មន្ត្រីអ៊ុយក្រែនបានរៀបរាប់ការប្រយុទ្ធគ្នាកាលពីថ្ងៃអង្គារនៅជុំវិញទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែនថាមានភាពតានតឹង បើទោះបីជាដែនដីមួយចំនួនតូចត្រូវបានផ្លាស់ប្ដូរការកាន់កាប់រវាងកងទ័ពរុស្ស៊ីនិងកងទ័ពអ៊ុយក្រែនក៏ដោយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃអង្គារថា៖ «ស្ថានការណ៍ពិបាកបំផុតគឺនៅតែស្ថិតនៅទីក្រុង Bakhmut និងសមរភូមិដែលសំខាន់សម្រាប់ការការពារទីក្រុងនេះ។ រុស្ស៊ីមិនបានយកចិត្តទុកដាក់នឹងកងទ័ពនោះទេ ដោយបញ្ជូនពួកគេឱ្យមកវាយសង្គ្រប់លើទីតាំងរបស់ពួកយើងជានិច្ច។ ភាពតានតឹងនៃការប្រយុទ្ធគ្នាគឺមានតែកើនឡើង»។
លោក Zelenskyy បាននិយាយថា មេបញ្ជាការអ៊ុយក្រែនទទួលបន្ទុកកិច្ចការការពារទីក្រុង Bakhmut លោកឧត្តមសេនីយ៍ឯក Oleksandr Syrskyi បានរាយការណ៍ថា កងទ័ពរុស្ស៊ី ៨០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់នោះតាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក។
កាលពីព្រឹកថ្ងៃអង្គារ លោក Syrskyi បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញថា៖ «ទោះបីជាស្លាប់ទាហានច្រើនគួរសមក៏ដោយ ក៏សត្រូវបានបញ្ជូនកងវាយប្រហារ Wagner របស់ខ្លួនដែលមានការហ្វឹកហាត់បានល្អទៅព្យាយាមបំបែកការការពាររបស់កងទ័ពរបស់យើងនិងហ៊ុមព័ទ្ធទីក្រុង»។
លោក Syrskyi លើកឡើងដូច្នេះចង់សំដៅដល់ក្រុម Wagner Group ដែលជាកងទាហានស៊ីឈ្នួលរបស់រុស្ស៊ីដែលកំពុងប្រយុទ្ធអមនឹងកងទ័ពរុស្ស៊ី។
រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់មួយចំនួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងទីក្រុង Bakhmut ផងដែរ។ ទីក្រុងដែលរងការខូចខាតនេះពីមុនធ្លាប់មានប្រជាជនប្រហែល៧៥.០០០ នាក់រស់នៅ។
ការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែបានផ្ដោតលើក្រុងនិងភូមិនានានៅជុំវិញទីក្រុង Bakhmut ដោយរុស្ស៊ីប៉ុនប៉ងហ៊ុមព័ទ្ធទីក្រុងនេះដើម្បីកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់របស់អ៊ុយក្រែន បើទោះបីជាការប្រយុទ្ធគ្នាមួយចំនួនបានកើតឡើងនៅក្នុងទីក្រុងផ្ទាល់ក៏ដោយ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP , AFP និង Reuters។