អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​និង​ចិន​ស្តារ​ទំនាក់ទំនង​ឡើងវិញ

រូបឯកសារ៖ រោងចក្រ​ថាមពល​ប្រើ​កំដៅ​អំបិល​សូឡា​ដែល​មាន​ថាមពល ១០០ មេហ្គាវ៉ាត់ នៅក្នុង​ក្រុង Dunhuang នៃ​ប្រទេសចិន កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨។

កាលពី​ថ្ងៃទី២៨ ខែមករា លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ជំរុញ​ឱ្យ​ចិន និង​សហរដ្ឋអាមេរិក «ស្តារ» ទំនាក់ទំនង​ឡើង​វិញ ដោយ​ផ្តល់​យោបល់​ឱ្យ​ប្រទេស​ទាំង​ពីរ​សហការ​គ្នា​ដើម្បី​បាន​ទទួល​ផលប្រយោជន៍​រួម ដែល​ក្នុង​នោះ​មាន ដូចជា​ការ​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជាដើម។

លោក Guterres បាន​ថ្លែងថា «វា​ច្បាស់​ណាស់​ថា ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ មិន​មាន​ចំណុច​ព្រមព្រៀង​គ្នា ឬ​ទស្សនៈ​រួម​គ្នា​នោះ​ទេ។ មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ជឿ​ថា កំពុង​មាន​ការ​កើន​ឡើង​ចំពោះ​ការរួបរួម​គ្នា​ដើម្បី​ផលប្រយោជន៍​រួម ហើយ​ការ​អំពាវនាវ​របស់​ខ្ញុំ​សម្រាប់​ចំណុច​នោះ ​គឺ​ថា ភាគី​ទាំង​ពីរ​សហការ​គ្នា​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ទាំង​មូល ហើយ​ចំណុច​នោះ ​គឺ​វិធានការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ»។

ចាប់​តាំងពី​ពេល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ត្រាំ បាន​ប្រកាស​កាលពី​ខែ​មិថុនា ឆ្នាំ២០១៧​ថា សហរដ្ឋអាមេរិក នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ទីក្រុង​ប៉ារីស ប្រទេស​ចិន​បាន​បន្ត​បោះជំហាន​ទៅ​មុខ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន។ នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ធ្វើឡើង​តាម​អនឡាញ​កាលពី​ខែ​កញ្ញា​ឆ្នាំមុន ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង បាន​ប្រកាស​យក​ឆ្នាំ២០៦០ ជា​ឆ្នាំ​គោលដៅ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​បញ្ចេញ​កាបូន​មកត្រឹម​ចំនួន​សូន្យ។

រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន​ បាន​ចាត់​ទុក​វិធានការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​កំពូលៗ​របស់​ខ្លួន។ លោក​ប្រធានាធិបតី​បៃដិន បាន​តែងតាំង​លោក John Kerry អតីត​រដ្ឋមន្ត្រី​ការបរទេស​ឱ្យ​ធ្វើ​ជា​ប្រេសិត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូង​បង្អស់​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ និង​តែងតាំង​លោក​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ការងារ​សន្តិសុខ​ថ្នាក់​ជាតិ​របស់​ប្រធានាធិបតី។

ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​មាន​មនុស្ស​ចូលរួម​ដោយ​ផ្ទាល់​ផង និង​តាម​អនឡាញ​ផង អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា «មាន​ហេតុផល​ក្នុង​ការ​សង្ឃឹម» ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​វ៉ាស៊ីនតោន នឹង​«ចូលរួម​យ៉ាង​សកម្ម» នៅ​ក្នុង​ការ​រៀបចំ​សន្និសីទ​ពិនិត្យ​វាយតម្លៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ស្កុតលែនដ៍​នៅ​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុងតែ​អត់ធ្មត់ ខណៈ​ដែល​ខ្លួន​កំពុង​ស្វែងរក «វិធីសាស្ត្រ​ថ្មី» សម្រាប់​ទំនាក់ទំនង​ជាមួយ​នឹង​ចិន នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង «ការ​ប្រកួត​ប្រជែង​ផ្នែក​យុទ្ធសាស្ត្រ» ដ៏​ខ្លាំងក្លា។

លោក Guterres បាន​កត់សម្គាល់​ថា បញ្ហា​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​មាន​ភាព​ស្មុគស្មាញ ហើយ​វា​អាច​ធ្វើ​ឱ្យ​មាន «ការ​ប្រកួត​ប្រជែង ឬ​ការសហការគ្នា»។

