ជម្លោះ និងអសន្តិសុខកំពុងឆាបឆេះនៅក្នុងផ្នែកជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។ មួយឆ្នាំក្រោយរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា មន្ត្រីអង្គការសហប្រជាជាតិបានព្រមានថា ប្រទេសនេះកំពុងឈានឆ្ពោះទៅរកសង្គ្រាមស៊ីវិល។
អង្គការសហប្រជាជាតិរាយការណ៍ថា វិបត្តិដែលកំពុងតែកើនឡើងនេះបានធ្វើឱ្យមនុស្សប្រមាណ ១៤,៤ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។ ជាការឆ្លើយតបចំពោះស្ថានភាពកាន់តែអាក្រក់ទៅៗនេះ អង្គការសហប្រជាជាតិបានអំពាវនាវសុំជំនួយចំនួន៨២៦ លានដុល្លារអាមេរិកដើម្បីផ្តល់ទៅឱ្យមនុស្ស ៦,២ លាននាក់។
លោក Jens Laerke ជាអ្នកនាំពាក្យនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌។ លោកថា វិបត្តិនយោបាយ និងសេដ្ឋកិច្ចដែលបង្កឡើងដោយរដ្ឋប្រហារកាលពីឆ្នាំមុន រួមជាមួយនឹងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩បានធ្វើឱ្យប្រជាជនចំនួនប្រមាណ២៥លាននាក់នៃពលរដ្ឋមីយ៉ាន់ម៉ាសរុប៥៥លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។
លោកJens Laerke ថ្លែងថា៖
«មនុស្សជាច្រើនមិនអាចមានប្រាក់ចិញ្ចឹមគ្រួសាររបស់ពួកគេទៀតនោះទេ ដោយសារតែការបាត់បង់ការងារ និងចំណូល និងការកើនឡើងនៃតម្លៃទំនិញ។ មនុស្សជាង ១៣ លាននាក់កំពុងមានអសន្តិសុខស្បៀងអាហារកម្រិតមធ្យម ឬធ្ងន់ធ្ងរ ហើយគេរំពឹងថា កង្វះអាហារូបត្ថម្ភនឹងកាន់តែអាក្រក់ក្នុងចំណោមកុមារ ប្រសិនបើយើងមិនជួយឪពុកម្តាយពួកគេផ្តល់អាហារមានជីវជាតិគ្រប់គ្រាន់សម្រាប់កូនៗរបស់ពួកគេទេនោះ»។
អង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សជាង ៤០០.០០០ នាក់អត់ទីជម្រកចាប់តាំងពីយោធាបានក្តោបក្តាប់អំណាចមក។ របាយការណ៍នេះលើកឡើងថា មនុស្សរាប់ពាន់នាក់កំពុងរស់នៅក្នុងស្ថានភាពអាក្រក់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរត់ភៀសខ្លួនទៅប្រទេសថៃ និងឥណ្ឌាដើម្បីស្វែងរកការជ្រកកោន។
លោក Laerke ទទួលស្គាល់ថា អង្គការសហប្រជាជាតិកំពុងអំពាវនាវរកប្រាក់ជាច្រើនដើម្បីគាំទ្រប្រតិបត្តិការមនុស្សធម៌នៅមីយ៉ាន់ម៉ា ដោយមិនមានការធានាណាមួយថា ខ្លួនអាចនឹងផ្តល់ជំនួយនោះដល់អ្នកដែលត្រូវការនោះទេ។ លោកពន្យល់ថា ការអំពាវនាវនេះផ្អែកលើតម្រូវការ មិនមែនផ្អែកលើលទ្ធភាពក្នុងការបញ្ជូនជំនួយនោះទេ។
លោក Jens Laerke ថ្លែងថា៖
«ការអំពាវនាវត្រូវបានធ្វើឡើងដោយមិនមានលើកឡើងពីទំនាក់ទំនងជាមួយនឹងអាជ្ញាធរដែលមិនសូវល្អនោះទេ។ យើងឭការលើកឡើងបែបនេះពីមនុស្សគ្រប់គ្នា។ យើងកំពុងព្យាយាមបញ្ជូនជំនួយនៅក្នុងតំបន់ទីក្រុងដែលនេះជាបន្ទុកថ្មីមួយនៅក្នុងវិបត្តិនេះ។ ប្រជាជនទៅទីក្រុង និងតម្រូវការនៅទីក្រុងជាក្តីបារម្ភជាក់លាក់មួយ»។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានកត់ត្រាថា ជនស៊ីវិលចំនួន ១.៥០០ នាក់បានស្លាប់ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ ការិយាល័យនេះរាយការណ៍ថា មនុស្សត្រូវបានសម្លាប់នៅក្នុងការតវ៉ាតាមដងផ្លូវ ឬនៅពេលកងកម្លាំងសន្តិសុខវាយឆ្មក់ចូលផ្ទះ ឬភូមិរបស់ពួកគេដើម្បីស្វែងរកអ្នកប្រឆាំង។ ការិយាល័យនេះបន្តថា មនុស្សប្រមាណ ២០០ នាក់ត្រូវបានសម្លាប់ដោយសារការធ្វើទារុណកម្មខណៈស្ថិតក្នុងពេលឃុំខ្លួនដោយយោធា៕