អ្នក​ជំនាញ​អសប​អំពាវ​នាវ​ឲ្យ​ប្រទេស​ឡាវ​បង្កើន​ការ​គាំ​ទ្រ​សម្រាប់​កុមារ​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ

  • Ron Corben

លោក​ស្រី​ Maud De Boer-Buquicchio​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ និង​ការ​ជួញ​ដូរ​កុមារ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្លឹប​កាសែត​ជាតិ​ជប៉ុន នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ម្នាក់​ទទួល​បន្ទុក​រឿង​កេង​ប្រវ័ញ្ច​ និង​ការ​ជួញ​ដូរ​កុមារ​ កំពុង​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ឡាវ​បង្កើន​ការ​គាំទ្រ​សុខុមាលភាព​សម្រាប់​កុមារ​រង​គ្រោះ​ និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​កុមារ។​

លោក​ស្រី​ Maud De Boer-Buquicchio​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ និង​ការ​ជួញ​ដូរ​កុមារ​ម្នាក់​ បាន​អំពាវ​នាវ​បែប​នេះ​ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ បន្ទាប់​ពី​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​លោក​ស្រី​ ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​ឡាវ​កំពុង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ និង​យុទ្ធនាការ​នានា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​ និង​ជួញដូរ​កុមារ។

លោក​ស្រី​ Maud De Boer-Buquicchio​ បាន​គាំ​ទ្រ​វិធានការ​នានា​របស់​ក្រសួង​ការ​ងារ​ និង​សន្តិសុខ​សង្គម​របស់​ប្រទេស​ឡាវ​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​អង្គការ​ UNICEF​ និង​ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​នានា​ ដើម្បី​បង្កើត​បណ្តាញ​ការពារ​កុមារ​នៅ​តាម​ភូមិ​ និង​ ស្រុក​នានា។​ ក៏ប៉ុន្តែ​ លោក​ស្រី​បាន​និយាយ​ថា​ បណ្តាញ​ទាំង​នេះ​នៅ​តែ​មាន​លក្ខណៈ​រាយ​ប៉ាយ​ ហើយ​ពឹង​ផ្អែក​លើ​អ្នក​ស្ម័គ្រ​ចិត្ត។

លោក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ក្នុង​ការ​កំណត់​ និង​ បង្ការ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កម្រិត​ខ្ពស់​ទៅ​លើ​ក្មេង​ស្រី​ និង​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​ទៅ​លើ​ក្មេង​ប្រុស។

លោក​ស្រី De Boer-Buquicchio​ បាន​ប្រាប់​ VOA ​ថា​ «ផ្អែក​លើ​បទ​សម្ភាសន៍​នានា​របស់​ខ្ញុំ​ ជាមួយ​នឹង​ជន​រង​គ្រោះ​ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ការ​ពារ​កុមារ​ និង​អ្នក​ដែល​មាន​ភស្តុតាង​ ខ្ញុំ​អាច​និយាយ​ថា​ មាន​បញ្ហា​ច្រើន​ណាស់​នៅ​គ្រប់​វិស័យ​នៃ​ការ​ជួញ​ដូរ​កុមារ»។

ប្រទេស​ឡាវ​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​២​ក្នុង​លក្ខខណ្ឌ​តាម​ឃ្លាំ​មើល​របស់​សហរដ្ឋ​អាមេរិក​ នៃ​ការ​តាម​ដាន​និង​ប្រឆាំង​ការជួញ​ដូរ​មនុស្ស។ បើ​ទោះ​ជា​ប្រទេស​ឡាវ​មិន​បាន​សម្រេច​នូវ​ស្តង់ដា​កម្រិត​អប្បបរិមា​ក្នុង​ការ​កាត់​បន្ថយ​ការជួញដូរ​មនុស្ស​ក៏​ដោយ​ ក៏​ប្រទេស​នេះ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

