អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានិងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យសហការដើម្បីជួយដល់ជនភៀសខ្លួនកុលសម្ព័ន្ធភ្នំវៀតណាម ដែលកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា។
Your browser doesn’t support HTML5
សេចក្តីថ្លែងការណ៍រួមគ្នារបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ជនជាតិម៉ុងតាញ៉ា ទាំង១៣នាក់ បានប្រឈមមុខនឹងជំងឺយ៉ាងធ្ងន់ធ្ងរដូចជាជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ក្នុងពេលដែលពួកគេបានភៀសខ្លួនពីប្រទេសវៀតណាមមកនៅក្នុងព្រៃនៃប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរួមគ្នានេះបានកើតមានឡើងទន្ទឹមគ្នាបន្ទាប់ពីអាជ្ញាធរខេត្តរតនគីរីបានរារាំងមន្ត្រីអង្គការសហប្រជាជាតិមិនឲ្យជួយសង្គ្រោះជនជាតិកុលសម្ព័ន្ឋភ្នំវៀតណាមដែលកំពុងលាក់ខ្លួនក្នុងខេត្តរតនគីរី។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរីមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចដែលរួមមានមន្ត្រីប៉ូលីស និងទាហ៊ានប្រដាប់ដោយកាំភ្លើងខ្លីនិងអាវុធ AK47 ស្វ័យប្រវត្តិ បានរារាំងមិនឲ្យមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិដឹកនាំដោយលោកស្រី Wan Hea Lee បានចូលជួយសង្គ្រោះជនជាតិម៉ុងតាញ៉ាទេ។
លោកបានបញ្ជាក់ថា ការរារាំងនេះបានធ្វើឡើងក្នុងខណៈពេលដែលរថយន្តរបស់អង្គការសហប្រជាជាតិបានចុះទៅដល់ស្រុកបរកែវនិងស្រុកលំផាត់ ដែលជាទីកន្លែងសង្ស័យថាជនជាតិកុលសម្ព័ន្ធភ្នំវៀតណាម ឬ ម៉ុងតាញ៉ាកំពុងលាក់ខ្លួននៅទីនោះ។ក៏ប៉ុន្តែនៅពេលធ្វើដំណើរតាមផ្លូវមិនទាន់បានជូបក្រុមជនភៀសខ្លួនផងក៏ត្រូវបានអាជ្ញាធររារាំងក្បួនរថយន្តមិនឲ្យបន្តដំណើរទៅមុខទៀតដោយអះអាងថាបេសកម្មរបស់មន្ត្រីអង្គការសហប្រជាជាតិមិនមានការអនុញ្ញាត។
លោកបានបញ្ជាក់ថា ការរារាំងរបស់សមត្ថកិច្ចទៅលើមន្ត្រីអង្គការសហប្រជាជាតិរដ្ឋាភិបាលកម្ពុជានៅតែទទួលរងសម្ពាធពីប្រទេសវៀតណាម។
លោកនិយាយថា៖ «គឺយើងឃើញថា កម្ពុជាយើងហ្នឹងរងនូវសម្ពាធពីប្រទេសវៀតណាមដែលមិនយកច្បាប់ ការគោរពសិទ្ធិមនុស្សនិងច្បាប់សន្ធិសញ្ញាអន្តរជាតិមកអនុវត្តទេ បែរជាផ្គាប់ចិត្តទៅប្រទេសដែលមានឥទ្ធិពលមកលើខ្លួន។ នេះជាការកត់សម្គាល់របស់ខ្ញុំបាទ»។
អ្នកស្រី វ៉ាន់ ហ៊ា លី ( Wan Hea Lee) តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានបញ្ជាក់ថា អាជ្ញាធរពិតជាបានឃាត់ក្បួនរថយន្តអ្នកស្រីមិនឲ្យជួបជាមួយក្រុមកុលសម្ព័ន្ធភ្នំវៀតណាមដែលកំពុងលាក់ខ្លួននៅក្នុងព្រៃពិតប្រាកដមែន។
