UN ​ព្រមាន​ថា​ ជំងឺ​COVID-19 អាច​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ បើ​គ្មាន​ការ​ទប់ទល់​រួម​គ្នា

បុគ្គលិក​សុខាភិបាល​ក្នុង​ប្រទេស​សេណេហ្កាល់​ពាក់​ម៉ាស់​ដើរ​សម្អាត​ក្នុងផ្សារ​​ Tilene នៅក្រុង Dakar កាល​ពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

លោក Antonio Guterresអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​កាល​ពី​សប្ដាហ៍​មុន​ថា មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​អាច​បាត់បង់​ជីវិត​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 បើសិនជា គ្មាន ការ​ទប់ស្កាត់​រួម​គ្នា​ជា​សកល។

លោក Guterres បាន​លើក​ឡើង​ថា បើសិនជា​ពិភពលោក​អនុញ្ញាត​ឲ្យ​មេរោគ​កូរ៉ូណា​ថ្មី​ឆ្លង​រាលដាល​ដូចជា​ភ្លើង​ឆេះ​ព្រៃ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ខ្លាំង មេរោគ​នេះ​អាច​នឹង​សម្លាប់​មនុស្ស​រាប់​លាន​នាក់។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា កន្លង​មក មាន​ករណី​ឆ្លង​មេរោគ​កូរ៉ណា​នេះ​ជិត ៤ សែន​ករណី ហើយ​មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ជាង ១ ម៉ឺន ៦ ពាន់​នាក់​នៅ​លើ​ពិភពលោក។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​តាម​រយៈ​ការ​ធ្វើ​សន្និសីទ​តាម​វីដេអូ​អនឡាញ ស្រប​ពេល​ដែល​លោក​បាន​បិទ​ការិយាល័យ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ ដោយ​អនុញ្ញាត​ឲ្យ​តែ​មន្ត្រី​ដែល​សំខាន់​ចាំបាច់​មក​ធ្វើ​ការ​តែ​ប៉ុណ្ណោះ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 នេះ លោក Guterre បាន​និយាយ​ថា ប្រទេស​នីមួយៗ​ទូទាំង​ពិភពលោក​ត្រូវតែ​ប្ដូរ​យុទ្ធសាស្ត្រ​ទប់ទល់​ថ្នាក់​ជាតិ ទៅ​ជា​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​មេរោគ​នេះ​ជា​លក្ខណៈ​សកល។

លោក​បាន​លើក​ឡើង​ដូច្នេះ​ថា៖ «គ្រោះ​មហន្តរាយ​ផ្នែក​សុខភាព​ស្តែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ប្រសិនបើ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​មួយ​បរាជ័យ នោះ​ពិភពលោក​ទាំង​មូល​នឹង​បរាជ័យ។ ការ​សាមគ្គី​គ្នា​ជា​សកល​មិនមែន​គ្រាន់តែ​ជា​ភាព​ចាំបាច់​ផ្នែក​សីលធម៌​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ប្រយោជន៍​រួម​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល​ផង​ដែរ»។

លោក​បាន​ទទូច​ឲ្យ​ប្រទេស​នានា​ចូលរួម​វិភាគទាន​ដល់​ការ​អំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ប្រទេស​ដែល​ត្រូវការ​ជំនួយ​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ថ្មី​នេះ។

កាល​ពី​សប្ដាហ៍​មុន អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​ជំនួយ​ជិត ៦៧៥ លាន​ដុល្លារ ដែល​ខ្លួន​បាន​ស្នើ​សុំ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ​ក្នុង​រយៈពេល ៣ ខែ​ខាង​មុខ។ ប៉ុន្តែ​អង្គការ​នេះ​បាន​បន្ថែម​ថា ខ្លួន​នឹង​ស្នើ​សុំ​ថវិកា​បន្ថែម​ទៀត ស្រប​ពេល​ដែល​មេរោគ​នេះ​វាយលុក​ប្រទេស​ផ្សេងៗ​ច្រើន​បន្ថែម​ទៀត។

