ក្រុមប្រេសិតរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស៥រូបបានចោទសួររដ្ឋាភិបាលកម្ពុជាអំពីការចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោសសកម្មជនការពារបរិស្ថានក្នុងខេត្តរតនគិរី គឺលោក ឆន ផល្លា ដែលត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១។
ការចោទសួរនោះ ធ្វើឡើងក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដែលត្រូវបានបង្ហោះលើហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយភ្ជាប់ជាមួយលិខិតឆ្លើយតបរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា។
ប្រេសិតសិទ្ធិមនុស្សទាំង៥រូបនោះរួមទាំង លោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
អ្នករាយការណ៍ពិសេសទាំង៥រូបបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានពេញលេញទៅលើអង្គហេតុ និងអង្គច្បាប់ដែលនាំឱ្យមានការឃុំខ្លួនលោក ឆន ផល្លា ពន្យល់ពីហេតុផលនៃការឃុំខ្លួនបណ្តោះអាសន្ន ផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាព និងលក្ខខណ្ឌសន្តិសុខរបស់លោក ផល្លា ក្នុងមណ្ឌលឃុំឃាំង និងផ្តល់ព័ត៌មានអំពីលទ្ធផលនៃការស៊ើបអង្កេតទៅលើការវាយប្រហាររូបលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ជាដើម។
នៅក្នុងលិខិតឆ្លើយតបមួយរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ភាគីកម្ពុជាបានលើកឡើងថា សកម្មភាពរបស់លោក ឆន ផល្លា បានបំពានសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់ធនធានធម្មជាតិ ដូចមានចែងនៅក្នុងច្បាប់របស់កម្ពុជា ដែលត្រូវផ្តន្ទាទោស។
នៅក្នុងសេចក្តីសន្និដ្ឋានដែលផ្ញើទៅអ្នករាយការណ៍ពិសេស រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា លោក ឆន ផល្លា មាន«ចេតនាអាក្រក់» ដែលបានកាប់ព្រៃឈើ ដុត និងឈូសឆាយដីព្រៃសម្រាប់ការកាន់កាប់ផ្ទាល់ខ្លួនក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ពួកគេបញ្ជាក់ថាលោក ផល្លា បានប្តឹងផ្តល់ប្រជាពលរដ្ឋមូលដ្ឋាន ដោយយកជាលេសការពារបរិស្ថាន និងធម្មជាតិ ប៉ុន្តែតាមពិតសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ក្តីបារម្ភដែលលើកឡើងដោយអ្នករាយការណ៍ពិសេសអំពីការឃុំខ្លួនតាមអំពើចិត្ត ការវាយប្រហារ ការគំរាមកំហែង ការប្រើប្រាស់បទឧក្រិដ្ឋ និងការរំលោភសិទ្ធិរបស់អ្នកការពារសិទ្ធិមនុស្សផ្នែកបរិស្ថាន «មិនឆ្លុះបញ្ចាំងការពិត និងទិដ្ឋភាពផ្លូវច្បាប់ក្នុងប្រទេសកម្ពុជាឡើយ»។
លោក ឆន ផល្លា អាយុ៤៣ឆ្នាំ ត្រូវតុលាការខេត្តរតនគិរីកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ កាលពីចុងឆ្នាំ២០២១ ពីបទកាប់រានដីព្រៃឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយយោងតាមច្បាប់ស្តីពីព្រៃឈើ។
