ប្រធាន​អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឱ្យ​ផ្តល់​ជំនួយ​ឆ្លង​កាត់​ព្រំដែន​ទៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី

រូបឯកសារ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ នៅទីស្នាក់ការអង្គការសហប្រជាជាតិ។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក​ Antonio Guterres​ បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ វា​មាន​សារៈ​សំខាន់​ខាង​សីលធម៌​សម្រាប់​រដ្ឋ​ជា​សមាជិក​ធ្វើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​ជា​ថ្មី​ ពី​ប្រទេស​តួកគី​ទៅ​ក្នុង​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី​ ដើម្បី​ជួយ​ប្រជាជន​នៅ​ទី​នោះ​ប្រមាណ​ជាង​៤​លាន​នាក់។​

លោក​មាន​ប្រសាសន៍​ថា​ «វា​ជា​សីលធម៌​មួយ​ ក្នុង​ការ​ដោះ​ស្រាយ​ការ​ឈឺចាប់​ និង​ទុក្ខលំបាក​របស់​ប្រជាជន​ប្រមាណ​៤​លាន​១សែន​នាក់​ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ​ ​ហើយ​កំពុង​ត្រូវ​ការ​ជំនួយ ​និង​ការ​ការពារ។​ មនុស្ស​ប្រមាណ​៨០​ភាគរយ​ដែល​ត្រូវ​ការ​ជំនួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី​នោះ​គឺ​ជា​ស្ត្រី​ និង​កុមារ»។​ ​

ក្រុម​ប្រឹក្សា​ ដែល​មាន​១៥​ប្រទេស​នេះ ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ នៅ​ត្រឹម​ថ្ងៃ​ទី​១០​ខែ​ កក្កដា​ថា​ តើ​ត្រូវ​បន្ត​ការ​អនុញ្ញាត​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ និង​ដៃគូ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ធ្វើ​ការ​ផ្តល់​ជំនួយ​ ឬ​យ៉ាង​ណា​នោះ។​ ជា​រៀង​រាល់​ខែ ក្រុម​ជំនួយ​មនុស្សធម៌​បាន​ចូល​ទៅ​ដល់​កន្លែង​ដែលពលរដ្ឋ​ស៊ីរីកំពុង​រស់​នៅ​ប្រមាណ​២​លាន​៤​សែន​នាក់​ ​នៅ​ភាគ​ពាយ័ព្យ​ដែល​មិន​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ ដោយ​ផ្តល់​ជំនួយ​ចាំបាច់​តាម​រយៈ​ច្រក​ព្រំដែន​ Bab al-Hawa​ ដោយ​ឆ្លង​ពី​ប្រទេស​តួកគី។​ ​

រដ្ឋាភិបាល​ស៊ីរី​ និង​រុស្ស៊ី​ចង់​ឱ្យ​ជំនួយ​ទាំង​អស់​ឆ្លង​កាត់​តាម​រយៈ​រដ្ឋាភិបាល។

ប្រេសិត​រង​របស់​រុស្ស៊ី​លោក​ Dmitry Polyanskiy ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា ​ «យើង​ជឿជាក់​ថា ការ​រៀបចំ​ដែល​សហការ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​នៃ​ប្រទេស៊ីរី​ អាច​ធ្វើ​ទៅ​បាន​ សម្រាប់​ការ​ផ្តល់​ជំនួយ​ទៅ​ឱ្យ​តំបន់​ទាំង​អស់​ក្នុង​ប្រទេស​ស៊ីរី។​ ​នៅ​ពេល​ដែល​ច្រកព្រំដែន​ Bab al-Hawa ​ត្រូវ​បិទ​នោះ​ ការ​ផ្តល់​ជំនួយ​ដោយ​ឆ្លង​កាត់​ព្រំដែន​អាច​នឹង​កើន​ឡើង»។​

ឡាន​ដឹក​ជញ្ជូន​ជំនួយ​រាប់​រយ​គ្រឿង​បាន​ឆ្លង​កាត់​ព្រំដែន​មក​ពី​ប្រទេស​តួកគី​ជា​រៀង​រាល់​ខែ​ ចូល​ទៅភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី​ ដោយ​ដឹក​ស្បៀង​អាហារ​សម្រាប់​មនុស្ស​ប្រមាណ​១​លាន​៨​សែន​នាក់។​

តំណាង​ប្រទេស​ចិន​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ក៏​បាន​បង្ហាញ​សញ្ញា​ផង​ដែរ​ថា​ ខ្លួន​ប្រហែល​ជា​មិន​គាំទ្រ​ឱ្យ​បន្ត​ជំនួយ​តាម​ច្រក​ព្រំដែន​ពី​ប្រទេស​តួកគី​នោះ​ឡើយ។​

ក្រោយ​សង្គ្រាម​អស់​ជាង​មួយ​ទសវត្សរ៍​ ជំងឺ​រាតត្បាត​កូវីដ១៩ ​និង​វិបត្តិ​សេដ្ឋកិច្ច​នោះ​ ប្រជាជន​ស៊ីរី​ប្រមាណ​៩០​ភាគ​រយ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ៕​