លោក​អគ្គលេខាធិការ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា «ការ​អំពាវនាវ​របស់​ខ្ញុំ​សម្រាប់​ការ​ចរចា​ដ៏​ម៉ឺងម៉ាត់​មួយ​លើ​បញ្ហា​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​គឺ​ថា ធ្វើ​យ៉ាង​ណា​អាច​រក្សា​ឱ្យ​បាន​នូវ​សេដ្ឋកិច្ច​សាកល​មួយ និង​សន្តិសុខ​អ៊ីនធឺណិត​សាកល​មួយ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ក៏​គាំទ្រ​ដល់​គុណតម្លៃ​ដែល​ជា​គុណតម្លៃ​រួម​របស់​យើង​ពោល​គឺ យុត្តិធម៌ សមភាព សហប្រតិបត្តិការ​អន្តរជាតិ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ»។

នៅ​ក្នុង​សវនាការ​តែងតាំង​អ្នកស្រី​កាលពី​ថ្ងៃទី២៧ ខែមករា អ្នកស្រី Linda Thomas Greenfield ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី Joe Biden តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​បាន​ប្រាប់​អ្នកតាក់តែង​ច្បាប់​ថា «យើង​ដឹង​ថា ចិន​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដាក់​បញ្ចូល​គំនិត​ផ្តាច់​ការ» ដែល​អ្នកស្រី​បាន​សន្យា​ថា នឹង​រារាំង​ដាច់​ខាត។

នៅ​ក្នុង​ប៉ុន្មាន​ម៉ោង​មុន​ចេញ​ពី​តំណែង​នៅ​ថ្ងៃទី២០ ខែមករា​កន្លង​ទៅ​នេះ លោក​ Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​ផុត​អាណត្តិ​បាន​ប្រកាស​ថា គណបក្ស​កុម្មុយនិស្ត​ចិន បាន​ចូលរួម​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច Uighurs កាន់សាសនា​ឥស្លាម​នៅ​ក្នុង​ខេត្ត Xinjiang។ ការ​កំណត់​គោលនយោបាយ អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ពិនិត្យ​វាយតម្លៃ និង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី។

នៅ​ពេល​ដែល​ត្រូវ​បាន​គេ​សួរ​ថា តើ​លោក​យល់ស្រប​នឹង​ការ​លើក​ឡើង​បែប​នេះ​ទេ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ចាត់​ទុក​ថា​ វា​ជា​បញ្ហា​បច្ចេកទេស ដែល​ត្រូវ​ទុក​ឱ្យ​ «ស្ថាប័ន​មាន​សមត្ថកិច្ច» ផ្សេង​ជា​អ្នក​សម្រេច។

លោក Guterres បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា «ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ពី​តម្រូវ​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​រួមទាំង​នៅ​ក្នុង​ខេត្ត Xinjiang ដែរ និង​តម្រូវការ​សម្រាប់​គោលនយោបាយ​ដែល​ត្រូវ​មាន និង​ត្រូវ​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​អត្តសញ្ញាណ​របស់​សហគមន៍​នៅ​ទីនោះ ដែល​មាន​អត្តសញ្ញាណ​វប្បធម៌ និង​សាសនា ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​ផ្តល់​ស្ថានភាព​ដល់​សហគមន៍​នីមួយៗ​ដែល​អាច​ឱ្យ​ពួកគេ​យល់​ថា ពួកគេ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ជាតិ​ទាំង​មូល»។

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ស្នើសុំ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត Xinjiang កាលពី​ជាច្រើន​ខែ​មុន ហើយ​លោក Guterres បាន​ថ្លែង​ថា «ការ​ចរចា​កំពុង​ចាប់ផ្តើម» ហើយ​ថា នឹង​មានសង្ឃឹម​សម្រាប់​បេសកកម្ម​បច្ចេកទេស​មួយ ហើយ​លោក​សង្ឃឹម​ថា វា​នឹង​មាន​ការ​វិវត្ត​ទៅ​មុខ។

លោក​អគ្គលេខាធិការ​ក៏​បាន​ស្វាគមន៍​ការ​ប្រកាស​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​បៃដិន​ដែល​ថា រដ្ឋបាល​សហរដ្ឋអាមេរិក​មាន​គម្រោង​ផ្តល់​មូលនិធិ​ឡើង​វិញ​ដល់​កម្មវិធី​ និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​រដ្ឋបាល​មុន និង​ចូលរួម​ឡើង​វិញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពហុភាគី​មួយ​ចំនួន​ទៀត។

លោក Guterres បាន​ថ្លែង​បន្ថែម​ទៀត​ថា «អ្វីៗ​ទាំង​អស់​នេះ កំពុង​ធ្វើ​ឱ្យ​មាន​ការ​រំពឹង​ទុក​ជា​វិជ្ជមាន​មួយ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់