មន្រ្តីសិទ្ធិមនុស្សនៅកម្ពុជាបានចាត់ទុកថា ការផ្តន្ទាទោសលោក ឆន ផល្លា ជាចេតនាបំបាក់ស្មារតីរបស់សកម្មជនការពារព្រៃឈើដែលហ៊ានតតាំងនឹងបុគ្គលប្រព្រឹត្តបទល្មើសព្រៃឈើ។
លោក កែវ ភក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី ប្រាប់វីអូអេថា រឿងក្តីរបស់លោក ឆន ផល្លា កំពុងតែនៅក្នុងដៃរបស់ក្រុមជំនុំជម្រះ ហេតុនេះការសម្រេចឱ្យមានទោស ឬយ៉ាងណា គឺចាំមើលក្រោយពេលក្រុមជំនុំជម្រះសាកសួររួចរាល់សិន។
លោក សំ ទិត្យសីហា មេធាវីការពារក្តីឱ្យលោក ឆន ផល្លា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សាលាឧទ្ទរណ៍ខេត្តត្បូងឃ្មុំនឹងប្រកាសសាលដីកាលើករណីរបស់លោក ឆន ផល្លា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ខណៈលោកសង្ឃឹមថា តុលាការនឹងមិនពន្យារពេលនៃការប្រកាសសាលដីកាទៀតឡើយ។
មេធាវីរូបនេះយល់ថា ការចោទប្រកាន់ រួមទាំងការសម្រេចឃុំខ្លួនកូនក្តីរបស់លោក គឺអយុត្តិធម៌ និងមានភាពមិនប្រក្រតី។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំគិតថា រឿងហ្នឹងវាអយុត្តិធម៌សម្រាប់គាត់ ជាពិសេសទាក់ទងទៅនឹងបើយើងនិយាយពីគោលការណ៍ទទួលបានយុត្តិធម៌ វាអយុត្តិធម៌មែនទែន...»។
ចំណែកអ្នកស្រី ខាំ សាលុង ភរិយារបស់លោក ឆន ផល្លា លើកឡើងថា អ្នកស្រីមិនបានទៅសួរសុខទុក្ខស្វាមីរបស់អ្នកស្រីជាង១ខែហើយ ដោយសារតែមិនមានថវិកាដើម្បីធ្វើដំណើរ។ អ្នកស្រីថា គ្រួសារមានការលំបាកខ្លាំងក្រោយពីស្វាមីត្រូវបានចាប់ឃុំឃាំង ខណៈកូនទាំង៣នាក់មិនបានទៅសាលារៀននោះទេ ដោយសារបញ្ហាខ្វះថវិកា។
អ្នកស្រីចាត់ទុកការចោទប្រកាន់ក៏ដូចការឃុំខ្លួនស្វាមីរបស់អ្នកស្រីថា មិនត្រឹមត្រូវ និងអយុត្តិធម៌ ខណៈអំពាវនាវឱ្យមានការអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ឱ្យដោះលែងលោក ឆន ផល្លា ឱ្យមានសេរីភាពឡើងវិញ។
អ្នកស្រីថ្លែងថា៖ «អត់យុត្តិធម៌ទេ អត់យុត្តិធម៌ទេរឿងហ្នឹង ព្រោះគាត់ការពារព្រៃឈើ មែនទែនទៅ បែរជាចាប់គាត់ដាក់គុកដាក់ច្រវាក់។ អត់យុត្តិធម៌គេធ្វើអ៊ីចឹង»។
បើតាមហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាប្រឈមមុខនឹងអំពើហិង្សា និងការរើសអើងក៏ដោយ ក៏លោក ឆន ផល្លា នៅតែបន្តតស៊ូមតិដើម្បីសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច និងការការពារព្រៃឈើនៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ព័ត៌មាននៅលើហ្វេសប៊ុកឱ្យដឹងទៀតថា លោកបានចំណាយពេលជាង១០ឆ្នាំក្នុងការចងក្រងឯកសារពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន និងដាក់ពាក្យបណ្តឹងប្រឆាំងនឹងអាជ្ញាធរដែលខកខានមិនបានបំពេញកាតព្វកិច្ចការពារដីធ្លី ប៉ុន្តែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំក្រោមច្បាប់ស្តីពីព្រៃឈើ បន្ទាប់ពីលោកបដិសេធក្នុងការដកពាក្យបណ្តឹងប្រឆាំងមន្ត្រីចំនួន៧រូប៕