វេជ្ជបណ្ឌិត​​អាមេរិក​​​​ក្នុង​ក្រុង New York ដែល​កើត​នៅ​​អ៊ុយ​ក្រែន​បណ្តុះបណ្តាល​សហការី​​អ៊ុយក្រែន

លោក​វេជ្ជបណ្ឌិត Alex Moroz ដែល​​កើត​ក្នុង​ទីក្រុង Odesa ហើយ​ពេល​នេះ​លោក​ជា​​នាយក​នៃ​កម្មវិធី Physical Residency ​នៃ​មន្ទីរពេទ្យ Langone នៃសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។

ចាប់​តាំង​ពី​ការចាប់ផ្តើម​ការឈ្លានពាន​របស់​រុស្ស៊ីមក ប្រព័ន្ធសុខាភិបាល​អ៊ុយក្រែន​បាន​ស្ថិត​នៅក្រោមសម្ពាធ​ដ៏​ខ្លាំង​ក្លា ដោយក្នុង​មន្ទីរពេទ្យ​មាន​អ្នកជំងឺរងរបួស​ក្នុង​សមរភូមិ​រាប់​ពាន់ នាក់។ វេជ្ជបណ្ឌិត​ម្នាក់​ក្នុង​ទីក្រុង​ New York សហរដ្ឋ​អាមេរិក​ ដែល​មាន​ដើម​កំណើត​អ៊ុយក្រែន​បាន​បង្កើនការជួយ​ដល់​មិត្ត​រួម​អាជីព​របស់​លោកនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​លោក​ចាត់​ទុក​ថា​ក៏​ជា​ផ្ទះ​របស់​លោក​ដែរ។

រូប​ភាព​នៃ​សង្គ្រាមហែកហួរ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជា​រឿង​ដ៏​គួ​រន្ធត់សម្រាប់​វេជ្ជបណ្ឌិត Alex Moroz ដែលកើត​ក្នុង​ទីក្រុង Odesa ហើយ​ពេល​នេះ​លោក​ជានាយក​នៃ​កម្មវិធី Physical Residency ​នៃ​មន្ទីរ ពេទ្យLangoneនៃសាកលវិទ្យាល័យNew York សហរដ្ឋអាមេរិក។ លោកនិយាយ​ដូច​នេះ​ថា៖«ខ្ញុំ​ ធំដឹងក្តី​នៅ​ទី​នោះ ហើយ​ក៏​បាន​មករស់​នៅក្នុង​សហរដ្ឋ​អាមេរិក​ និង​ទទួល​បាន​ការបណ្តុះ​បណ្តាល​ និង​រស់​នៅទី​នេះ​ហើយ​ក្លាយ​ជា​ពលរដ្ឋអាមេរិកាំង។ ខ្ញុំ​មិន​ដែល​សូវ​មានពេលចាក​ចេញពី​ទី​នេះ​ទេ»។

ក្នុង​ឆ្នាំ២០២៣ លោក​ចាប់ផ្តើមកម្មវិធីពិនិត្យព្យាបាល​សរីរាង្គនៅ​មន្ទីរពេទ្យNYU Langoneក្រោយ​ពី​ដឹង​ថាប្រព័ន្ធ​ថែទាំ​សុខភាព​អ៊ុយក្រែន ​កំពុង​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង។ វេជ្ជបណ្ឌិត​អ៊ុយក្រែន​ត្រូវ​ការ​បណ្តុះ​បណ្តាលបន្ថែម​ទៀត​ ដើម្បី​ព្យាបាល​ដល់អ្នក​ជំងឺ​ដែល​មាន​របួសក្នុង​សមរភូមិ។​ កម្មវិធី​បណ្តុះ​បណ្តាល​របស់​លោក​នៅ​ពេលនេះ​បាន​ជា​ការ​ផ្តល់​ការចូលរួម​ចំណែក​មួយ។ លោកAlex Moroz ថ្លែង​ដូច​នេះ​ទៀតថា៖«ការបណ្តុះ​បណ្តាលពីរ​សប្តាហ៍​នេះ​ផ្តោតលើការ​បាត់​បង់​អវយវៈ សិរី រាង្គ​ ​និងការស្តារ​កាយសម្បទា​ឡើង​វិញ និង​ការថែ​ទាំង​លើ​ការប្រេះស្រាំឆ្អឹងដែល​ពិបាក​ៗ ព្រោះការ រង​បួស​ពីការផ្ទុះ​ក្នុង​សម័យ​អាវុធទំនើប​ដែលគេ​បាន​ព្យាបាល​ ភាគ​ច្រើនបាត់​បង់​អវយវៈ។

កម្មវិធី​នេះ​ទទួល​បាន​ការ​ជួយ​ឧត្ថម្ភ​ពីអង្គការ​មិន​រក​កម្រៃ​អាមេរិកាំង។ គោលបំណង​គឺ​ដើម្បី​បញ្ជូន​ក្រុម​គ្រូពេទ្យ​អ៊ុយក្រែន​មក​កាន់​ទីក្រុង New York សហរដ្ឋអាមេរិក​ដើម្បី​បង្រៀន​ពួក​គេ​ពី​ជំនាញ ដែល​គេ​អាច​យក​ទៅ​អនុវត្តនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន។

