ក្នុង​ទិវាធម្មនុញ្ញ ​អង្គការ​សហប្រជាជាតិ​ប្រាប់​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​និងប្រជាធិប​តេយ្យ​ពហុមតិ

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy / AFP)

អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ​បានស្នើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស ​និងលទ្ធិ​ប្រជាធិបតេយ្យពហុ​មតិ ចំ​ពេលកម្ពុជាប្រារព្ធទិវារដ្ឋធម្មនុញ្ញលើកទី២៨​របស់​ខ្លួន នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១។

ក្នុង​សំណេរ​លើ​ទំព័រហ្វេសប៊ុក​(Facebook) និងTwitterផ្លូវ​ការ​របស់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃសុក្រ ការិយា​ល័យអង្គការ​សហប្រជាជាតិប្រចាំ​រាជធានី​ភ្នំពេញបាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖

«ថ្ងៃនេះ ព្រះរាជា​ណាចក្រកម្ពុជា​ប្រារព្ធ​ខួប២៨ឆ្នាំ នៃ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ​ អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ អង្គការ​សហប្រជាជាតិ លើក​ទឹកចិត្ត​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា​បន្ត​ប្រកាន់​ខ្ជាប់ និង​គោរព​សិទ្ធិ​មនុស្ស​ដែល​មានចែង​នៅ​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជា​ជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស (#UDHR) សន្ធិសញ្ញាអន្តរជាតិ​ស្តីពី​សិទិ្ធ​មនុស្ស​នានា ក៏​ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ត្រូ​វ​បាន​ទទួល​ស្គាល់ និង​មាន​ចែង​នៅ​ក្នុងរដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន»។

ការិយាល័យ​ UN ​បន្ត​ថា៖«តាម​រយៈ​ការ​លើក​ស្ទួយ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​គ្នា នោះ​ព្រះរាជាណា​ចក្រ​កម្ពុជា​អាច​ស្តារឡើងវិញ​កាន់​តែ​ប្រសើរ​ពី​ជំងឺកូវីដ១៩ និង​ធានា​ថា​មិន​មាន​នរណាម្នាក់ត្រូវ​បាន​គេ​ទុក​ចោល»។

រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​របស់​កម្ពុជា​ត្រូវ​បានព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ឡាយ​ព្រះហស្ថ​លេខា ដាក់ឱ្យប្រើប្រាស់​កាលពី​ថ្ងៃទី​២៤ ​ខែកញ្ញា ​ឆ្នាំ១៩៩៣​ ក្រោយ​ពី​ភាគី​ជម្លោះ​កម្ពុជាបានចុះ​កិច្ច​ព្រម​ព្រៀងសន្ដិភាព​នៅ​ថ្ងៃទី២៣ ​ខែតុលា​ ឆ្នាំ១៩៩១ និង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខែមិថុនា ​ឆ្នាំ១៩៩៣។

នៅ​ថ្ងៃសុក្រ​នេះ​ដដែល ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ក៏បាន​គូស​បញ្ជាក់​ផងដែរអំពី​បញ្ញត្តិ​សំខាន់​ក្នុង​រដ្ឋ​ធម្មនុញ្ញ ទាក់​ទង​ភាព​អចិន្ត្រៃយ៍​កែ​ប្រែ​មិន​បាន​ដែល​កម្ពុជា​ត្រូវ​ស្ថិ​ត​នៅ​ក្រោម​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ និង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

​ទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជាឲ្យ​ដឹង​ថា៖«រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែងអំពី​គោល​ការណ៍​នៃ​ការ​បែង​ចែក​អំណាច​ដាច់​ដោយ​ឡែក​ពីគ្នា​គឺ ១)​អំណាច​នីតិប្បញ្ញត្តិ, ២)នីតិ​ប្រតិបត្តិ ​និង៣)​តុលាការ ​ហើយ​ក៏​បាន​អនុម័ត​នូវសិទ្ធិ​ជា​មូលដ្ឋានរបស់​ប្រជាពល​រ​ដ្ឋ និងគោល​ការណ៍នីតិ​រដ្ឋជា​ដើម។ សូម​អរ​គុណបង​ប្អូនជន​រួមជាតិដែលបាន​ចូល​រួមថែរក្សាការពារសន្តិភាពដើម្បីប្រទេសជា​តិ​កាន់​តែ​រីកចម្រើន​រុងរឿង​ឆ្ពោះ​ទៅ​មុខ»។

ខួប​លើកទី២៨នៃ​ទិវា​រដ្ឋ​ធម្មនុញ្ញ​នេះ​ ធ្វើ​ឡើង​នៅ​បរិបទ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុងកាន់​អំណាច​ពេញ​ទី និង​កាន់​កាប់បណ្ដាស្ថាប័ន​រដ្ឋកំពូល ​និង​ថ្នាក់​ក្រោម​ជាតិ​ស្ទើរ​តែ​ទាំង​អស់។

បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​១២៥​លើ​១២៥នៅ​រដ្ឋសភា និង​អាសនៈ​៥៨​លើ​៦២នៅព្រឹទ្ធសភា ក្រោយ​ការ​បោះឆ្នោត​សាកល​ និង​អសកល​ ចំនួន​ពីរ​ កាល​ពីឆ្នាំ២០១៨​ ដោយអវត្តមានដៃគូ​ដ៏​ធំ​របស់​ខ្លួន គឺ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ២០១៧។

