អង្គការ​សហប្រជាជាតិ​រិះគន់​ជា​សាធារណ:​លើ​គោល​នយោបាយ​សិទ្ធិ​មនុស្ស​​ចិន​ថា​នៅ​តែ​«‍មាន​បញ្ហា»

រូបឯកសារ៖ ប៉មយាមនៃកន្លែងឃុំឃាំងដែលត្រូវបានគេចោទប្រកាន់ត្រូវបានគេឃើញនៅក្នុងក្រុង Artux ក្នុងខេត្ត Kizilsu ក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​គោល​នយោបាយ​«‍ដែល​មាន​បញ្ហា»​នៅ​តែ​មាន​ក្នុង​ប្រទេស​ចិន ពីរ​ឆ្នាំ​ក្រោយ​មក​ចាប់​តាំង​ពីចេញ​របាយការណ៍​ដ៏​សំខាន់​របស់​ខ្លួន​ ដែល​លើកឡើង​អំពី​«‍ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ» ដែល​អាច​កើត​ឡើង​នៅ​តំបន់ Xinjiang របស់​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រទេស​ចិន​ ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ដាក់​គុក​ជនជាតិ​វីហ្គ័រ (Uyghurs) និង​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​ដទៃទៀត​ជាង​១​លាន​នាក់ នៅ​តំបន់ Xinjiang ប៉ែក​ពាយព្យ​ប្រទេស។ តែ ចិន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​នេះ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​លាត​ត្រដាង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​រៀបចំ​កិច្ច​ពិភាក្សា​ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីសជាមួយ​មន្ត្រី​ចិន​តាំង​ពី​ខែ​កុម្ភៈ:​ឆ្នាំ​២០២៣​មក ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក Volker Turk បញ្ជូន​ក្រុម​ការងារ​មួយ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​នេះ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ទាមទារ​ឲ្យ​អាជ្ញាធរ​ចិន «‍ពិនិត្យ​ពិច័យ​ឲ្យ​បាន​ពេញ​លេញ»​នូវ​លក្ខខណ្ឌ​តម្រូវ​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​និង​ការ​ប្រឆាំង​ភេរវកម្ម ព្រម​ទាំង​ការ​ការពារ​ជនជាតិ​ភាគតិច​ពី​ការរើសអើង។

ការិយាល័យ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​«‍វឌ្ឍនភាព​ជាក់ស្តែង​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន» ព្រម​ទាំង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ពី​ការ​រំលោភបំពាន​នានា​រួម​ទាំង​ការ​ធ្វើ​ទារុណកម្ម​ផង។

របាយការណ៍​ដែល​ចិន​ច្រាន​ចោល​ទាំង​ស្រុង​នេះ ក៏​បាន​រៀបរាប់​អំពី​ភស្តុតាង​«‍គួរ​ឲ្យ​ជឿជាក់​បាន»នៃ​ការ​ធ្វើ​ទារុណកម្ម ការ​ព្យាបាល​ជំងឺ​ដោយបង្ខំ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ឬ​ទាក់ទង​នឹង​យែនឌ័រ ព្រមទាំង​ការធ្វើ​ការ​ងារ​ដោយ​បង្ខំ​ផងដែរ។

ប្រទេស​ចិន បដិសេធ​ការ​ចោទប្រកាន់​អំពី​ការ​បំពាន ហើយ​ទទូច​ថា​ខ្លួន​កំពុង​ដំណើរការ​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​តំបន់Xinjiang ដែល​បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​ភាព​ជ្រុលនិយម​និង​លើកកម្ពស់​ការ​អភិវឌ្ឍ៕