អ្នកស្រីបានផ្តល់បទសម្ភាសន៍ជាមួយ VOA តាមទូរស័ព្ទជាលើកដំបូងរបស់អ្នកស្រីដែលមិនដែលធ្លាប់ផ្តល់បទសម្ភាសន៍តាមទូរស័ព្ទកន្លងទៅនោះ។ អ្នកស្រីបានបញ្ជាក់ថា គោលបំណងរបស់អ្នកស្រីចង់ទៅជួបក្រុមជនជាតិម៉ុងតាញ៉ានោះគឺយើងចង់ដឹងពីស្ថានភាពពួកគេយ៉ាងដូចម្តេច ថាតើមានព័ត៌មានអ្វីខ្លះដែលយើងទទួលបាន។
អ្នកស្រីបានបញ្ជាក់ថា តើឲ្យយើងសហការជាមួយអាជ្ញាធរយ៉ាងដូចម្តេច បើយើងមានតែភាគីតែម្ខាងគត់ដែលប្រឹងប្រែងសហការក្នុងខណៈពេលដែលភាគីម្ខាងទៀតមិនព្រមសហការជាមួយយើងសោះ។
អ្នកស្រីមានប្រសាសន៍ថា យើងបានពិភាក្សាគ្នាជាមួយអាជ្ញាធរខេត្ត ថាតើនឹងត្រូវដំណើរការយ៉ាងដូចម្តេចក្នុងនាមបេសកម្មរួមគ្នាដើម្បីជួយជនភៀសខ្លួន ក៏ប៉ុន្តែមិនបានជោគជ័យទេ។
អ្នកស្រីនិយាយថា៖
«យើងពិតជាមិនយល់ទាល់តែសោះថា តើហេតុអ្វីបានជាពួកយើងត្រូវបានរារាំងនៅព្រឹកនេះ? តើអ្នកនៅក្នុងរដ្ឋាភិបាលនិងអ្នកនៅក្នុងភូមិឲ្យយើងធ្វើយ៉ាងម៉េច? ខ្ញុំកំពុងរង់ចាំថា តើមានផែនការអ្វីខ្លះ?»។
លោកស្រីបានបញ្ជាក់ថា អ្នកស្រីនឹងវិលត្រឡប់មកទីក្រុងភ្នំពេញវិញនៅថ្ងៃសៅរ៍ស្អែកនេះបន្ទាប់ពីខកខានមិនបានជួបជនជាតិម៉ុងតាញ៉ា។
លោក ឆាយ ធី មន្ត្រីសម្របស្រួលសមាគមសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថា ក្រុមជនជាតិភ្នំម៉ុងតាញ៉ាបានអះអាងថា ពួកគេសុខចិត្តស្លាប់ក្នុងទឹកដីប្រទេសកម្ពុជាមិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចកម្ពុជាចាប់បញ្ជួនទៅប្រទេសវៀតណាមវិញទេ។
លោក ថង សាវ៉ុង អភិបាលខេត្តរតនគីរីមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
ក៏ប៉ុន្តែបើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបានស្តីបន្ទោសថាមន្ត្រីអង្គការសហប្រជាជាតិជាអ្នកបង្កបញ្ហា។ លោកបានបញ្ជាក់ថា លោកបានបញ្ជាក់រួចហើយថាត្រូវមានការសហការជាមួយគ្នា។ បើរុករកយើងធ្វើទាំងអស់គ្នាតែខាងមន្ត្រីអង្គការសហប្រជាជាតិមិនព្រមអនុវត្តតាមគោលការណ៍នេះទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកមានប្រសាន៍ថា បើជនជាតិម៉ុងតាញ៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិគឺភាគីកម្ពុជាយើងមិនរារាំងទេ។
លោកនិយាយថា៖ «ប្រសិនបើជនជាតិម៉ុងតាញ៉ាទាំង១៣រូបនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យូអ៊ិនហើយ អញ្ជើញចុះ»។
មន្ត្រីសិទ្ធិមនុស្សនិងប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រុមកុលសម្ព័ន្ធភ្នំវៀតណាមមានគ្នាប្រមាណ១៣នាក់បានភៀសខ្លួនពីប្រទេសវៀតណាមតាំងពីក្នុងអំឡុងខែវិច្ឆិកាមកម៉្លេះដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាមខាងផ្នែកសេរីភាពសាសនា សេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណែតនិងសិទ្ធិដីធ្លី ហើយមកលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគីរី៕