លោក​ សឺន ស៊ូបែរ្តិ៍ ​អតីត​សមាជិក​មួយរូប​នៃ​ក្រុម​តាក់តែង​រដ្ឋធម្មនុញ្ញ​នាឆ្នាំ​១៩៩៣ ​បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋ​ធម្មនុញ្ញ​បាន​រង​សម្ពាធ​និង​«អស់​ន័យ»​ក្នុងកាលៈ​ទេសៈ​ដែល​បក្ស​កាន់​អំណាច​កាន់​កាប់​ទាំងក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​មាន​នាទី​បក​ស្រាយ​រដ្ឋ​ធម្មនុញ្ញ​ទៅ​ទៀត។

យ៉ាងណា​ក៏ដោយ​លោក​ ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជាលើក​ឡើង​ថា ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស រដ្ឋាភិបាល​នៅ​តែមាន​ភាព«ជោគជ័យ»តាម​រយៈ​ការ​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ។

លោក​ថ្លែង​ថា៖«លទ្ធិ​ប្រជាធិបតេយ្យ​ជាជម្រើស​របស់​ប្រជាពលរដ្ឋ​កម្ពុជា មិនមែន​ជាជម្រើស​របស់​នរណា​ម្នាក់​នោះទេ។ ដូច្នេះ​ប្រជាធិបតេយ្យ​ វាអត់​ធ្លា​ក់​ពី​លើ​មេឃ​មក​ទេ ក៏​ប៉ុន្តែ​វា​ត្រូវ​ការ​កសាង កម្ពុជា​កំពុង​កសាង​លទ្ធិប្រជាធិបតេយ្យនេះ​ឯង»។

លោក​ ផៃ ស៊ីផាន ​បាន​ប្រាប់​វីអូអេ​បន្តទៀត​ទៅ​លើ​បញ្ហា​កង្វះ​សំឡេង​ជំទាស់​ក្នុង​ស្ថាប័ន​រដ្ឋ​កំពូលៗ និង​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​លើការរក្សា​ការពារ​រដ្ឋធម្មនុញ្ញ​យ៉ាង​ដូច្នេះ​ថា៖​«ដែល​យើង​ទៅ​កាន់កាប់​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ គឺ​មិនមែន​នាំគ្នា​ទៅ​អង្គុយ​ទេ គឺ​កើត​ឡើងដោយ​ការ​បោះ​ឆ្នោត​តាម​គោល​នយោបាយ​ត្រឹម​ត្រូវ នៅ​ក្នុង​បែប​បទ​នីតិរដ្ឋ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ អ្វី​ដែល​គណបក្ស​ប្រជាជន​បាន​ទទួល​ការ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ទាំង​មូល ​គឺ​គណបក្ស​ប្រជាជនទទួលខុស​ត្រូវ​ខ្ពស់​នៅ​ក្នុង​សាច់​រឿង​ហ្នឹង»។

គណបក្ស​ប្រឆាំង​ក៏​បាន​ចេញសារ​អំពាវនាវ​ឱ្យ​រដ្ឋ​គោរព​រដ្ឋ​ធម្មនុញ្ញ​ផង​ដែរ។

លោក ​កឹម សុខា ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ក្ដីក្ដាំ​ក្រោម​ការ​ចោ​ទ​ពី​រដ្ឋាភិបាល​ថា​បាន​«ក្បត់​ជាតិ»​ចូល​ដៃ​ជើង​ជាមួយ​រដ្ឋ​បរទេស​នោះ ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា៖

«រួមគ្នា​បញ្ឈប់​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យើង ​ដោយ​កុំបំពាន​លើ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ កុំ​ងាក​ចេញ​ពី...គោលការណ៍ប្រជាធិបតេយ្យ ​សេរីពហុ​បក្ស ដែល​ធានា​ដោយ​ច្បាប់​កំពូល​របស់​យើង»។

ដោយ​ឡែក​ក្រុមមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែលមាន​សមាន​ចិត្ត​ជាមួយលោក សម រង្ស៊ី អតីតប្រធាន ​និង​ជាសហស្ថាបនិក​គណបក្ស ក៏បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែរ​ថា រដ្ឋ​ធម្ម​នុញ្ញ​ត្រូវ​បាន​«ជាន់​ឈ្លី​និង​បំផ្លាញ​ខ្ទេច​ខ្ទី»​ដោយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា៖«របប​ក្រុង​ភ្នំពេញបាន​កែប្រែ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បន្តិច​ម្ដងៗ ជា​ហូរ​ហែ ក្នុង​មហិច្ឆតា​ក្ដោប​ក្ដាប់អំណាច ដែល​ធ្វើឱ្យ​ប៉ះពាល់ និង​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គោល​ការណ៍​នីតិ​រដ្ឋ សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​របប​ប្រជាធិបតេយ្យ ​សេរី​ពហុ​បក្ស ហើយ​ឈាន​ទៅ​រក​ការ​គ្រប់​គ្រង​អំណាច​ផ្ដាច់ការ​ឯក​បក្ស ដែល​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ស្មារតីនៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១»។

នៅ​ពេល​វីអូអេ​សួរ​អំពី​សារ​របស់ក្រុម​ជំទាស់​ លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋា​ភិបាល​ បានបដិសេធ​ឆ្លើយតប ​ដោយ​លើក​ឡើង​ថាលោក​មិនឆ្លើយឆ្លង​ជាមួយ​«គណបក្ស​ឧទ្ទាម»​នោះទេ៕