រដ្ឋាភិបាល​ប្រទេស​ឡាវ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​សម្រាប់​សេចក្តី​រាយការ​នេះ​ទេ​ ប៉ុន្តែ​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​អំពី​ការ​ជូញ​ដូរ​មនុស្ស​ស្តី​ពី​ប្រទេស​ឡាវ​សម្រាប់​ឆ្នាំ​២០១៧​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើ​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​ឡាវ​ដែល​មាន​លក្ខណៈ​តិច​តួច​ និង​ការ​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឆ្នាំ​២០១៥​ និង​ ការ​ចាប់​ខ្លួន​ហើយ​ផ្តន្ទាទោស​ទៅ​លើ​ឈ្មួញ​ជួញ​ដូរ​មនុស្ស​ប៉ុន្មាន​នាក់។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ឡាវ​បាន​ផ្តោត​ទៅ​លើ​វិធាន​ការ​បង្ការ​ ដោយ​បង្កើន​កម្មវិធី​យល់​ដឹង​ពី​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ តាម​រយៈ​បណ្តាញ​សារ​ព័ត៌មាន​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ និង​ទំនាក់​ទំនង​ជាមួយ​នឹង​មេ​ដឹកនាំ​តាម​ខេត្ត និង​ សមាជិក​សហគមន៍​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ជួញ​ដូរ​មនុស្ស។

លោក​ស្រី​ De Boer-Buquicchio​ បាន​និយាយ​ថា​ ការ​អញ្ជើញ​លោក​ស្រី​ឲ្យ​ធ្វើ​ទស្សនកិច្ច​ និង​ស៊ើប​អង្កេត​នៅ​ប្រទេស​ឡាវ​ បាន​បង្ហាញ​ពី​សញ្ញាណ​ក្នុង​ការ​បើក​ចំហ​ និង​ ការ​បង្កើត​ទំនាក់​ទំនង​ឲ្យ​បាន​កាន់​តែ​ច្រើន​ជា​មួយ​នឹង​សហគមន៍​អន្តរជាតិ។​ លោក​ស្រី​បាន​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា​ ទាំង​នេះ​ជា​ដំណើការ​ដែល​ផ្តល់​ផល​វិជ្ជមាន​យ៉ាង ខ្លាំង»។

ក្រុម​អ្នក​គាំ​ទ្រ​សិទ្ធិ​កុមារ​បាន​និយាយ​ថា​ ប្រទេស​ឡាវ​គឺ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​ជួញដូរ​កុមារ​ ជា​ពិសេស​ការ​បញ្ចូន​កុមារ​ទៅ​ប្រទេស​ជិតខាង​គឺ​ប្រទេស​ថៃ​ ដើម្បី​ធ្វើការ​នៅ​តាម​ភោជនីយដ្ឋាន​ បារ​ និង​ ឧស្សាហកម្ម​ផ្លូវ​ភេទ។

ប៉ុន្តែ​ លោក​ស្រី De Boer-Buquicchio​ បាន​និយាយ​ថា​ ការ​ស៊ើប​អង្កើត​របស់​លោក​ស្រី​ក៏​បានចង្អុល​បង្ហាញ​ ពី​ការ​រំលោភ​បំពាន​ទៅលើ​កុមារ​តាម​រយៈ​ការ​ជួញ​ដូរ​កុមារ​នៅ​ក្នុង​ប្រទេស​ឡាវ​ផ្ទាល់​ និង​ ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​នៅ​ក្នុង​ទី​ក្រុង​ធំ​ៗ​ និង​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ទូទាំង​ប្រទេស​ឡាវ។

តំបន់​សេដ្ឋ​កិច្ច​ពិសេស​ទាំង​នេះ​ បាន​ទាក់​ទាញ​ការ​វិនិយោគទុន​ពី​បរទេស​ ជា​ពិសេស​ពី​ប្រទេស​ចិន​ និង​ពី​តំបន់​ក្បែរ​ព្រំដែន​ប្រទេស​ចិន​ដែល​ល្បី​ពី​កាស៊ីណូ​ ការ​លាង​លុយ​កខ្វក់​ ពេស្បាចារ​ និង​ ល្បែង​ស៊ីសង។

លោក​ស្រី​បាន​បន្ថែម​ថា​ កុមារ​បាន​ក្លាយ​ទៅ​ជា​ប្រភព​នៃ​កូន​ក្រមុំ​ក្មេង ​សម្រាប់​ពាណិជ្ជករ​ចិន​នៅ​ប្រទេស​ឡាវ។

