សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានខេត្តកោះកុង ថ្លែងថា មន្ត្រីនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើដំណើរមកជួបសកម្មជនបរិស្ថានបីរូបនៃចលនាមាតាធម្មជាតិ ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារនៅខេត្តកោះកុង និងសាកសួរពីក្តីកង្វល់ប្រជាពលរដ្ឋនៅតាមសហគមន៍នានាក្នុងខេត្តកោះកុង ដែលរងគ្រោះដោយទំនាស់ដីធ្លី និងសកម្មភាពបូមខ្សាច់។
ដូចការគ្រោងទុក លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើដំណើរទៅកាន់ខេត្តកោះកុង ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាននៅក្នុងកោះកុងខេត្ត។ នេះបើតាមការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងខេត្តនេះ។
លោកស្រី រ៉ូណា ស្មីត ជនជាតិអង់គ្លេស និងជាសាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្សអន្តរជាតិនៅប្រទេសអង់គ្លេស ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស (អ.ស.ប.) តែងតាំងជំនួសលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែមិនា ឆ្នាំ២០១៥ ដើម្បីឃ្លាំមើលដំណើរវិវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃពុធ ហើយបានធ្វើដំណើរទៅសួរសុខទុក្ខសកម្មជនបរិស្ថានបីរូបនៅក្នុងពន្ធនាគារខេត្តកោះកុង និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយទំនាស់ដីធ្លី និងការបូមខ្សាច់នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃនេះ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់វីអូអេ នៅថ្ងៃសៅរិ៍នេះថា លោកស្រី រ៉ូណា ស្មីត បានទៅដល់ខេត្តកោះកុងកាលពីរសៀលថ្ងៃសុក្រ និងបានធ្វើដំណើរទៅកាន់ពន្ធនាគារខេត្តកោះកុងភ្លាម ដើម្បីជួបសកម្មជនបរិស្ថានបីរូបនៃចលនាមាតាធម្មជាតិ ដែលត្រូវតុលាការសម្រេចឃុំខ្លួនទាក់ទងនឹងសំណុំរឿងទប់ស្កាត់ការបូមខ្សាច់នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ហើយបានជួបពិភាក្សាជាមួយពលរដ្ឋមកពីសហគមន៍ដែលរងគ្រោះដោយទំនាស់ដីធ្លី និងការបូមខ្សាច់។
«នៅក្នុងកិច្ចជំនួបហ្នឹងគឺសហគមន៍ដែលរងផលប៉ះពាល់ដោយការបូមខ្សាច់ និងពីបញ្ហាដែលគាត់កំពុងតែប្រឈម ដូចជាគាត់ត្រូវបានគេបូមខ្សាច់ទៅបាក់ច្រាំង ហើយបណ្តាលឲ្យគាត់ធ្វើការនេសាទអត់បាន ហើយធ្វើឲ្យគាត់ធ្លាក់ចំណូលអត់បាននេសាទ អត់បានធ្វើផលនេសាទ ហើយគាត់ជួបបញ្ហាជីវភាពដែលអត់បានរកចំណូល»។
លោក អ៊ិន គង់ជិត បន្តថា លោកស្រី រ៉ូណា ស្មីត បានជួបជាមួយមនុស្ស១៧រូប ដែលជាសកម្មជនសិទ្ធិមនុស្ស អ្នកតវ៉ា និងអ្នកសារព័ត៌មាន ហើយដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរកាលពីដើមខែកញ្ញានេះ នៅក្នុងព្រឹត្តការណ៍បង្ក្រាបអ្នកតវ៉ាមួយ។
