អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអំពាវនាវឲ្យប្រទេសទាំងអស់បង្កើតយុទ្ធសាស្រ្តរួមគ្នា ដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា ដែលអូសបន្លាយពីរឆ្នាំមកហើយ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលពីសំណាក់យោធា។
លោកអគ្គលេខាធិការថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ានអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំអាស៊ានរយៈពេលបីថ្ងៃ។
លោក António Guterres ថ្លែងថា ស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់បន្ថែមទៀត ចាប់តាំងពីលោកបានជួបមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកាលពីឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកអំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយទាំងអស់ គោរពតាមការចង់បានរបស់ប្រជាពលរដ្ឋ និង«បើកទ្វារវិលត្រឡប់ទៅកាន់ការដឹកនាំតាមបែបប្រជាធិបតេយ្យ»។
លោកថ្លែងថា៖ «ខ្ញុំជំរុញឲ្យគ្រប់ប្រទេសទាំងអស់ស្វែងរកយុទ្ធសាស្រ្តរួមគ្នា លើបញ្ហាមីយ៉ាន់ម៉ា»។
លោកបន្ថែមថា អង្គការសហប្រជាជាតិគាំទ្រយ៉ាងពេញទំហឹងកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុចរបស់មេដឹកនាំអាស៊ាន ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំអាស៊ានបានសម្រេចថា កិច្ចព្រមព្រៀង ៥ ចំណុចក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន នៅតែជាឯកសារយោងដ៏សំខាន់ ដើម្បីនាំប្រទេសមួយនេះមករកសន្តិភាពវិញ ក្រោយរងការធ្វើរដ្ឋប្រហារពីក្រុមយោធារយៈពេលជាងពីរឆ្នាំកន្លះមកហើយ។
អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ក៏បានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យប្រទេសមួយនេះដើរតាមផ្លូវលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រកិច្ចព្រមព្រៀង ៥ ចំណុចរបស់មេដឹកនាំអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា។
កាលពីខែមេសា ឆ្នាំ ២០២១ ពោលគឺពីរខែក្រោយពីការធ្វើរដ្ឋប្រហារ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ ៥ ចំណុចដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។
- ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។
- ទី ២ បង្កើតកិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។
- ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
- ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។
- ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ប៉ុន្តែកិច្ចព្រមព្រៀងនោះត្រូវបានមេដឹកនាំអាស៊ានមើលឃើញថា មិនបានយកចិត្តទុកដាក់អនុវត្តដោយមេដឹកនាំយោធាឡើយ៕