វេជ្ជបណ្ឌិត​អ៊ុយក្រែន​អ្នកស្រី Valentina Savich ជា​អ្នក​ចូលរួម​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ក្នុង​វគ្គ​បណ្តុះ បណ្តាល​នេះ។ ក្រុម​គ្រូពេទ្យ​ទាំងអស់រៀន​សូត្រពីការងារ​ពាក់​ព័ន្ធ​នឹង​សិរីរាង្គ​ ដែល​ជា​ការ​ចាំបាច់​មួយ​កំពុង​ត្រូវ​ការ​ក្នុង​ប្រទេស​អ៊ុយក្រែន។ អ្នកស្រី​វេជ្ជបណ្ឌិត Valentina Savich និយាយ​ដូច​នេះ​ថា៖«ខ្ញុំ​មិន​ធ្លាប់បាន​ឃើញ​ពី​របួស​បាក់​ប្រេះ​ស្រាំ​ឆ្អឹងជា​ច្រើន​ និងការរងបួស​ផ្សេង​ក្នុង​ពេល​កន្លង​ទៅ។ ខ្ញុំ​ចង់​ទទួល​បាន​បទ​ពិសោធន៍ជុំវិញ​រឿង​នេះ​ និង​យល់​ពីរបៀប​ព្យាបាល​វា»។

អ្នកស្រីSavich និយាយ​ថា​ ​កម្មវិធី​នេះបាន​ធ្វើ​ឱ្យ​អ្នក​ស្រីយល់​កាន់​ច្រើន​ពី​វិធី​ថ្មីៗ​ក្នុង​ការ​ព្យាបាលទាហាននិង​អ្នក​ជំងឺ​ផ្សេងៗ​ ដែល​ទទួល​រងគ្រោះ​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ក្នុង​អំឡុង​ពេល​នៃ​វគ្គបណ្តុះ​បណ្តាល​រយៈពេល​២​សប្តាហ៍​នេះ​ ក្រុម​គ្រូពេទ្យ​ជំនាញ​មិន​ត្រឹម​តែ​រៀន សូត្រ​ពីបច្ចេកវិទ្យាថ្មីៗ​ចុង​ក្រោយ​បំផុត​ ដែល​ពាក់ព័ន្ធ​នឹង​សិរីរាង្គ​មនុស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ទទួល​បាន​ការបណ្តុះបណ្តាលក្នុង​ការ​ជួយ​ដល់​អ្នក​រងរបួសដែល​ប្រឈម​នឹង​ការ​បាក់ស្បាត​ខាង​ផ្លូវ​ចិត្ត​ដោយសារ​សង្គ្រាម​ដែល​កំពុង​កើត​ឡើង​នេះ​ផងដែរ។ លោក​ស្រី​ថ្លែង​ដូច​នេះ​ទៀត​ថា​៖«នេះ​ជា​បទ​ពិសោធន៍​ល្អ​មួយសម្រាប់​ខ្ញុំ ពីព្រោះខ្ញុំធ្វើការ​ជាមួយ​អ្នក​ជំងឺជា​ជនពិការ​ក្នុង​អំឡុង​ពេល​សង្គ្រាម។ ខ្ញុំ​មិន​បាន​សិក្សា​ជំនាញ​នេះ​នៅ​សាកលវិទ្យាល័យ​ទេ។ ដូច​នេះ​ហើយ​បាន​ជា​ខ្ញុំ​ព្យាយាម​ស្វែង​រក​ប្រភព​ព័ត៌មាន​នានា​ ដើម្បី​លើកកម្ពស់​ជំនាញ​ការងារ​ខ្ញុំ​ និង​បង្កើន​ចំណេះដឹង​បន្ថែម​ទៀត»។

អ្នក​ស្រី Savich និង​លោក Moroz ជឿថា​កម្មវិធី​នេះ​ជា​វិធី​មួយ​ក្នុង​ការជួយកសាង​មាតុភូមិ​ជា​ទី​ស្រ ឡាញ់​របស់​គេ​ឡើង​វិញ។ អ្នក​ស្រី Savich បន្ថែម​ដូច​នេះ​ទៀត​ថា៖ «ខ្ញុំ​មិន​អាច​ប្រាប់​អស់​ពី​អារម្មណ៍​របស់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​ភាព​កក់ក្តៅ​នៅ​ទី​នេះ​ ព្រោះ​ដូច​អ្នក​ឃើញ​ហើយ មនុស្សមួយ​ចំនួន​កំពុងព្យាយាមអភិវឌ្ឍន៍​ខ្លួន​គេ ឱ្យ​កា្លយ​ទៅ​ជា​អ្នក​ជំនាញ​ ហើយ​សហគមន៍​នៅ​ទី​នេះ​ល្អ​មិន​គួ​ឱ្យ​ជឿ»។

បើ​ទោះ​បីជា​រស់​នៅ​ផ្នែកម្ខាង​ទៀត​នៃមហាសមុទ្រ​អាត្លង់ទិក​ក្តី​ ក៏​វេជ្ជបណ្ឌិត​ទាំង​ពីរ​រូប​នេះជឿ​ថា​ អ៊ុយក្រែន​នឹងឆ្ពោះ​ទៅ​អនាគត​ដ៏​ល្អ​មួយ៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