ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​រុញច្រាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​រដ្ឋធានី​កៀវ

រូបឯកសារ៖ នៅក្នុងរូបថតចេញពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤នេះ យន្តហោះទម្លាក់គ្រាប់បែក Su-34 របស់កងទ័ពអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីតាំងរបស់អ៊ុយក្រែននៅក្នុងតំបន់ Sumy របស់អ៊ុយក្រែនដែលមានព្រំប្រទល់ជាប់តំបន់ Kursk របស់រុស្ស៊ី។

អង្គភាព​ការពារ​ដែន​អាកាស​នៅ​ជិត​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​បាន​វាយ​រុញច្រាន​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​យោធា​អ៊ុយក្រែន។

ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោង​មីស៊ីល​កាលពី​ថ្ងៃ​អាទិត្យ​លើ​រដ្ឋធានី​កៀវ។

លោក Serhiy Popkoប្រធាន​រដ្ឋបាល​យោធា​រដ្ឋធានី​កៀវ បាន​បញ្ជាក់​នៅលើ​តេឡេក្រាម​ថា៖ «នេះ​ជា​ការ​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោង​មីស៊ីល​លើក​ទី ៣ លើ​រដ្ឋធានី​កៀវ​នៅ​ក្នុង​ខែ​សីហា​នេះ ដោយ​ចន្លោះ​នៃ​ការ​វាយ​ប្រហារ​នីមួយៗ​មាន​រយៈពេល ៦ ថ្ងៃ»។

មេបញ្ជាការ​កងទ័ព​ជើង​អាកាស​របស់​អ៊ុយក្រែន​លោក Mykola Oleshchuk បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​មីស៊ីល ៨ គ្រាប់​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ដែល​ក្នុង​នោះ​មាន​មីស៊ីល​ផ្លោង ៣ គ្រាប់ មីស៊ីល​ស្វ័យ​នាំផ្លូវ ៣ គ្រាប់ និង​មីស៊ីល​បញ្ជា​បាញ់​យន្តហោះ ២ គ្រាប់។ លោក​បាន​និយាយ​ទៀត​ថា​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​មីស៊ីល ៥ គ្រាប់​ក្នុង​ចំណោម​នោះ។

នៅក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyបាន​សរសើរ​ការ​ខំ​ប្រឹងប្រែង​របស់​យោធា​អ៊ុយក្រែន​ដើម្បី​រុញច្រាន​ពួក​អ្នក​វាយ​ប្រហារ។

លោក​បាន​និយាយ​ថា៖ «ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មាន​ការ​វាយ​ប្រហារ​រាប់​សិប​ដង ក៏​ប៉ុន្តែ កងពល​របស់​យើង​ធ្វើ​កិច្ចការ​គ្រប់​បែប​យ៉ាង​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ទាំងនេះ»៕