អ៊ុយក្រែន​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​ដ៏​ប្រល័យ​លើ​តំបន់ Kharkiv

ទិដ្ឋភាព​នៃ​ការ​បំផ្លិចបំផ្លាញ​និង​មនុស្ស​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី លើ​អាជីវកម្ម​បោះពុម្ព​មួយ​កន្លែង​ ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៧ ​នាក់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ទី​ក្រុង Kharkiv ភាគឦសាន ប្រទេស​អ៊ុយ​ក្រែន។

លោក Oleh Syniehubov អភិបាល​តំបន់ ​បានថ្លែង​តាម Telegram ថា រុស្ស៊ី​បាន​វាយ​ប្រហារ​តំបន់​នេះ​យ៉ាង​ហោច​ណាស់ ១៥ ដង។

នៅ​តំបន់ Belgorod ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី​វិញ ក្រុម​មន្ត្រី​រាយ​ការណ៍​ថា មាន​ការ​ខូចខាត​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដោយ​សារ​តែ​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ុយ​ក្រែន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​បំផ្លាញ​រ៉ុក្កែត​អ៊ុយក្រែន​ចំនួន ៣៥ គ្រាប់​និង​ដ្រូន​ចំនួន ៣ គ្រឿង ដែល​ហោះ​ពីលើ​ទីក្រុង Belgorod។

លោក Vyacheslav Gladkov អភិបាល​តំបន់ បានថ្លែង​តាម​ Telegram ថា ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​បាន​បំផ្លាញ​អគារមួយ និង​បាន​បង្កឱ្យ​មានអគ្គិភ័យ​នៅ​ក្នុង​ទីក្រុង Belgorod។

លោក Gladkov ក៏បាន​រាយការណ៍​ពី​ការខូចខាត​ផ្ទះ​សម្បែង​ជាច្រើន​ខ្នង​នៅក្នុង​ភូមិ​ចំនួនពីរ​ក្នុងតំបន់​នេះផងដែរ។

តំបន់ Belgorod មាន​ទីតាំង​នៅតាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​និង​អ៊ុយក្រែន ហើយ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការវាយ​ប្រហារ​របស់​អ៊ុយក្រែន​ជា​ញឹកញាប់។

ដោយ​ឡែក ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​សរសើរ​ប្រទេស​ស៊ុយអែត សម្រាប់​កញ្ចប់​ជំនួយ​រយៈពេល​បី​ឆ្នាំ ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៧ពាន់​លាន​ដុល្លារ។

លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​នា​ពេល​រាត្រី​របស់​លោក កាល​ពី​ថ្ងៃ​ពុធ​ថា៖ «វានឹង​ជួយ​ពង្រឹង​មិនត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ មិនត្រឹម​តែ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​តំបន់​អឺរ៉ុបទាំង​មូល​ពី​ប្រទេស​តំបន់​បាល់​ទិក​ដល់​សមុទ្រខ្មៅ»។

មេដឹកនាំ​អ៊ុយក្រែន​រូបនេះ​ក៏បាន​អំពាវនាវជា​ថ្មី​សម្រាប់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​ការការពារ​ដែនអាកាស​ផងដែរ។

លោក Zelenskyy បាន​និយាយ​ថា អ៊ុយក្រែន​ត្រូវការ​អាវុធ​ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី​ដែល​បាន​ប្រើ​គ្រាប់បែក​បញ្ជា​ដើម្បីវាយ​ប្រហារ​រោងចក្រថាមពល និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ទៀត។

លោក Zelenskyy បាន​និយាយ​ថា៖ «គ្មាន​ជម្រើសផ្សេងទៀតទេ។ អ៊ុយក្រែន​ត្រូវការ​ប្រព័ន្ធ ​និងយុទ្ធ​សាស្ត្រ ដែល​នឹងអនុញ្ញាត​ឱ្យយើង​ការពារ​ទីតាំង​របស់​យើង ទីក្រុង និង​សហគមន៍​របស់​យើងពី​គ្រាប់​បែក​ទាំង​នេះ»។

កាលពី​ខែ​មេសា លោក​បាន​ថ្លែងថា រុស្ស៊ី​បាន​បញ្ជូនគ្រាប់​បែក​បញ្ជា​ជាង ៣.២០០ គ្រាប់ ចូល​ក្នុង​អ៊ុយក្រែន​បន្ថែម​លើកាំ​ជ្រួច​មីស៊ីល​និង​ដ្រូន​ផងដែរ៕

ព័ត៌មានខ្លះ​នៃសេចក្តីរាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​សារព័ត៌មាន Reuters