យន្តហោះចម្បាំង F-16 ដែលទើបនឹងមកដល់របស់អ៊ុយក្រែន ត្រូវបានដាក់តាំងបង្ហាញដោយលោកប្រធានាធិបតី Volodymyr Zelenskyy ដែលបាននិយាយថា យន្តហោះទាំងនេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
យន្តហោះចម្បាំង F-16 ពីរគ្រឿង ពាក់ស្លាកសញ្ញាលំពែងមុខបី របស់អ៊ុយក្រែននៅលើស្លាបកន្ទុយ ហើយមានសំណាញ់លាក់បាំង គឺជាផ្ទៃខាងក្រោយដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលដែលលោក Zelenskyy ថ្លែងនៅទិវាកងកម្លាំងអាកាស ដែលជាព្រឹត្តិការណ៍មួយដែលត្រូវបានប្រារព្ធឡើងក្រោមការរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងនៅទីតាំងដែលមិនបានបង្ហាញ ដើម្បីការពារយន្តហោះចម្បាំងពីការវាយប្រហាររបស់រុស្ស៊ី។
លោក Zelenskyy បានថ្លែងថាអ៊ុយក្រែនក៏កំពុងព្យាយាមឱ្យប្រទេសជិតខាងជួយការពារប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ីផងដែរ។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២៤ គ្រឿងដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារមួយយប់សំដៅលើតំបន់ជាច្រើននៅក្នុងប្រទេស។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការស្ទាក់ចាប់បានធ្វើឡើងលើតំបន់ Dnipropetrovsk, Kharkiv, Kirovohrad, Kyiv, Poltava, Sumy និង Vinnytsia ។
នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ឆ្លងកាត់ព្រំដែនពីតំបន់ Kharkov ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ុយក្រែនបានធ្វើឱ្យមនុស្សម្នាក់រងរបួស និងបានបំផ្លាញអគារផ្ទះល្វែងចំនួនបួននៅក្នុងទីក្រុង Shebekino៕