មន្ត្រីនានាមកពីប្រទេសចំនួន១៩៥បានចូលរួមក្នុងសន្និសីទអ.ស.ប.អំពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង។ អ្នកចូលរួមមានជំហរខិតទៅរកគ្នាក្នុងកិច្ចព្រមព្រៀងអំពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីបានសម្រេចសេចក្តីសង្ខេបអំពីកិច្ចព្រមព្រៀង។
មន្ត្រីទាំងនោះបានអបអរសាទរដោយឱបគ្នា បន្ទាប់ពីការប្រកាសកាលពីថ្ងៃសៅរ៍ ដែលជាលទ្ធផលនៃការចរចាអស់រយៈពេល៤ឆ្នាំ។ គោលបំណងនៃសន្និសីទនេះគឺ ផ្តល់ជម្រើសឲ្យប្រទេសនានាកាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលតាមរយៈការឡើងកំដៅ។
លោក Al Gore អតីតអនុប្រធានាធិបតីស.រ.អា.បាននិយាយថា មានចំណុចមិនព្រមព្រៀងគ្នាខ្លះទាក់ទងនឹងការប្រើពាក្យនៅក្នុងផ្នែកខ្លះ ប៉ុន្តែនៅទីបំផុតសន្និសីទនេះបានធ្វើឲ្យមានការយល់ស្របគ្នារកដំណោះស្រាយ។ អ្នកទិតៀននិយាយថា បញ្ហាដែលនៅមិនទាន់ដោះស្រាយនោះត្រូវដោះស្រាយឲ្យបានមុនចុងបញ្ចប់នៃសន្និសីទលើកទី២១ អំពីបញ្ហាអាកាសធាតុ ដែលបញ្ចប់នៅថ្ងៃសុក្រ។
បញ្ហានោះគឺថា តើប្រទេសណាខ្លះត្រូវចេញថវិកាសម្រាប់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ។ អ្នកខ្លះយល់ថា បញ្ហាថវិកាមិនមែនជាឧបសគ្គទេ ប្រសិនបើប្រទេសនានាមិនចង់កេងចំណេញក្នុងការធ្វើកិច្ចព្រមព្រៀង។ អ្នកវិទ្យាសាស្ត្រព្រមានថា ការឡើងកំដៅផែនដីនាំមនុស្សលោកពិបាករស់នៅពិភពលោក ទឹកសមុទ្រឡើងខ្ពស់ មានព្យុះ និងភាពរាំងស្ងួតធ្ងន់ធ្ងរ៕