ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​របស់​អ.ស.ប.​ នឹង​ពិភាក្សា​លើ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា

រូបឯកសារ៖ អ្នកស្រី រ៉ូណា ស្មីត​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​ នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

នៅ​ពេល​ដែល​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន​ បាន​បន្ត​បង្ហាញ​ការ​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​ធ្លាក់​ចុះ​នូវ​ការ​​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​ មេដឹកនាំ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​កម្ពុជា​ គ្រោង​នឹង​ទៅ​ធ្វើ​សេចក្ដី​រាយការណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៩​​នេះ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​លោក​ ​កែវ រ៉េមី​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ទៅ​ធ្វើ​សេចក្ដី​រាយការណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​នៅ​ចុង​ខែ​មករា​នេះ។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​VOA​បាន​ទទួល​នៅ​ថ្ងៃ​សុក្រ​នេះ។​

សេចក្ដី​ប្រកាស​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​បញ្ជាក់​ឲ្យដឹង​ថា​ របាយការណ៍​នានា​របស់លោក កែវ រ៉េមី​ ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ នឹង​ត្រូវ​ពិនិត្យ​ដោយ​ក្រុម​ការងារ​ពិនិត្យ​របាយការណ៍​ជា​សកល​តាម​កាល​កំណត់​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជា​លើក​ទី​បី​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា​ ឆ្នាំ​២០១៩​ គឺ​ក្នុង​ថ្ងៃ​ដែល​លោក ​កែវ រ៉េមី ត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ទីក្រុង​ហ្សឺណែវ។​

សេចក្ដី​ប្រកាស​ដដែល​បាន​ឲ្យដឹង​ថា​ ការ​ពិនិត្យ​នឹង​ធ្វើ​ដោយ​ផ្អែក​លើ​កត្តា​បី​គឺ​១)​របាយការណ៍​ជាតិ​ ដែល​ជា​ព័ត៌មាន​ផ្ដល់​ឲ្យ​ដោយ​រដ្ឋ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ ​២) ព័ត៌មាន​ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍​របស់​អ្នក​ជំនាញ​ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ឯករាជ្យ​ ដែល​គេ​ស្គាល់​ថា​ ជា​នីតិវិធី​ពិសេស​ ស្ថាប័ន​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្សនិង​អង្គភាព​ដទៃ​ទៀត​របស់​អង្គការ​សហប្រជាជាតិ​ និង​៣)​ ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ រួម​ទាំង​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស​ អង្គការ​តំបន់​ និង​ក្រុម​សង្គម​ស៊ីវិល។​

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជានៅ​ថ្ងៃ​សុក្រ​នេះ​ ​តែ​ទូរស័ព្ទ​លោក​រោទ៍​គ្មាន​អ្នក​ទទួល។​

ការ​ឃ្លាំមើល​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ល្អក់កករ​ ដោយសារ​តែ​ការ​រឹតត្បិត​សេរីភាព​របស់​រដ្ឋាភិបាល​មក​លើ​ក្រុម​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល​ និង​ការ​ប្រើប្រាស់​ច្បាប់​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​និយាយ​ស្ដី ​កាន់តែ​រួញ​តូច​ទៅ​ តួយ៉ាង​ដូច​ជា​ច្បាប់​ហាម​មិនឲ្យ​មាក់ងាយ​អង្គ​ព្រះ​មហាក្សត្រ​ជាដើម។​

រដ្ឋាភិបាល​ខ្មែរ​ ​ក៏​ត្រូវ​គេ​ចោទ​ថា​ ​បាន​បង្កើន​ការ​គាប​សង្កត់​ក្រុម​គណបក្ស​ប្រឆាំង​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ និង​ការ​រៀបចំ​បោះឆ្នោត​មួយ​ដែល​បានជាន់​ឈ្លី​លើ​ឆន្ទៈ​របស់​ពលរដ្ឋ។​

ជាក់​ស្ដែង​ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ ​APHR ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​សេចក្ដី​ប្រកាស​ចុងក្រោយ​មួយថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ កាន់​តែ​អាក្រក់​ទៅ​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ។

​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​ត្រូវ​បាន​ហាម​ឃាត់​តាម​តែ​អំពើ​ចិត្ត មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ ដោយ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។

ការណ៍​នេះ​ បាន​បើកផ្លូវឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៨។

ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​ទូទៅ​ថា​ ​ជា​ការ​បោះ​ឆ្នោត​«ក្លែងក្លាយ»។​

រីឯ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human​ ​Rights​ ​Watch​ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​សរសេរ​ក្នុង​របាយការណ៍​ពិភព​លោក​ឆ្នាំ​២០១៩​ របស់​ខ្លួន​ថា​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក ហ៊ុន​ ​សែន​ បាន​ប្រើ​ការ​បង្ក្រាប​លើ​សិទ្ធិមនុស្ស​និង​ប្រើការ​បោះឆ្នោត​ក្លែងបន្លំ​ដើម្បី​ពង្រឹង​ការ​ក្ដាប់​អំណាច​របស់​លោក​តាម​ប្រព័ន្ធ​ឯក​បក្ស។​

