ការព្យាករណ៍សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិបានលើកឡើងពីសង្គ្រាម ពាណិជ្ជកម្មធ្លាក់ចុះ អត្រាការប្រាក់ខ្ពស់ និងគ្រោះមហន្តរាយអាកាសធាតុ

រូបឯកសារ៖ ទិដ្ឋភាព​​ផ្សារ​ទំនើប​មួយ​កន្លែង​និង​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ការ​បាញ់​មីស៊ីល​នៅ​ក្រុង Horlivka របស់​អ៊ុយក្រែន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ — នៅក្នុង​របាយការណ៍​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខ្លួន អង្គការ​សហប្រជាជាតិ​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​មក​ត្រឹម ២,៤% នៅ​ឆ្នាំ​ ២០២៤ ​នេះ ដោយ​ធ្លាក់​ចុះ​ពី​ចំនួន​ប៉ាន់ស្មាន ២,៧% កាលពី​ក្នុង​ឆ្នាំ ២០២៣ ដែល​ចំនួន​ធ្លាក់​ចុះ​នេះ គឺ​លើស​ពី​ការរំពឹង​ទុក។ ក៏ប៉ុន្តែ របាយការណ៍​បាន​និយាយ​ថា តួលេខ​ទាំងពីរ​នេះ​នៅតែ​ទាប​ជាង​អត្រា​កំណើន ៣% ដែល​មាន​នៅ​មុន​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩ ​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០។

ការព្យាករ​របស់​អង្គការ​សហប្រជាជាតិ​គឺ​ទាប​ជាងការព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ខែតុលា និង​អង្គការ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅ​កាត់​ថា OECD កាលពី​ចុង​ខែវិច្ឆិកា ឆ្នាំ​មុន។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​និយាយ​ថា ខ្លួន​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​ពី​ចំនួន​ដែល​បាន​រំពឹង​ទុក គឺ​ ៣% ក្នុង​ឆ្នាំ ២០២៣ មក​នៅ​ត្រឹម ២,៩% ក្នុង​ឆ្នាំ ២០២៤។ អង្គការ OECD ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ដែល​មាន​ប្រទេស​អភិវឌ្ឍន៍ចំនួន​ ៣៨ ​ជា​សមាជិក បាន​ប៉ាន់ប្រមាណ​ថា កំណើន​ជា​អន្តរជាតិ​ក៏​នឹង​ថយចុះ​ផងដែរ ពី​ចំនួន​ដែល​រំពឹង​ទុក គឺ​ពី​ ២,៩% ក្នុង​ឆ្នាំ ២០២៣ មក​នៅ​ត្រឹម ២,៧% ក្នុង​ឆ្នាំ ​២០២៤។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ចំណងជើង​ថា ‍«ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​ទស្សនវិស័យ​ឆ្នាំ ២០២៤‍» នេះ បាន​ព្រមាន​ថា ទស្សនវិស័យ​លក្ខខណ្ឌ​ឥណទាន​កាន់តែ​តឹងរ៉ឹង​រយៈពេល​យូរ និង​ការចំណាយ​លើ​ការខ្ចី​ប្រាក់ សុទ្ធសឹងតែ​ជាបញ្ហា​សម្រាប់សេដ្ឋកិច្ច​ពិភពលោក​ដែល​ជាប់​ជំពាក់​បំណុល ជាពិសេស​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ៏​ក្រីក្រ ហើយ​នឹង​ប្រទេស​ដែល​ត្រូវការ​ការវិនិយោគ​ដើម្បី​ស្តារ​ការលូតលាស់​ឡើងវិញ។

លោក Shantanu Mukherjee នាយក​ផ្នែក​វិភាគ​សេដ្ឋកិច្ច និង​គោលនយោបាយ​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា ការភ័យខ្លាច​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២៣ ត្រូវបាន​បញ្ចៀសជាចម្បង​ដោយសារតែ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅក្នុង​ពិភពលោក បាន​ទប់ស្កាត់​អតិផរណា​ខ្ពស់​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ល្បឿន​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ លោក​បាន​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​ដែល​ចេញ​ផ្សាយរបាយការណ៍​នេះ​ថា៖ «យើង​នៅ​តែ​មិន​ទាន់​ចេញផុត​ពី​ស្ថានភាពគ្រោះថ្នាក់​នៅ​ឡើយ​ទេ»។

លោក Mukherjee បាន​និយាយ​ថា នោះ​គឺ​ដោយ​សារ​តែ​ស្ថានការណ៍​ដែល​នៅ​មិន​ទាន់ដោះស្រាយ​បាន​នៅ​ឡើយ​នៅ​ក្នុង​ពិភពលោក អាច​ជំរុញ​ឱ្យ​មាន​អតិផរណា​កាន់តែ​ខ្លាំងឡើង។ លោក​បាន​និយាយ​ថា ជា​ឧទាហរណ៍ ការបន្ទុចបង្អាក់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​កើត​ឡើង​ភ្លាមៗ​ទៀត ឬ​បញ្ហា​នៃ​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់ ឬ​ការចែកចាយ​ប្រេង​ឥន្ធនៈ​ជាដើម អាច​ជំរុញ​ឱ្យ​មាន​ការដំឡើង​អត្រា​ការប្រាក់​ទៀត ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការលំបាក​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍។

យោង​តាម​របាយការណ៍​អតិផរណា​ពិភពលោក​ដែល​មាន​កម្រិត ៨,១% ក្នុង​ឆ្នាំ​ ២០២២​ នោះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​បាន​ធ្លាក់ចុះ​មក​ត្រឹម ៥,៧% ក្នុង​ឆ្នាំ ២០២៣ ហើយ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​បន្ថែម​ទៀត​ដល់​កម្រិត ៣,៩% នៅក្នុង​ឆ្នាំ ២០២៣​ ដដែល​នោះ។ ក៏ប៉ុន្តែ នៅក្នុង​ប្រហែល​មួយ​ភាគបួន​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់ អតិផរណា​ប្រចាំឆ្នាំ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​លើស​ពី ១០% នៅ​ឆ្នាំ​នេះ។

រូបឯកសារ៖ មនុស្ស​ដើរ​កាត់​ហាង​ Starbucks នៅ​ខាងក្រៅផ្សារ​ទំនើប​មួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

រូបឯកសារ៖ ស្ត្រីម្នាក់​ទូល​បន្លែ​ដើរ​កាត់​ក្នុង​ផ្សារលក់​បោះដុំ​បន្លែ Da Nyin Gone នៅទីក្រុង​រ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ខណៈពេល​ដែល​សេដ្ឋកិច្ច​អាមេរិក​មាន​ដំណើរការ​«ល្អ​គួរឱ្យ​កត់សម្គាល់‍» ក្នុង​ឆ្នាំ ២០២៣ របាយការណ៍​នេះ​បាន​និយាយ​ថា កំណើន​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ពី​ការប៉ាន់ស្មាន​ គឺ​ពី​ចំនួន ២,៥% ក្នុង​ឆ្នាំ ២០២៣ មក​ត្រឹម ១,៤% នៅ​ឆ្នាំ​នេះ។

របាយការណ៍​នេះ​បាន​និយាយ​ថា ដោយ​អតិផរណា​កើន​ឡើង​ និង​អត្រា​ការប្រាក់​ខ្ពស់ អឺរ៉ុប​ប្រឈមមុខ​នឹង​«ទស្សនវិស័យ​សេដ្ឋកិច្ច​ដ៏​លំបាក‍»។

ផលិតផល​ក្នុង​ស្រុក​សរុប​នៅក្នុង​សហភាព​អឺរ៉ុប​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ពី ០,៥% ក្នុង​ឆ្នាំ ២០២៣ ដល់ ១,២% ក្នុង​ឆ្នាំ ២០២៤ ដោយ​ការកើនឡើង​នេះបណ្តាល​មក​ពី​«ការចំណាយ​របស់​អ្នកប្រើប្រាស់​កើនឡើង​ដោយសារ​ការឡើង​ថ្លៃ​នៃ​ទំនិញ​ទូទៅ​ហាក់​នៅ​ទ្រឹង ប្រាក់ឈ្នួល​កើនឡើង និង​ទីផ្សារ​ការងារ​នៅតែ​មាន​ភាព​រឹងមាំ‍»។

នៅក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​នៅក្នុង​ពិភពលោក អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ការងើប​ឡើងវិញ​ពី​ការ​បិទ​ប្រទេស​ក្នុង​អំឡុងពេល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នោះ មាន​ភាពយឺតយ៉ាវ​ជាង​ការរំពឹងទុក «ចំ​ពេល​មាន​បញ្ហា​ទាំង​នៅក្នុង​ប្រទេសនិង​អន្តរជាតិ‍»។

របាយការណ៍​បាន​និយាយ​ថា ដោយ​កំណើន​សេដ្ឋកិច្ច​មាន​ត្រឹមតែ ៣,០% ក្នុង​ឆ្នាំ ២០២២ ប្រទេស​ចិន​បាន​ប្រឹងប្រែង​ក្នុង​អំឡុង​ឆមាស​ទីពីរ​នៃ​ឆ្នាំ ២០២៣ ដោយ​ធ្វើឱ្យ​អត្រា​កំណើន​ឈាន​ដល់ ៥,៣%។ ក៏ប៉ុន្តែ របាយការណ៍​នេះ​ក៏​បាន​និយាយ​ដែរ​ថា ដោយ​ទាំង​វិស័យ​អចលនទ្រព្យ​ទន់ខ្សោយ និង​ការធ្លាក់ចុះ​នៃ​តម្រូវការ​ពី​ក្រៅ​ប្រទេស​សម្រាប់​ផលិតផល​របស់​ចិន នឹងធ្វើឱ្យ​កំណើន​ចុះថយ​បន្តិច មកនៅ ៤,៧% នៅ​ឆ្នាំ ២០២៤ នេះ។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា រីឯ​នៅក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​វិញ កំណើន​សេដ្ឋកិច្ច​នៅក្នុង​ទ្វីប​អាហ្រ្វិក​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​នៅតែ​ខ្សោយ​ដោយ​មាន​ការកើនឡើង​បន្តិច​ពី​ជា​មធ្យម ៣,៣% ក្នុង​ឆ្នាំ ២០២៣ ដល់ ៣,៥% ក្នុង​ឆ្នាំ ២០២៤។

អង្គការ​សហប្រជាជាតិ​ព្យាករ​ពី​ការឱនថយ​ជា​មធ្យម​នៃ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាងកើត​ពី ៤,៩% ក្នុង​ឆ្នាំ ២០២៣ មក​នៅ ៤,៦% ក្នុង​ឆ្នាំ ២០២៤។ នៅ​អាស៊ី​ខាងលិច ផលិតផល​ក្នុង​ស្រុក​សរុប​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ដល់ ២,៩% នៅ​ឆ្នាំ ២០២៤ ពី​ចំនួន ១,៧% ក្នុង​ឆ្នាំ ២០២៣។

នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​វិញ ផលិតផល​ក្នុង​ស្រុក​សរុប​ត្រូវបាន​ប៉ាន់ប្រមាណ​ថា កើនឡើង​ ៥,៣% នៅ​ឆ្នាំមុន ហើយ​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៥,២% ទៀត​នៅ​ឆ្នាំ ២០២៤​ នេះ។ ការកើន​ឡើង​នេះ​«ដោយសារ​ការពង្រីក​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​នៅតែ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លូតលាស់​លឿន​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក‍»។ កំណើន​របស់​ប្រទេស​នេះ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ឈាន​ដល់​៦,២% ​នៅ​ឆ្នាំ​នេះ ស្រដៀង​នឹង​កំណើន​ ៦,៣% ដែល​ត្រូវ​បាន​គេព្យាករ​ក្នុង​ឆ្នាំ​ ២០២៣៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់