អ.ស.ប.​​អំពាវនាវ​ឲ្យ​មាន​សេវាកម្ម​ផ្ញើ​ប្រាក់​កាន់​តែ​ប្រសើរ​ឡើង​ដោយ​មាន​តម្លៃ​ទាប

រូបឯ​កសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Gutterres។

អង្គការ​សហប្រជាជាតិ​កំពុង​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ដែល​ធ្វើ​ឲ្យ​កាន់តែ​ងាយ​ស្រួល​ឡើង​សម្រាប់​ជន​ចំណាក​ស្រុក​ដើម្បី​បញ្ជូន​ប្រាក់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន នៅ​ពេល​ដែល​អង្គការពិភព​លោក​មួយ​នេះ​ប្រារព្ធ​ទិវា​ប្រចាំឆ្នាំ​នៃ​ការ​ផ្ញើប្រាក់​ទៅ​ឲ្យ​ក្រុម​គ្រួសារ។

លោក Gilbert Houngbo ប្រធាន​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា «ជន​ចំណាក​ស្រុក បាន​បង្ហាញ​នូវ​ការបន្ត​ការ​តាំងចិត្ត​របស់​ខ្លួន​ដល់​ក្រុម​គ្រួសារ​និង​សហគមន៍​របស់​ពួក​គេ​ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ដោយ​ការបញ្ជូន​ប្រាក់​កាន់តែ​ច្រើន​ឡើង​ជាង​ពេល​ណាៗ​ទាំងអស់។ ជា​អកុសល ក្រុម​គ្រួសារ​នៅ​តាម​ទី​ជនបទ​និង​តំបន់​ដាច់​ស្រយាលក្នុង​ប្រទេស​របស់​គេ​ដែល​ការ​ផ្ញើ​ប្រាក់​ពី​បរទេស​ជាអាយុ​ជីវិតនោះ​បាន​ខិតខំ​ដើម្បី​ឲ្យ​ទទួល​បាន​ប្រាក់​ឬ​ជម្រើស​ផ្សេងៗ​ឲ្យ​កាន់តែ​ប្រសើរ​រឡើង​ដូចជា​តាម​ខ្ទង់​គណនីទូរស័ព្ទ​ចល័ត​ជា​ដើម»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Gutterres បាន​ថ្លែង​សុន្ទរកថា​ដោយអំពាវនាវឲ្យ​មាន​ការបញ្ចុះ​តម្លៃសេវា​ផ្ញើ​ប្រាក់​នេះ​រហូត​ដល់​ជិតសូន្យសម្រាប់​អ្នក​នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម​ដើម្បី​ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​រួម​បញ្ចូល​ទាំង​ជន​ចំណាក​ស្រុក​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។

ទិន្នន័យរបស់ធនាគារ​ពិភពលោក បាន​បង្ហាញ​ថា ការផ្ញើ​ប្រាក់​របស់​ជន​ចំណាកស្រុកទៅ កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​មាន​ចំនួន​៥៤០​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ​២០២០​ដែល​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ចំនួន​១,៦ភាគរយ​បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ២០១៩​នោះ។

ធនាគារ​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ខែ​មុន​ថា ខ្លួន​រំពឹង​ថា ចំនួន​ប្រាក់​បញ្ជូន​ទៅកាន់​ប្រទេស​ទាំងនោះ​នឹង​កើន​ឡើង​ចំនួន២,៦​ភាគរយ​នៅឆ្នាំ​២០២១នេះ​និង​២,២ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ។

ប្រទេស​ឥណ្ឌា ម៉ិកស៊ិក ហ្វីលីពីន អេហ្ស៊ីប​និងប្រទេស​ប៉ាគីស្ថាន​គឺ​ជា​ទី​ដៅ​ខ្ពស់​សម្រាប់​ជន​ចំណាក​ស្រុក​បញ្ជូន​ប្រាក់​របស់​គេ​ទៅ​កាន់ប្រទេស​កំណើតក្នុង​ឆ្នាំ​២០២០ កន្លង​ទៅ។

ធនាគារ​ពិភពលោក​ក៏​លើក​ឡើង​ផង​ដែរ​ថា​ជន​ចំណាកស្រុក​ដែល​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អា មេរិក អេមីរ៉ាតអារ៉ាប់​រួម អារ៉ាប់ប៊ី​សាអូឌីត ស្វីស​និងប្រទេស​អាល្លឺម៉ង់ បាន​បញ្ជូន​ប្រាក់​ទៅកាន់​ប្រទេស​កំណើតរបស់​ខ្លួន៕