អ.ស.ប.បានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាននិងកងកម្លាំងអន្តរជាតិដឹកនាំដោយស.រ.អ.បានថាប្រហារជីវិតអ្នកជំងឺពីរនាក់និងយុវជនម្នាក់អាយុ១៥ឆ្នាំនៅក្នុងការឆ្មក់ចូលលុកលុយរួមគ្នាមួយនៅក្នុងមន្ទីរពេទ្យមួយនៅកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍មួយរបស់អ.ស.ប.ដែលបានត្រូវចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុងក្រុងកាប៊ុលបានថ្លែងថាកិច្ចប្រតិបត្តិការនេះបានត្រូវធ្វើកាលពីថ្ងៃទី១៨ខែកុម្ភៈនៅក្នុងតំបន់ Tangi Sayedan នៃស្រុក Daimirdad ខេត្ត Wardak។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «កងកម្លាំងពិសេសនៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាននិងពួកយោធាអន្តរជាតិបានចូលទៅក្នុងមន្ទីរសុខភាពមួយរបស់រដ្ឋាភិបាលដែលត្រូវបានផ្គត់ផ្គង់ថវិកាដោយគណៈកម្មាធិការស៊ុយអែដសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។» សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា «បន្ទាប់ពីអ្នកគ្រប់គ្រងក្នុងមន្ទីរសុខភាពនេះបានត្រូវចាប់ចងនិងបុគ្គលិកឯទៀតៗបានត្រូវបង្ខំឲ្យចូលទៅក្នុងបន្ទប់មួយជាមួយលោកមក អ្នកជំងឺពីរនាក់និងយុវជនម្នាក់អាយុ១៥ឆ្នាំដែលបានទៅកាន់មន្ទីរពេទ្យនោះបានត្រូវនាំខ្លួនទៅកាន់ហាងលក់ទំនិញមួយនៅជិតនោះហើយបានត្រូវប្រហារជីវិតភ្លាមៗ។»
ក្រុមមន្ត្រីយោធាស.រ.អ.នៅក្នុងក្រុងកាប៊ុលបាននិយាយថាពួកគេបានដឹងអំពីសេចក្តីថ្លែងការណ៍របស់អ.ស.ប.ស្តីពីឧប្បត្តិហេតុកាលពីសប្តាហ៍មុននេះហើយ។
លោកវរសេនិយឯក Michael Lawhorn អ្នកនាំពាក្យនៃកងទ័ពជើងគោកស.រ.អ.បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលបញ្ជូនមក VOA «រដ្ឋាភិបាលអាហ្វហ្គានីស្ថានកំពុងធ្វើការស៊ើបអង្កេត។ គោលនយោបាយរបស់យើងគឺមិនពិភាក្សាអំពីការស៊ើបអង្កេតដែលកំពុងបន្តនោះទេ៕»