អ.ស.ប៖ ថវិកា ៣៥ ពាន់​លាន​ដុល្លារ​គឺ​ត្រូវការ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ នៅ​លើ​ពិភពលោក

រូបឯកសារ៖ ដបថ្នាំដែលសរសេរថា «វ៉ាក់សាំងកូវីដ១៩» នៅ​ក្នុងរូបថតមួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres បាន​អំពាវ​ដល់​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ ឲ្យ​ផ្ដល់​ថវិកា​ចំនួន ៣៥ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដោយ​មិន​បង្អង់​យូរ​ដល់​ប្រទេស​នានា​នៅ​លើ​ពិភពលោក ​ឲ្យ​មាន​លទ្ធភាព​ទទួល​បាន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ការ​ព្យាបាល និង​វ៉ាក់សាំង​នៅ​ពេល​ដែល​មាន​វ៉ាក់សាំង​នេះ។ លោក​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក បាន​ឡើង​ដល់​ជាង ១ លាន​នាក់។

លោក Guterres បាន​បញ្ជាក់​ក្នុង​វេទិកា​តាម​អនឡាញ​មួយ អំពី​គម្រោង​បង្កើន​ល្បឿន​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ (ACT Accelerator) ដែល​ជា​យន្តការ​ដែល​អង្គការ​សហប្រជាជាតិ​ប្រើ​ដើម្បី​សម្រប​សម្រួល​ការ​ឆ្លើយតប​របស់​ខ្លួន​ចំពោះ​ជំងឺ​កូវីដ១៩ ថា៖

«វា​ជា​ប្រយោជន៍​ជាតិ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់​ដោយ​ផ្ទាល់ នៅ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​ធ្វើ​តេស្ត​និង​ការ​ព្យាបាល ក៏​ដូចជា​គាំទ្រ​ឲ្យ​មាន​វ៉ាក់សាំង​សម្រាប់​សាធារណជន​ទូទៅ​នៅ​លើ​ពិភពលោក»។

គម្រោង ACT Accelerator នេះ បាន​ចាប់ផ្តើម​កាល​ពី​ចុង​ខែ​មេសា។ វា​ជា​កិច្ច​សហការ​ជា​សាកល​រវាង​រដ្ឋាភិបាល អ្នក​វិទ្យាសាស្ត្រ ផ្នែក​ឯកជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​បញ្ចប់​ជំងឺ​កូវីដ១៩ ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា មិន​មែន​តែ​ប្រទេស​អ្នកមាន​ប៉ុណ្ណោះ​ទេ​ដែល​អាច​ទទួល​បាន​ឧបករណ៍​ចាំបាច់​នានា ដែល​រួម​មាន​ទាំង​វ៉ាក់សាំង​ផង​នោះ ក៏​ប៉ុន្តែ​ប្រទេស​ក្រីក្រ​ក៏​អាច​ទទួល​បាន​ឧបករណ៍​ចាំបាច់​ទាំង​នោះ​ផងដែរ។

កម្មវិធី​ផ្តួចផ្តើម​នេះ​ បាន​ទទួល​ថវិកា​ដំបូង​ចំនួន ៣ ពាន់​លាន​ដុល្លារ សម្រាប់​ការ​ចាប់ផ្តើម​ដំណាក់កាល​ដំបូង​របស់​ខ្លួន។

លោក Guterres បាន​និយាយ​ថា កម្មវិធី​នេះ​ត្រូវការ​ថវិកា​ចំនួន ៣៥ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដែល​ក្នុង​នោះ ថវិកា ១៥ ពាន់​លាន​ដុល្លារ​ គឺ​ត្រូវការ​បន្ទាន់​ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ចំនួន ២ ពាន់​លាន​ដូស ព្យាបាល​មនុស្ស ១៤៥ លាន​នាក់ និង​ធ្វើ​តេស្ត​មនុស្ស ៥០០ លាន​នាក់។

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ជាង ១៥០ នៅ​លើ​ពិភពលោក ដែល​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ តាម​រយៈ​កម្មវិធី ACT Accelerator៕