អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃចន្ទ ឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំ និងឲ្យបានឆាប់រហ័ស ទំាងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយជំរុញឲ្យប្រទេសអ្នកមាន យកវ៉ាក់សាំងលើសពីចំនួនដែលត្រូវការទៅឲ្យប្រទេសក្រីក្រខ្វះខាត។
លោក Guterres បានព្រមាននៅក្នុងការធ្វើបទបង្ហាញតាមអ៊ីនធឺណិតមួយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា៖ «បើសិនជាយើងជឿថា វាអាចទៅរួចដែលចាក់វ៉ាក់សាំងបង្ការនៅប្រទេសអភិវឌ្ឍន៍ និងបំភ្លេចប្រទេសកំពុងអភិវឌ្ឍចោល ប្រសិនបើអ្នកទុកឲ្យជំងឺកូវីដ១៩ឆ្លងរាលដាលដូចភ្លើងឆេះព្រៃនៅបណ្តាប្រទេសក្រីក្រ នោះជំងឺនេះនឹងបន្តបម្លែងខ្លួន [កាន់តែសាហាវទៅ]»។
អ្នកដឹកនាំអង្គការសហប្រជាជាតិរូបនេះព្រមានថា បើសិនជាជំងឺនេះ កាន់តែសាហាវទៅ វាអាចស៊ាំនឹងវ៉ាក់សំាងដែលទើបតែបង្កើតថ្មី។
លោក Guterres បាននិយាយបន្តថា៖ «គ្រោះថ្នាក់ គឺនៅត្រង់នោះឯង។ មើលតែជំងឺគ្រុនផ្ដាសាយ ទៅដឹងហើយ? ជារៀងរាល់ឆ្នាំ យើងត្រូវតែមានវ៉ាក់សាំងថ្មីមួយសម្រាប់ជំងឺគ្រុនផ្ដាសាយ (flu) ដោយសារតែក្នុងអំឡុងពេលនោះ វីរុសបានផ្លាស់ប្ដូរ។ តែយើងចង់ឲ្យជំងឺកូវីដធ្លាក់ចូលក្នុងស្ថានភាពដូចគ្នានេះដែរឬទេ?»
លោក Guterres បាននិយាយថា គេចាំបាច់ត្រូវតែបង្កើនការផលិតវ៉ាក់សំាង។
អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងសារដូច្នេះ ស្របពេលដែលការស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង ២លាននាក់ និងការឆ្លងចំនួន ១០០ លានករណី នេះ បើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។ យុទ្ធនាការចាក់វ៉ាក់សំាងមានភាពយឺតយាវ និងរដាក់រដុប នៅក្នុងប្រទេសអ្នកមានមួយចំនួន ស្របពេលដែលប្រទេសក្រីក្រមួយចំនួនមិនទាន់មានការចាក់វ៉ាក់សំាងនៅឡើយ៕