។

លោក​បាន​និយាយ​ថា ប្រជាជន​មីយ៉ាន់ម៉ា​ត្រូវ​ការ និង​សម​នឹង​ទទួល​បាន​ចំណាត់​ការ​ពី​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​សង្គ្រោះ​ប្រទេស​របស់​ពួកគេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា ឆន្ទៈ​នយោបាយ​ដែល​ចាំ​បាច់​ដើម្បី​រក្សា​សកម្មភាព​នេះ​អាច​នឹង​ធ្លាក់​ចុះ។ រដ្ឋាភិបាល​មួយ​ចំនួន​ហាក់​ដូច​ជា​ត្រៀមខ្លួន​ដើម្បី​បន្ត​មើល​រំលង ហើយ​នឹង​ទទួល​យក​ការ​ឡើងកាន់​អំណាច​ដោយ​ខុសច្បាប់​នៃ​របប​យោធា ​ហើយ​ផ្តោត​ការ​យកចិត្ត​ទុកដាក់ ​និង​ធនធាន​របស់​ពួកគេ​នៅកន្លែង​ផ្សេង»។

មីយ៉ាន់ម៉ា​មិន​បាន​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​សួរដេញដោល​នោះ​ទេ ដោយសារ​អង្គការ​សហប្រជាជាតិ​មិន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល៕

ប្រែសម្រួល​ដោយ​លោក​ សុខ ខេមរា