ការសិក្សាថ្មីមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបរាប់យ៉ាងលម្អិតអំពីរបៀបដែលប្រទេសកូរ៉េខាងជើងបានគេចពីទណ្ឌកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ការសិក្សានេះត្រូវបានធ្វើឡើង ខណៈដែលក្រុមប្រឹក្សាអ.ស.បត្រៀមបោះឆ្នោតសម្រេចលើទណ្ឌកម្មថ្មីៗទៀត ប្រឆាំងរបបផ្តាច់ការដ៏សម្ងាត់នោះ។
ការសិក្សានេះ ដែលធ្វើឡើងដោយក្រុមអ្នកជំនាញការអ.ស.បមួយក្រុម ដែលឃ្លាំមើលការរំលោភទណ្ឌកម្មដែលបានដាក់ទៅលើប្រទេសកូរ៉េខាងជើងនោះ បានទទួលស្គាល់ថា ការពង្រឹងវិធានការណ៍កាន់តែខ្លាំងក្លាឡើងរបស់អ.ស.បចំនួន៤លើក ដែលបានដាក់លើប្រទេសកូរ៉េខាងជើងតាំងពីឆ្នាំ២០០៦មកនោះបានបរាជ័យ ដោយមិនបានធ្វើឲ្យរដ្ឋាភិបាលលោក គឹម ជុងអ៊ុន(Kim Jong Un ) បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនិងគ្រាប់កាំជ្រួចផ្លោងរបស់ខ្លួនទេ។
ដោយពិចារណាអំពីការសាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់បង្ហោះផ្កាយរណបកាលពីពេលកន្លងទៅថ្មីៗនេះ និងភាពរឹងរូសរបស់កូរ៉េខាងជើងដែលថា ខ្លួនត្រូវការកម្មវិធីនុយក្លេអ៊ែរនេះដើម្បីទប់ទល់នឹងការគំរាមកំហែងពីសហរដ្ឋអាមេរិកនោះ របាយការណ៍នៃការសិក្សាថ្មីនេះ បានឲ្យដឹងថា «មានសំណួរដ៏ម៉ត់ចត់បានចោទឡើងអំពីភាពសក្ដិសិទ្ធិនៃវិធានការណ៍ដាក់ទណ្ឌកម្មរបស់អ.ស.បបច្ចុប្បន្ននេះ»។
របាយការណ៍របស់អ.ស.បក៏បានកត់ត្រាករណីមួយចំនួនដែលប្រទេសកូរ៉េខាងជើង បានគេចពីទណ្ឌកម្មនានា ហើយការសិក្សាថ្មីនេះ ក៏បានលាតត្រដាងពីរបៀបដែលប្រទេសនេះបន្តប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ក្រុមហ៊ុនអាកាសចរនិងផ្លូវនាវាចរណ៍ ដើម្បីធ្វើពាណិជ្ជកម្មជួញដូររបស់របរដែលត្រូវបានហាមប្រាមជាដើម៕