លោកស្រីបានចូលជួបលោក ប៊ុន លើត អភិបាលខេត្តកោះកុង និងមន្ត្រីប៉ូលិស ហើយនិងប្រធានតុលាការសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃសៅរ៍នេះ។ ទោះជាយ៉ាងណាក្តី លោកស្រីពុំបានធ្វើការសន្យាអ្វីក្នុងការជួយសកម្មជនបរិស្ថានទាំងបីនោះទេ តែលោកស្រីបញ្ជាក់ថា លោកស្រីនឹងនាំយកបញ្ហារបស់សកម្មជនទាំងបីនាក់នោះ និងក្តីកង្វល់របស់ប្រជាពលរដ្ឋទៅជម្រាបប្រាប់អាជ្ញាធរខេត្តកោះកុង និងមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីធានាបាននូវការគោរពសិទ្ធិប្រជាពលរដ្ឋ។
VOA ពុំអាចទំនាក់ទំនងលោក ប៊ុន លើត អភិបាលខេត្តកោះកុងបានទេ ដោយទូរស័ព្ទលោករោទិ៍តែគ្មានអ្នកទទួល។ VOA ក៏ពុំអាចទាក់ទងលោក ប៊ូ ប៊ុនហាំង ព្រះរាជអាជ្ញាតុលាការសាលាដំបូងខេត្កកោះកុងបានដែរ។ រីឯលោក សម ឃិតវៀន ស្នងការប៉ូលិសខេត្តកោះកុងបដិសេធមិនធ្វើការអធិប្បាយ ដោយលោកពុំបានចូលរួមប្រជុំជាមួយលោកស្រី រ៉ូណា ស្មីត។
ដោយឡែក លោក ផុន រដ្ឋា សហស្ថាបនិកនៃចលនាមាតាធម្មជាតិ ថ្លែងថា ការមកដល់របស់លោកស្រី រ៉ូណា ស្មីត អាចជាសញ្ញាវិជ្ជមានសម្រាប់ការដោះលែងសកម្មជនទាំងបីនាក់ឲ្យស្ថិតនៅក្រៅឃុំ ដោយលោកមានប្រសាសន៍ថា៖
«សម្រាប់ការមកជួបផ្ទាល់ ហើយក៏ដូចជាការដែលគាត់ទៅជួបថ្នាក់ដឹកនាំធំៗនេះ វាជាចំណុចវិជ្ជមានមួយ ជាពន្លឺមួយ ដែលអាចដោះលែងសកម្មជនចលនាមាតាធម្មជាតិផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់ជាអ្នករាយការណ៍ពិសេស អញ្ចឹងចង់មិនចង់ ទាំងរដ្ឋាភិបាល ទាំងអាជ្ញាធរពាក់ព័ន្ធក៏ត្រូវតែមានវិធានការមួយដែលល្អសម្រាប់ចលនាមាតាធម្មជាតិ»។
សកម្មជនបរិស្ថានទាំងបីដែលត្រូវតុលាការសម្រេចឃុំខ្លួនកាលពីខែសីហា រួមមានលោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ ស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក ទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៦ឆ្នាំ។ ពួកគេត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។
អ្នកស្រី ថា សុភា វ័យ២២ឆ្នាំ ភរិយារបស់លោក ស៊ីម សំណាង មានប្រសាសន៍ថា អ្នកស្រីចង់ឃើញអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិនេះ ធ្វើអន្តរាគមន៍ក្នុងការជួយឲ្យស្វាមីរបស់អ្នកស្រី និងអ្នកជាប់ឃុំពីរនាក់ផ្សេងទៀតបានស្ថិតនៅក្រៅឃុំ។ អ្នកស្រីថ្លែងថា ជីវភាពគ្រួសាររបស់អ្នកស្រីកំពុងជួបបញ្ហា នៅគ្រាដែលស្វាមីរបស់អ្នកស្រីស្ថិតក្នុងពន្ធនាគារ។
«ខាងអង្គការសហប្រជាជាតិហ្នឹង ឲ្យគាត់ជួយអន្តរាគមន៍ឲ្យខ្ញុំផង ព្រោះមានតែគាត់អ្នករក។ ខ្ញុំនៅផ្ទះហ្នឹង ហើយមើលកូន ហើយម៉ែខ្ញុំពិការពីរឆ្នាំជាងហើយ»។
ការចុះសួរសុខទុក្ខសកម្មជនបរិស្ថានទាំងបីនាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី រ៉ូណា ស្មីត ដែលគ្រោងនឹងបំពេញការងារនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ។ ទស្សនកិច្ចរបស់លោកស្រីត្រូវបានលើកពេលមួយដងរួចទៅហើយកាលពីខែឧសភាកន្លងទៅនេះ ដោយហេតុថា លោកស្រីពុំបានត្រៀមខ្លួនរូចរាល់សម្រាប់ទស្សនកិច្ចនាពេលនោះ៕