កងយោធាប្រទេសអ៊ុយក្រែនបានរាយការណ៍ក្នុងរយៈពេលពីរថ្ងៃជាប់គ្នាអំពី «ការថយចុះយ៉ាងច្រើន» នៅក្នុងការវាយប្រហារដោយក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ី តែបាននិយាយថាបទឈប់បាញ់គ្នាមួយមិនបានអនុវត្តទេ ក្នុងអ៊ុយក្រែនភាគខាងកើត។
ក្រុមឧទ្ទាមបានវាយប្រហារចំនួន១៩លើកទៅលើគោលដៅនិងទឹកដីដែលរដ្ឋាភិបាលកាន់កាប់ក្នុងរយៈពេល២៤ម៉ោងមុន នេះបើតាមសេចក្តីថ្លែងការណ៍មួយនៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម Facebook នៅថ្ងៃពុធនេះ ដោយមជ្ឈមណ្ឌលព័ត៌មានសម្រាប់កងយោធាទីក្រុងកៀវ (Kyiv)។
កាលពីថ្ងៃអង្គារ ក្រុមឧទ្ទាមបានចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីបន្ទាត់ជួរមុខ តាមការតម្រូវរបស់បទឈប់បាញ់គ្នាមួយ ដែលអន្តរជាតិជួយសម្របសម្រួលហើយត្រូវចូលជាធរមានកាលពីថ្ងៃទី១៥ ខែកុម្ភៈ។
រដ្ឋាភិបាលអ៊ុយក្រែននិយាយថា ខ្លួនមិនដកអាវុធរបស់ខ្លួនចេញទេ រហូតទាល់តែក្រុមឧទ្ទាមឈប់ធ្វើការវាយប្រហារទាំងស្រុង។
រដ្ឋមន្រ្តីក្រសួងការបរទេស រុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង បានជួបគ្នាកាលពីថ្ងៃអង្គារនៅក្រុង ប៉ារីស តែមិនចុះសម្រុងគ្នាអំពីបញ្ហាថាតើអ្នកណាជាអ្នកត្រូវបន្ទោសលើការរំលោភចំពោះបទឈប់បាញ់គ្នា៕