លោក​ស្រី​ De Boer-Buquicchio​ បាន​ថ្លែង​ថា៖

«នៅ​ពេល​យើង​និយាយ​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ប្រទេស​ យើង​គួរ​ដឹង​ថា​មាន​ករណី​មួយ​ចំនួន​ ពី​អាពាហ៍ពិពាហ៍​កុមារ​ទាំង​បង្ខំ​ជាមួយ​នឹង​ពាណិជ្ជករ​ ជា​ពិសេសពាណិជ្ជករ​ចិន ដោយ​ក្រុម​គ្រួសារ​របស់​កុមារ​ទាំង​នោះ​បាន​ដឹង​ឭ ឬ​ក៏​មិន​បាន​ដឹង​លឺ​ក៏​ដោយ​ ដែល​ករណី​ទាំង​នេះ​កើត​ឡើង​នៅ​ផ្នែក​ខាង​ជើង​នៃ​ប្រទេស»។

ប្រ​ទេស​ឡាវ​នៅ​តែ​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ឯទៀត​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​មនុស្ស​ជំទង់​ជា​ញឹក​ញាប់​មាន​កាតព្វកិច្ច​ជួយ​ទ្រទ្រង់​គ្រួសារ​របស់​ពួក​គេ​តាម​រយៈ​ការ​ធ្វើការ​ ឬ​ រៀប​ការ​ដើម្បី​ទទួល​បាន​ចំណង​ដៃ។

លោក​ស្រី​ De Boer-Buquicchio​ បាន​និយាយ​ថា​ កុមារ​អាច​មាន​អាយុ​ក្មេង​ៗ​ត្រឹម​១១​ឆ្នាំ​ជា​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​ និង​ អាពាហ៍ពិពាហ៍​កុមារ​ ធ្វើ​ឲ្យ​អាយុ​របស់​ជន​រង​គ្រោះ​កាន់​តែ​ក្មេង​ជាង​កាល​ពី​មុន។

លោក​ស្រី​បាន​បន្ត​ថា៖

«បច្ចុប្បន្ន​ កុមារ​ជន​រង​គ្រោះ​កាន់​តែ​ក្មេង​ជាង​មុន​ ដូច្នេះ​បើ​ទោះ​ជា​ករណី​ជួញ​ដូរ​ឆ្លង​ប្រទេស​មាន​ការ​ថយចុះ​ ប៉ុន្តែ​អាយុ​នៃ​ជន​រង​គ្រោះ​មាន​អាយុ​កាន់​តែ​ក្មេង​ជាង​កាល​ពី​មុន។ ហើយ​នេះ​គឺ​ជា​និន្នាការ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ»។

របាយការណ៍​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ក៏​បាន​ព្រមាន​ថា​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​ដោយ​អ្នក​ទេសចរ​ ពី​ចក្រភព​អង់​គ្លេស​ ប្រទេស​អូស្ត្រាលី​ និង​សហរដ្ឋ​អាមេរិក​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​ដើម្បី​សំដៅ​ទៅ​រក​កុមារ។

ការ​ជួញ​ដូរ​កុមារ​ពី​ប្រទេស​ឡាវ​ បាន​ផ្តោត​សំខាន់​ទៅ​លើ​ប្រទេស​ជិត​ខាង​គឺ​ប្រទេស​ថៃ​ ដោយ​សារ​មួយ​ផ្នែក​នៃ​ចំណង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ។

ប្រទេស​ថៃ​ និង​ ប្រទេស​ឡាវ​បាន​ស្វែង​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ទាំង​នេះ​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ និង​អនុស្សរណៈ​យោគយល់​នានា។​ ប៉ុន្តែ​លោក​ស្រី​ De Boer-Buquicchio​ បាន​ថ្លែង​ថា​វិធានការ​ទាំង​នេះ​នៅ​តែ​មាន​ការ​ខ្វះ​ខាត។

លោក​ស្រី​បាន​ថ្លែង​ថា៖

«ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ត្រូវ​បាន​អនុម័ត​ហើយ។ អនុស្សារណៈ​យោគ​យល់​ក៏​មាន​ហើយ​ ប៉ុន្តែ​ការ​អនុវត្តន៍​ច្បាប់​ និង​ប្រសិទ្ធិ​ភាព​នៃ​វិធានការ​បង្ការ​ និង​ ជំនួយ​ពិសេស​គឺ​មិន​ទាន់​មាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ»។