លោក Guterres បាន​ទទូច​ឲ្យ​ប្រើ​យុទ្ធសាស្ត្រ​មួយ​ដែល​ផ្តោត​ទៅ​លើ​ផ្នែក​ជា​ច្រើន​ដូចជា ដំបូង គឺ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ចំពោះ​បញ្ហា​សុខភាព​ជា​សកល ហើយ​បន្ទាប់​មក​ត្រូវ​ផ្ដោត​លើ​ផល​ប៉ះពាល់​សង្គម ក៏​ដូចជា​ការ​ទ្រទ្រង់ និង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រទេស​ដែល​មាន​ប្រព័ន្ធ​ការពារ​សង្គម​រឹងមាំ​រង​ផល​ប៉ះពាល់​តិចតួច​បំផុត និង​អាច​ស្ទុះ​ងើប​ពី​វិបត្តិ​នេះ​បាន​លឿន​បំផុត​ផង​ដែរ»។

លោក Gutteres បាន​កត់​សម្គាល់​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ធ្ងន់ធ្ងរ​អាច​នឹង​កើត​ឡើង ហើយ​អ្នក​ធ្វើការ​មួយ​ចំនួន​អាច​នឹង​រង​វិបត្តិ​ហិរញ្ញវត្ថុ ដែល​ករណី​នេះ​ចាំបាច់​បំផុត​ទាមទារ​ឲ្យ​មាន​នូវ​វិធានការ​ការពារ​ខ្លាំងក្លា​ដើម្បី​កុំ​ឲ្យ​វិបត្តិ​នេះ​កើត​ឡើង។

លោក Guterres ថ្លែង​ដូច្នេះ​ថា៖ «វិធានការ​ទាំង​នេះ​អាច​ជា​ការ​ផ្ដល់​ប្រាក់​បៀវត្សរ៍ ការ​ធានា​រ៉ាប់រង ការ​គាំពារ​សង្គម ការ​បង្ការ​ភាព​ក្ស័យធន និង​ការ​ការពារ​មិន​ឲ្យ​បាត់បង់​ការងារ​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ វិធានការ​ទាំង​នេះ​ក៏​អាច​ជា​ការ​រៀបចំ​ឲ្យ​មាន​នូវ​ការ​បន្ថូរ​បន្ថយ​ពន្ធ និង​ការ​ឆ្លើយតប​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ធានា​ថា បន្ទុក​នេះ​មិន​ធ្លាក់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា ការ​ស្ដារ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ​មិន​ត្រូវ​ធ្វើ​តាម​រយៈ​ការ​ដាក់​បន្ទុក​បន្ថែម​ដល់​អ្នក​ក្រីក្រ​បំផុត​នោះ​ទេ «ហើយ​យើង​មិន​អាច​បង្កើត​ពិភព​ក្រីក្រ​ថ្មី​ទៀត​នោះ​ឡើយ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ទាំង​ឡាយ​ណា ដែល​បាន​ចាត់​វិធានការ​លឿន ដើម្បី​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន និង​មិន​បណ្ដាល​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រទេស​មួយ​ចំនួន​កំពុង​អនុវត្ត​កិច្ច​ផ្តួចផ្ដើម​គាំពារ​សង្គម ដូចជា​ការ​ផ្ទេរ​សាច់​ប្រាក់ និង​ចំណូល​ជា​សកល​ជា​ដើម។ យើង​ត្រូវតែ​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ធានា​ថា ជំនួយ​ធ្លាក់​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​ពឹងផ្អែក​សុទ្ធសាធ​លើ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បណ្តា​ប្រទេស​ដែល​ខ្វះ​លទ្ធភាព​ទប់ទល់​នឹង​មេរោគ​នេះ»។

ជា​ចុង​ក្រោយ លោក Guterresបាន​និយាយ​ថា នេះ​គឺ​ជា​ស្ថានការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មន​មក ដែល​ទាមទារ​ឲ្យ​មាន​សាមគ្គីភាព ឆន្ទៈ​នយោបាយ និង​វិធានការ​ខ្លាំងក្លា៕

ប្រែ​សម្រួល​ដោយលោក សឿន វឌ្ឍនា