អ្នកតំណាងរាស្ត្រ អ៊ុំ សំអាន បានស្នើឲ្យក្រុមមេធាវីការពារក្តីលោកប្តឹងប្រឆាំងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឲ្យលោកជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំនិង៦ខែ។ អ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា មើលមិនឃើញច្រកសេរីភាពសម្រាប់តំណាងរាស្ត្រសកម្មជន និងក្រុមមន្ត្រីគណបក្សប្រឆាំងដែលកំពុងស្ថិតក្នុងពន្ធនាគារ នៅគ្រាមេដឹកនាំគណបក្សប្រឆាំង និងគ្រប់គ្រងប្រទេស មិនអាចផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីវិលមកកាន់ការចរចានោះ។
មេធាវីការពារក្តីលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានសម្រេចប្តឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសអ្នកតំណាងរាស្ត្រដែលមានសញ្ជាតិអាមេរិកាំងរូបនេះ ឲ្យជាប់ក្នុងពន្ធនាគារ ២ឆ្នាំ និង៦ខែ។ នេះបើយោងតាមពាក្យបណ្តឹងឧទ្ធរណ៍មេធាវីចុះថ្ងៃទី២០ ខែតុលានេះ។
ក្នុងការកាត់ទោសលោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបដែលធ្វើឡើងកាល ពីថ្ងៃទី១០ ខែតុលា តុលាការក្រុងភ្នំពេញ ក៏បានតម្រូវឲ្យលោកបង់ពិន័យជាប្រាក់ ៤.០០០.០០០ (បួនលាន) រៀល ឬប្រមាណជា១.០០០ដុល្លារអាមេរិកពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាថ្លែងថា រឿងក្តីក្តាំរបស់សកម្មជន និងក្រុមមន្ត្រីនៃគណបក្សសង្គ្រោះជាតិ អាចនឹងអូសបន្លាយជាច្រើនខែទៅមុខទៀត ប្រសិនបើមេដឹកនាំនៃគណបក្សជាប់ឆ្នោតក្នុងសភា គ្មានឆន្ទៈនយោបាយ រកច្រកបំបែកជម្លោះបច្ចុប្បន្ន ដែលបានជះឥទ្ធិពលដល់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក ជួង ជូងី មេធាវីតំណាងឲ្យលោក អ៊ុំ សំអាន ប្រាប់ VOA ថា ក្រុមមេធាវីមិនភ្ជាប់រឿងនយោបាយនឹងការតស៊ូផ្លូវច្បាប់ ដើម្បីជួយកូនក្តីនោះទេ ហើយយុត្តិធម៌អាចកើតមានទៅបាន គឺអាស្រ័យទៅលើការពិចារណារបស់អំណាចតុលាការតែប៉ុណ្ណោះ។
«ខ្ញុំអត់ពិចារណា រឿងហ្នឹងទេ គឺអ្វីដែលយើងជាមេធាវីធ្វើ យើងធ្វើឲ្យអស់ទៅ ហើយចំពោះយ៉ាងហ្នឹង គឺជាកិច្ចការរបស់តុលាការ»។
ក្រុមមេធាវីតំណាងឲ្យលោក អ៊ុំ សំអាន មិនបានបង្ហាញខ្លួននៅក្នុងអង្គសវនាការ ដែលធ្វើឡើងនៅសាលាដំបូងរាជធានីភ្នំពេញ ដោយហេតុថា ដំណើរការកាត់ក្តីត្រូវបានធ្វើឡើងមិនស្របតាមលំនាំច្បាប់ត្រឹមត្រូវ នៅគ្រាលោក អ៊ុំ សំអាន ដែលមិនបានបង្ហាញខ្លួនក្នុងអង្គសវនាការផងដែរនោះ នៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតអង្គការការពារសិទិ្ធមនុស្សលីកាដូ ប្រាប់ VOA ថា មេដឹកនាំគណបក្សនយោបាយដែលទទួលការគាំទ្រពីប្រជារាស្ត្រខ្មែរឲ្យធ្វើច្បាប់ក្នុងសភា ត្រូវផ្តួចផ្តើមឲ្យមានការចរចា ដោយសន្តិវិធី ដើម្បីបញ្ចប់វិបត្តិនាពេលបច្ចុប្បន្ន ដែលលោកយល់ថា អាចសម្រួលឲ្យមានការដោះលែងក្រុមមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
លោកអះអាងថា ជម្លោះដែលអូសបន្លាយមកជាច្រើនខែ ក៏បានធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សផងដែរ។
លោក អំ សំអាត បញ្ជាក់ថា៖
«យើងតែងតែឃើញហើយនៅពេលវិបត្តិនយោបាយ ឬក៏បញ្ហានយោបាយជាប់គាំង ឬក៏តានតឹង ឃើញថា ស្ថានភាពសិទ្ធិមនុស្សវាធ្លាក់ចុះទៅតាមហ្នឹង។ អញ្ចឹងបានថា ចង់ឲ្យអ្នកនយោបាយគាត់ដោះស្រាយគ្នាតាមអ្នកនយោបាយ កុំយកប្រជាពលរដ្ឋឬក៏ធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាព ឬក៏ការគោរពសិទ្ធិមនុស្សនោះបាទ»។
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជារបស់អង្គការសហប្រជាជាតិបានធ្វើការកត់សម្គាល់ពីជម្លោះនយោបាយដែលមានឥទ្ធិពលលើបញ្ហាសិទ្ធិមនុស្សនេះ។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ក្នុងពេលបញ្ចប់ដំណើរទស្សនកិច្ច១០ថ្ងៃនៅប្រទេសកម្ពុជាកាលពីថ្ងៃពុធថា លោកស្រីសោកស្តាយចំពោះការធ្លាក់ចុះនៃស្ថានភាពនយោបាយ ចាប់តាំងពីបេសកកម្មចុងក្រោយរបស់លោកស្រីនៅក្នុងខែមីនា។
ដើម្បីធ្វើឲ្យមានភាពប្រក្រតីនៃស្ថានភាពនយោបាយនេះ លោកស្រីស្នើឲ្យគណបក្សនយោបាយធំៗពីរ តាមរយៈអន្តរការីជាការចាំបាច់ ស្វែងរកឱកាសសម្រាប់ធ្វើការងារប្រកបដោយផលិតភាពជាមួយគ្នា។
បណ្តឹងឧទ្ធរណ៍របស់លោក អ៊ុំ សំអាន បានធ្វើឡើង នៅស្របពេលដែលតុលាការកំពូលបានកំណត់កាលបរិច្ឆេទ បើកសវនាការសម្រេចបណ្តឹងសាទុក្ខរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពីបទបដិសេធក្នុងការចូលខ្លួន។ នេះបើយោងតាមដីកាកោះហៅរបស់អយ្យការតុលាការកំពូល។ អយ្យការបានបង្គាប់ឲ្យលោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមចូលរួមក្នុងអង្គសវនាការ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។
ការកាត់ទោសលោក អ៊ុំ សំអាន ត្រូវគេដឹងថា បានកើតឡើង ក្រោយពីការស៊ើបអង្កេតរបស់ស្ថាប័នតុលាការទៅលើការអធិប្បាយនានារបស់លោក អ៊ុំ សំអាន នៅលើទំព័រហ្វេសប៊ុកពាក់ព័ន្ធនឹងការបង្ហោះផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីខែសីហា ឆ្នាំ២០១៥៕