លោក​ស្រី​បាន​បន្ថែម​ថា​ កុមារ​ដែល​រំពឹង​ទុក​ថា​នឹង​ធ្វើ​ការ​នៅ​តាម​ភោជនីយដ្ឋាន​ និង​គេហដ្ឋាន​ ​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ពួក​គេ​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​ថៃ​ឡើយ។

លោក​ស្រី​បាន​ថ្លែង​ថា៖

«ឈ្មួញ​ជួញ​ដូរ​មនុស្ស​ដឹង​ថា​ កុមារ​មិន​មាន​ការ​គាំ​ពារ​ទេ​ នៅ​ក្នុង​ន័យ​ដែល​ពួក​គេ​មិន​ដឹង​ពី​បែប​បទ​ក្នុង​ការ​ឆ្លង​ដែន​ ហើយ​ជា​ការ​ពិត​ដែល​ពួក​គេ​មិន​បាន​ទៅ​យក​ឯកសារ​សម្គាល់​អត្តសញ្ញាណ​នានា​ទេ​ ដូច្នេះ​ចំណុច​នេះ​ហើយ​ កុមារ​ទាំង​នេះ​ងាយ​នឹង​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​ណាស់​ ពួក​គេ​ងាយ​នឹង​ចាញ់​ការ​បញ្ឆោត»។

នៅ​ប្រទេស​ថៃ​ អាជ្ញាធរ​ឃាត់​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ រួម​ទាំង​កុមារ​ ក្នុង​អំឡុង​ការ​ចុះ​ឆែក​ឆេរ​នៅ​តាម​ភោជនីយ​ដ្ឋាន​ និង​ ផ្ទះ​បន​ ដោយ​ឃាត់​ខ្លួន​ពួក​គេ​នៅ​មន្ទីរ​ឃុំ​ឃាំង​ជន​អន្តោប្រវេសន៍​ មុន​ពេល​បញ្ចូន​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ឡាវ​វិញ។

លោក​ស្រី​ De Boer-Buquicchio​ បាន​និយាយ​ថា​ កម្មវិធី​មាតុភូមិនិវត្តន៍​នានា​ គឺ​មិន​គ្រប់​គ្រាន់​ដើម្បី​ការពារ​ និង​ គាំ​ទ្រ​កុមារ​ទេ។

លោក​ស្រី​បាន​ថ្លែង​ថា៖

«ពេល​យើង​និយាយ​ពី​ការ​ធ្វើមាតុភូមិ​និវត្តន៍​ មាន​ចន្លោះ​ខ្វះខាត​ធំៗ​អំ​ពី​ជំនួយ។ នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ឡាវ​វិញ​ ជា​ថ្មី​ម្តង​ទៀត​ កុមារ​មិន​ដឹង​ថា​ទៅ​រក​ជំនួយ​ពី​អ្នក​ណា​ មិន​ដឹង​ពី​សិទ្ធិ​របស់​ពួក​គេ​ ពេល​ខ្លះ​មាន​អំពើ​ពុក​រលួយ​នៅ​តាម​ព្រំដែន​ទៀត​ផង​ ដូច្នេះ​ហើយ​ការ​ជួប​ជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ​ គឺ​មាន​បញ្ហា​ច្រើន​ណាស់»។

ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រទេស​ថៃ​អំពី​ការ​ជួញ​ដូរ​មនុស្ស​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ លោក​ Khamkhane Phinsavanh​ ប្រធាន​ក្រសួង​ការ​ងារ​ និង​សន្តិសុខ​សង្គម​របស់​ប្រទេស​ឡាវ​ បាន​សន្យា​ថា​នឹង​តាម​មើល​ជន​រង​គ្រោះ​ទាំង​នោះ​ដែល​ត្រូវ​បាន​បញ្ចូន​ត្រឡប់​មក​ប្រទេស​ឡាវ​វិញ​ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ត្រឡប់​មក​រួម​រស់​ក្នុង​សង្គម​ជា​ធម្មតា​វិញ​ និង​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង