ក្រុម​ស៊ើបការណ៍​សម្ងាត់​អ៊ុយក្រែន​ប្រមើល​ឃើញ​ការឈ្លានពាន​របស់​រុស្ស៊ី​ជាយូរ​មក​ហើយ

កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​គេ​ជឿ​ថា ជា​ទាហាន​រុស្ស៊ី ឈរ​យាម​នៅ​ក្រៅ​អង្គភាព​យោធា​អ៊ុយក្រែន​នៅ​ក្នុង​ភូមិ Perevalnoye ដែល​នៅ​ក្រៅ​មជ្ឈមណ្ឌល​រដ្ឋបាល Simferopol នៅ​ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៤។

លោក​មីកូឡា មាល់មុស (Mykola Malmuzh) ​អតីត​ប្រធានស៊ើប​ការណ៍​សម្ងាត់​កិច្ច​ការ​បរទេស​របស់អ៊ុយ​ក្រែន​និយាយ​ថា ​ពួក​ប្រធាន​សន្តិសុខ​អ៊ុយក្រែនបាន​ភ័យ​ខ្លាច​ថា ​ រុស្ស៊ី ​នៅ​ទី​បញ្ចប់​នឹង​ព្យាយាម​រឹបអូស​យក​ឧបទ្ទីប​ Crimea ​ហើយ​ ​បាន​ជំរុញ​លោក​ ​Leonid Kuchma ​ដែល​កាល​ពី​ពេល​នោះ គឺ​ជា​ប្រធានាធិបតី​អ៊ុយក្រែន​ឱ្យ​ទាម​ទារ​បញ្ចូល​យន្ត​ការ​អនុវត្តន៍​ទៅ​ក្នុង​អនុ​ស្ស​រណៈទីក្រុង​ប៊ុយដាប៉ែស​ឆ្នាំ​១៩៩៤ មុន​ពេលចុះហត្ថលេខា។

«លោក​និយាយ​ថា​ ​ពួក​ប្រធាន​ស៊ើបការណ៍​សម្ងាត់​ព្រួយ​បារម្មណ៍​ថា​កិច្ច​ព្រម​ព្រៀង​នោះ ​ដែលត្រូវ​ចុះ​ហត្ថលេខា​ដោយ​សហរដ្ឋ​អាមេរិក ​រុស្ស៊ី ​អង់គ្លេស ​និង​អ៊ុយក្រែន​ ​បានខកខាន​ក្នុង​ការ​ផ្តល់​ការ​ធានាខាងផ្លូវ​ច្បាប់​ដែល​តម្រូវ​ឲ្យ​ប្រតិបត្តិតាម»។

​មហា​អំណាច​ប្រទេស​លោក​ខាង​លិច​និង​អ៊ុយក្រែន ​និយាយ​ថា ​រុស្ស៊ី ​បាន​រំលោភ​កិច្ចព្រម​ព្រៀង​ដោយ​ការ​ឈ្លានពាន​ឧបទ្វីប​ Crimea ។ អនុស្សរណៈ​ទីក្រុង​ប៊ុយ​ដាប៉ែស​បាន​តម្រូវឲ្យ​គ្រប់​ភាគី​ទាំងអស់​ទប់កំ​គំរាមកំហែង​ឬ​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​បូរណភាព​ទឹក​ដីរបស់​អ៊ុយក្រែន។ ​ក៏​ប៉ុន្តែ ​កិច្ចព្រម​ព្រៀង ​មិនមែន​ជា​សន្ធិសញ្ញា​ទេ ​ហើយក៏​មិនតម្រូវ​ឲ្យ​ប្រទេសហត្ថលេខី​ណាមួយត្រូវ​ចាត់​វិធានការ​យ៉ាង​ណាទេ​ក្នុង​ករណី​មានការ​រំលោភ​កិច្ច​ព្រម​ព្រៀងនោះ។

​លោក​ Malmuzh ជា​ឧត្តមសេនីយ៍​កងទ័ព​ដែល​កំពុង​ផ្តល់​យោបល់ដល់​នាយករដ្ឋ​មន្រ្តី​ពេល​បច្ចុប្បន្ន​នេះ​ និយាយ​ថា លោក​និងប្រធាន​សន្តិសុខ​និង​យោធា​អ៊ុយក្រែន​ ​បាន​ចរចាសម្ងាត់​ជាមួយ​សមភាគី​រុស្ស៊ីចាប់​តាំង​រុស្ស៊ី​រឹបអូសយក​ឧបទ្វីប​ Crimea ដើម្បី​ស្វែង​រកមធ្យោបាយដោះស្រាយ​វិបត្តិនេះ។

«លោក ​និយាយ​ថា​កងទ័ព​អ៊ុយក្រែន​បាន​លើក​ទ័ព​ទៅកាន់​តំបន់​ខាង​កើតដើម្បី​ទប់​ការឈ្លាន​ពាន​បន្ថែម​ទៀត​ពី​រុស្ស៊ី។ ​កងទ័ព​អ៊ុយក្រែន ​នឹង​បន្ត​បង្ហាញ​នូវ​ភាព​អត់​ធ្មត់ហើយ​ធ្វើ​ការ​ប្រយុទ្ធ ​ប្រសិនបើ ​មាន​ការ​រំលោភ​បន្ត​ទៀត​របស់​រុស្ស៊ី​ចូលក្នុង​ប្រទេស​អ៊ុយក្រែន ​ឬ​ប្រសិនបើ​អាយុ​ជីវិត​របស់​កងទ័ព​ត្រូវ​គំរាម​កំហែង​នោះ»។

​ក៏​ប៉ុន្តែ ​ការយឺតយ៉ាវ​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​មាន​ការស្តី​បន្ទោស​ពីពួកមេដឹកនាំ​បះបោរនៅ​ទីលាន​ Maidan។ លោក Sergey Poyarkov ជា​មេដឹកនាំ​បះបោរ​នៅ​ទីលាន​ Maidan ម្នាក់​ ​និយាយ​ថា ​រដ្ឋាភិបាល​អន្តរកាល​ ​មាន​ការ​យឺត​យ៉ាវ​ពេក​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​រុស្ស៊ី​ដែល​បានដណ្តើមយក​ដី​ឧបទ្វីប​ Crimea។

«ការណ៍​នេះ ​ហាក់​ដូចជា​ពួកគេ​បាន​ព្រងើយកន្តើយ​យ៉ាង​ខ្លាំងដល់​ស្ថានការណ៍​នេះ។ ​យើង ​មិន​យល់​ថា​តើ​ហេតុអ្វីបាន​ជា​ពួកគេ ​មិន​បានធ្វើ​អ្វី​ពិត​ប្រាកដ​នោះ»។

ខណៈ​ដែល​មិន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នានោះ ​លោកPoyarkov​និង​មេដឹក​បះបោរ​ផ្សេង​ទៀត​ដែល​បាន​ផ្តួល​រំលំប្រធានា​ធិបតី​វីកទ័រ យ៉ាណុកូវិច (Viktor Yanukovych) ​កាល​ពី​ខែ​មុន​ជឿជាក់​លើ​រដ្ឋាភិបាល​អន្តរកាល​របស់​អ៊ុយក្រែន។

«អាចបិទ​ផ្លូវ​ចេញ​ចូល​ទៅ​កាន់ឧបទ្វីប​ Crimea ​ហើយ​នឹង​ផ្នែក​របស់​ Crimea ​ដោយ​កងទ័ព​ផ្ទាល់​របស់​យើង។ ​យើង ​អាច​មើល​ឃើញ​ដូចជា​ខ្សែ​បន្ទាត់​ការពារ​ប្រហែល​ពាក់​កណ្តាល​ឧបទ្វីប​ Crimea»។

​ដោយ​ការ​បោះឆ្នោត​ប្រជា​មតិលើ​អនា​គត​របស់​ឧបទ្វីប​ Crimea ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការតាន​តឹង​កំពុងតែ​មានកាន់​តែ​ខ្លាំង​ឡើង៕

ប្រែសម្រួល​ដោយ​ម៉ែន គឹមសេង