មេដឹកនាំ​អ៊ុយក្រែន​ថ្កោលទោស​ការ​កាត់ក្បាល​ទាហាន​​​ដែល​ត្រូវ​ចាប់​ខ្លួន​

កងកម្លាំង​ពិសេស​អ៊ុយក្រែន​នៅ​ព្រះវិហារ St Michael's Cathedral មុន​នឹង​បុណ្យ​គ្រឹះស្មាស​ក្នុង​ទីក្រុង​កៀវ

ក្រុម​មន្ត្រី​អ៊ុយក្រែនកាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បើក​ការ​ស៊ើបអង្កេតមួយទៅ​លើរូប​ភាពវីដេអូមួយ​ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដែល​បង្ហាញពីទាហាន​អ៊ុយក្រែន​ម្នាក់​ ត្រូវ​បាន​គេ​កាត់​ក្បាល។​ ​

ទីភ្នាក់ងារ​សារព័តមាន​នានា​ មិន​អាចបញ្ជាក់​ផ្ទៀងផ្ទាត់​បាននៅ​ឡើយទេ​ ពី​ភាព​ពិតប្រាកដ​នៃ​វីដេអូ​មួយ​នេះ​។​ ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ ​បាន​និយាយនៅ​ក្នុង​សារ​តាម​វីដេអូ​ថា​ «នេះ​ជា​រឿង​មួយ​ដែល​គ្មាន​នរណា​ម្នាក់​លើ​លោក​នេះ​ អាច​ព្រងើយ​កន្តើយទេថា​ តើ​វា​ងាយ​ស្រួល​យ៉ាង​ដូច​ម្តេច​ដែល​សត្វតិរច្ឆាន​ទាំង​នេះ​ ធ្វើការសម្លាប់​នេះ»។

លោក Zelenskyy ​និយាយ​ថា​ វីដេអូ​នេះ​ «បាន​បង្ហាញ​ពី​ការ​សម្លាប់​ជន​ជាតិ​អ៊ុយក្រែន​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន»។​ លោក​ថា​ «មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ធ្វើ​ប្រតិកម្ម​លើ​រឿង​នេះ។​ ​កុំរំពឹង​ថារឿង​នេះ​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ ហើយ​ពេល​វេលា​នោះ​ត្រូវ​កន្លង​ផុត​ឱ្យ​សោះ»។​

វីដេអូ​នេះ​ហាក់​ដូច​ជាបាន​បង្ហាញ​ពី​បុរស​ម្នាក់​ស្លៀក​សំលៀក​បំពាក់​ពណ៍បៃតង​ ដែល​មាន​ក្រណាត់​លឿង​ចង​នៅ​ដើម​ដៃ​ ដែល​ជា​សញ្ញា​នៃ​ទាហានអ៊ុយក្រែន​។​ បុរស​រូប​នេះ​បាន​ស្រែក​ មុន​ពេល​ដែល​បុរស​ម្នាក់​ទៀត​ក្នុង​ឯកសណ្ឋាន​យោធា​ បាន​ប្រើប្រាស់​កាំបិត​កាត់​ផ្តាច់​ក្បាល​របស់​បុរស​នេះ។​ បុរស​ដែល​កាត់​ក្បាល​គេនិងបុរស​ម្នាក់ផ្សេង​ទៀត​ និយាយ​ភាសា​រុស្ស៊ី។​ ​

លោក​ Vasyl Maliuk​ ប្រធាន​ទី​ភ្នាក់ងារ​សន្តិសុខ​រដ្ឋ​អ៊ុយក្រែនបាន​និយាយ​ថា​ ​ទី​ភ្នាក់​ងារ​នេះ​បាន​បើកការ​ស៊ើប​អង្កេត​មួយជុំវិញ​រឿង​នេះ។​ ក្រុម​មន្ត្រី​អ៊ុយក្រែន​ កំពុង​ធ្វើ​ការ​សិក្សា​ទៅ​លើ​វីដេអូ​នេះ​ ដើម្បី​រក​អ្នក​ទទួល​ខុសត្រូវក្នុង​រឿង​នេះ​ ក៏​ដូច​ជា​កំពុង​រកអត្តសញ្ញាណរបស់​ជន​រងគ្រោះ​ផង​ដែរ។​

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov បាន​ហៅ​វីដេអូ​នោះ​ថា​ ​មាន​ភាព​ព្រៃផ្សៃខ្លាំង​ក្លា តែ​ថាគេ​ត្រូវ​ចាំបាច់​ដើម្បីផ្ទៀង​ផ្ទាត់​ពី​ការ​ពិត​នៃវីដេអូ​នេះ​ជា​មុន​សិន។​

ប្រធានទីភ្នាក់ងារ​សិទ្ធិមនុស្ស​អ៊ុយក្រែន​លោក​ Dmytro Lubinets និយាយ​ថា​ លោក​នឹង​ស្នើសុំ​ដល់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ដើម្បី​ស៊ើប​អង្កេត​រឿង​នេះ​ផង​ដែរ៕​

លោក Jeff Seldin អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិ​របស់ VOA ចូលរួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​មួយ​ចំនួន​ក៏​បាន​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​AP, AFP និង Reuters ផងដែរ។