ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយនៅថ្ងៃចន្ទថាលោកបានធ្វើដំណើរទៅក្រុងVovchansk នៅខ្សែត្រៀមជួរមុខ ក្នុងតំបន់ Kharkiv ប៉ែកឦសាន ក្បែរព្រំដែនរុស្ស៊ី ទីដែលកងកម្លាំងរុស្ស៊ី កំពុងព្យាយាមទម្លុះចូល។ នេះបើផ្អែកតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ។
កងកម្លាំងរុស្ស៊ី បានបើកសមរភូមិថ្មីមួយនៅភាគខាងជើងតំបន់នោះកាលពីខែឧសភា ដោយបានរុលចូលយ៉ាងលឿនចម្ងាយរហូតដល់១០គីឡូម៉ែត្រ។ ក្រោយមក យោធាអ៊ុយក្រែន ក៏បានទប់ស្កាត់ការរុលចូលនោះ ដែលជាការរុលចូលសំខាន់មួយឆ្ពោះទៅរកក្រុង Vovchansk។
លោក Zelenskyy បានសរសេរតាមបណ្តាញ Telegramថា«សមរភូមិជួរមុខ Kharkiv ។ ប៉ុស្តិ៍បញ្ជាការឆ្ពោះទៅមុខរបស់កងកម្លាំងប្រតិបត្តិការពិសេសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតំបន់នៃក្រុង Vovchansk »។
រូបថតដែលបានបង្ហាញឃើញលោកកំពុងផ្តល់រង្វាន់ថ្នាក់រដ្ឋដល់ទាហាននិងចាប់ដៃរបស់ពួកគេក្នុងវីដេអូមួយដែលគេបង្ហោះអមជាមួយនឹងសំណេរនោះ។
កងទ័ពអ៊ុយក្រែនថារុស្ស៊ី បានបន្តវាយប្រហារតាមអាកាសតាមតំបន់ព្រំដែនក្នុងតំបន់នោះហើយថាក្នុងពេល២៤ម៉ោងចុងក្រោយ កងកម្លាំងអ៊ុយក្រែន បានវាយរុញច្រានការវាយលុក៦ដងក្បែរក្រុង Vovchansk និងភូមិ Hlyboke ចម្ងាយជាង៣០គីឡូម៉ែត្រពីប៉ែកខាងលិច។
ទោះជាការវាយប្រហាររបស់រុស្ស៊ីនៅតំបន់ Donetskប៉ែកខាងកើត នៅតែការវាយលុកដ៏សំខាន់របស់កងកម្លាំងរុស្ស៊ីក៏ដោយ ក៏ការវាយប្រហារលើតំបន់ Kharkiv បានធ្វើឲ្យបាក់កម្លាំងការពាររបស់អ៊ុយក្រែនដែលមានគ្នាតិចជាង ហើយបានបង្ខំរដ្ឋាភិបាលអ៊ុយក្រែន ឲ្យបញ្ចូនកម្លាំងបន្ថែម។
បន្ទាប់មក អ៊ុយក្រែន ក៏បានជោគជ័យក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តអនុញ្ញាតឲ្យខ្លួនប្រើប្រាស់សព្វាវុធបស្ចិមប្រទេស ដើម្បីវាយប្រហារខ្លះៗឆ្លងព្រំដែនពីតំបន់ Kharkiv វិញ។ អ៊ុយក្រែនថាការណ៍នេះបានជួយខ្លួនការពារការរុលចូលពីសំណាក់កងកម្លាំងរុស្ស៊ី ដែលមកដល់ពេលនេះ មានរយៈពេលជាង២៩ខែហើយនៃការឈ្លានពានពេញទំហឹងរបស់រុស្សីលើអ៊ុយក្រែន៕