​អាជ្ញាធរ​កម្ពុជា​ ​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ពុករលួយ​និង​បម្រើ​នយោបាយ​ធ្វើជា​អាវុធ​នយោបាយ​ដើម្បី​កាត់ទោស​អ្នក​គាំ​ទ្រ​សិទ្ធិ​មនុស្ស​និង​អ្នក​ដែល​មាន​ទស្សនៈ​ប្រឆាំង។ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិមនុស្ស​ដដែល។

​លោក​ ​Brad​ ​Adams​ ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ប្រចាំ​តំបន់​អាស៊ី​ ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ២០១៨​ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ប្រមាញ់​អ្នករិះគន់​ ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ និង​រៀបចំ​ការបោះឆ្នោត​ដែល​ធានា​ថា​ ​ការគ្រប់គ្រង​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ​ប្រាកដ​នឹង​បន្ត។​

​លោក​ ​Brad​ ​Adams​ បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ លោក​ ហ៊ុន ​សែន​ បាន​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១​ ​ដែល​មាន​គោលបំណង​បង្កើត​ឱ្យ​មាន​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​ខណៈ​ដែល​ហត្ថលេខី​ភាគច្រើន​របស់​កិច្ច​ព្រមព្រៀង​នេះ​ បាន​ងាក​មុខ​ចេញ​ធ្វើមិនដឹង។​

រូបឯកសារ៖​ លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​និង​សេរីភាព​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ដោយ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ច្បាប់​សហជីព​ ​រួម​ទាំង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​ដ៏​ដុនដាប​របស់​កម្ពុជា​យ៉ាង​ដូច្នេះ​ សហរដ្ឋអាមេរិក​ បាន​ជំរុញ​ឱ្យ​មានការ​កែ​លម្អ​សិទ្ធិមនុស្ស​តាមរយៈ​ច្បាប់​ ​Magnitsky​ ​សម្រាប់​ដាក់ទណ្ឌកម្ម​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប ​បាន​ធ្វើការ​ពិនិត្យ​មើល​ឡើងវិញ​ជា​ផ្លូវការ​នូវ​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​លើ​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ (Everything​ ​But​ ​Arms ឬEBA) ដែល​ឲ្យ​ប្រទេស​កម្ពុជា​រួចពី​ការ​បង់ពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ចិន​បាន​ដាក់​វិនិយោគ​ទុន​រាប់ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​មិន​គិត​ពី​សិទ្ធិមនុស្ស។​

​លោក Brad​ ​Adams​ ​បាន​និយាយ​ទៀត​ថា​ ​សហរដ្ឋអាមេរិក​និង​សហគមន៍​អឺរ៉ុប​ បាន​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​ប្រឆាំង​នឹង​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​ ​ដោយ​ដក​មូលនិធិ​គាំទ្រ​ការ​បោះឆ្នោត​ ​និង​មិន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​ ​ហើយ​ទីបំផុត​បាន​ដាក់ទណ្ឌកម្ម​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​រដ្ឋាភិបាល។​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេងទៀត​គួរតែ​ធ្វើតាម​ហើយ​ឲ្យ​លោក​ ហ៊ុន ​សែន ​ទទួលខុសត្រូវ​ចំពោះ​អំពើ​រំលោភ​បំពាន​របស់​លោក។

ចំណែក​អ្នកស្រី ​រ៉ូណា ស្មីត​ (Rhona Smith) ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​កត់សម្គាល់​នូវ​ការ​បន្ត​រំលោភ​សិទ្ធិ​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក កឹម សុខា​ និង​បញ្ហា​អយុត្តិធម៌​សង្គម​នានា​ ក្នុង​នោះ​គឺ​ការ​រំលោភ​សិទ្ធិ​ដីធ្លី។

ការ​កត់សម្គាល់​របស់​អ្នកស្រី ​ស្មីត ​នេះ កើតមាន​ឡើង​ ក្រោយ​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មួយ​របស់​អ្នកស្រី​នៅ​កម្ពុជា​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​កន្លង​ទៅ។

យ៉ាងណាក៏ដោយ​ លោក​ កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ធ្លាប់​បាន​បញ្ជាក់​ ​ថា រដ្ឋាភិបាល​កម្ពុជា​ មិន​អាច​ទុក​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​មក​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ច​អភិវឌ្ឍន៍​សង្គម​នោះ​ទេ។ ​

លោក​ថា​ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​មួយ​ភាគ​ធំ​ រដ្ឋាភិបាល​ត្រូវ​ហ៊ាន ​អារ​កាត់​ចំណែក​រាំង​ស្ទះ​ណា​មួយ។​ ការ​ថ្លែង​របស់​លោក​នេះ ធ្វើ​ឡើង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ជាង​៤០​ភាគ​រយ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧៕