គោលនយោបាយជនភៀសខ្លួនរបស់ប្រទេសអូស្ត្រាលីត្រូវបានថ្កោលទោសដោយស្ថាប័នសិទ្ធិមនុស្សចម្បងមួយរបស់អង្គការសហប្រជាជាតិ។ ការរិះគន់នេះកើតមានឡើងនៅពេលក្រុមមន្រ្តីនិយាយថា ចលាចលហិង្សានៅមជ្ឈមណ្ឌលមួយសម្រាប់ជនទេសន្តរប្រវេសន៍លើកោះ Christmas កំពុងត្រូវបានបង្រ្កាប។
អូស្ត្រាលីឃុំខ្លួនដោយស្វ័យប្រវត្តិនូវជនស្វែងរកសិទ្ធិជ្រកកោនដែលចូលទៅក្នុងប្រទេសដោយគ្មានទិដ្ឋាការ។ អ្នកជាប់ឃុំរាប់រយនាក់ត្រូវបានបញ្ជូនទៅជំរំដ៏ឆ្ងាយនៅមហាសមុទ្រ ប៉ាស៊ីហ្វិកខាងត្បូងនៅក្នុងប្រទេស Papua New Guinea និងណូរូ (Nauru)។
ក្នុងសវនាការមួយនៅទីក្រុងហ្សឺណែវ ប្រទេសច្រើនជាង១០០បានបញេ្ចញមតិប្រឆាំងនឹងគោលនយោបាយជនភៀសខ្លួនរបស់អូស្រ្តាលី។ ប្រទេសជាច្រើនបានទាមទារឲ្យរដ្ឋាភិបាលក្រុងកង់បេរ៉ា (Canberra) បញ្ឈប់ការឃុំខ្លួនកុមារ និងការបញ្ជូនទៅជាយសមុទ្រ។
លោកស្រី Divya Khosla ដែលជាអ្នកតំណាងសហរដ្ឋអាមេរិកម្នាក់បាននិយាយថា អូស្រ្តាលីត្រូវតែធានាថា អ្នកជាប់ឃុំទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នា។
«យើងលើកទឹកចិត្តឲ្យប្រទេសអូស្រ្តាលីធានាថា មានការយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ និងការគោរពសិទ្ធិមនុស្សផ្សេងៗសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោននានា រួមមានអ្នកដែលត្រូវបានបញ្ជូនទៅជាយសមុទ្រក្នុងប្រទេស Papua New Guinea និងប្រទេសណូរូ»។
ប៉ុន្តែមន្រ្តីអូស្ត្រាលី លោក Steve McGlyn បានប្រាប់សវនាការថា គោលនយោបាយជាច្រើនបានការពារអ្នកស្វែងរកសិទ្ធិជ្រកកោនមិនឲ្យប្រថុយជីវិតរបស់ពួកគេលើសមុទ្រដោយព្យាយាមទៅអូស្រ្តាលីតាមទូក និងដាក់សម្ពាធលើបណ្តាញក្រុមជួញដូរមនុស្ស។
លោកនិយាយថា «គោលនយោបាយព្រំដែនរបស់អូស្រ្តាលីបានទទួលជោគជ័យក្នុងការបង្រ្កាបការជួញដូរមនុស្សដោយជនខិលខូច ហើយថែមទាំងបានសង្រ្គោះជីវិតមនុស្សរាប់មិនអស់នៅដែនសមុទ្រ។ ការថយចុះយ៉ាងច្រើនជាបន្តបន្ទាប់ និងប្រកបដោយចីរភាពនៃការធ្វើដំណើរយ៉ាងប្រថុយប្រថាននៅតាមដែនសមុទ្រ ដែលជាលទ្ធផលនៃវិធីសាស្រ្តគ្រប់គ្រងទេសន្តរប្រវេសន៍របស់ប្រទេសអូស្រា្តលី បានធ្វើឲ្យប្រទេសនេះអាចធ្វើការតាំងទីលំនៅដល់ជនភៀសខ្លួនបានច្រើនជាងមុនសម្រាប់កម្មវិធីមនុស្សធម៌នានា»។
នៅមណ្ឌលឃុំខ្លួនលើកោះ Christmas អាជ្ញាធរជាច្រើននិយាយថា ចលាចលដែលបានកើតឡើងនៅថ្ងៃទី០៨ វិច្ឆិកាបានបញ្ចប់ហើយ។
ចលាចលទាំងនោះត្រូវបានបង្កឡើង នៅពេលអ្នកទោសអំបូរ Kurd កាត់អ៊ីរ៉ង់ម្នាក់ ដែលបានរត់ចេញពីជំរំត្រូវបានប្រទះឃើញថា បានស្លាប់នៅខាងក្រៅជំរំ។ អ្នកទោសជាច្រើនបានដុតភ្លើង និងឃុំខ្លួនឯងក្នុងបរិវេណជំរំ ដោយមានប្រដាប់អាវុធនឹងខ្លួន។ ក្រុមមន្រ្តីនិយាយថា ភាពស្ងប់ស្ងាត់ត្រូវបានត្រឡប់មកសភាពដើមវិញ បន្ទាប់ពីមានការចរចាផ្សេងៗជាមួយនឹងអ្នកជាប់ឃុំទាំងនោះ។
កោះ Christmas ស្ថិតនៅប្រហែល២.៥០០គីឡូម៉ែត្រ ប៉ែកពាយព្យនៃទីក្រុង Perth របស់ប្រទេសអូស្រ្តាលី និង៣៨០គីឡូម៉ែត្រខាងជើងកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ី៕
ប្រែសម្រួលដោយ ទុំ ម្លិះ