អ៊ុយក្រែន​ថា​រុស្ស៊ី​វាយ​ប្រហារ​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ ខណៈ​ខ្លួន​ត្រៀម​ប្រារព្ធ​ទិវា​ឯករាជ្យ

រូបឯកសារ៖ ទាហាន​រុស្ស៊ី​ម្នាក់​ឈរ​យាមល្បាត​នៅ​ក្នុង​តំបន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ក្រោម​ការ​គ្រប់​គ្រង​របស់​យោធា​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២២។

ប្រទេស​អ៊ុយក្រែន​បាន​រាយការណ៍​ថា​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​ថ្មី​តាម​ផ្លូវ​អាកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ជិត​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia។

ការ​លើកឡើង​របស់​អ៊ុយក្រែន​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ព្រមាន​ថា​រុស្ស៊ី​អាច​ធ្វើ​សកម្មភាព​ណា​មួយ​នៅ​ពេល​ដែល​អ៊ុយក្រែន​កំពុង​ត្រៀម​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ខ្លួន។ អ៊ុយក្រែន​នឹង​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ខាង​មុខ។

អភិបាល​តំបន់​លោក Valentyn Reznichenko បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​របស់​រុស្ស៊ី​បាន​ប៉ះ​ចំ​តំបន់​នៅ​ភាគ​ខាង​លិច​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia។ លោក Reznichenko ថា រ៉ុក្កែត​ទាំង​នោះ​បាន​ប៉ះ​ចំ​ផ្ទះ​ប្រជាពលរដ្ឋ សាលា​មត្តេយ្យ​មួយ​កន្លែង និង​ហាង​មួយ​ចំនួន។

កន្លង​មក រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​នឹង​ការ​បាញ់​ផ្លោង​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​នោះ។ អ៊ុយក្រែន​បាន​ស្នើ​អង្គការ​សហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ឱ្យ​បង្ខំ​រុស្ស៊ី​ឱ្យ​ចាកចេញ​ពី​រោងចក្រ​នោះ។ រុស្ស៊ី​បាន​ត្រួតត្រា​រោងចក្រ​នោះ​តាំង​ពី​ខែ​មីនា​មក បើ​ទោះបីជា​អ្នក​បច្ចេកទេស​អ៊ុយក្រែន​នៅ​ធ្វើ​ជា​អ្នក​ប្រតិបត្តិការ​លើ​រោងចក្រ​នោះ​ក៏ដោយ។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នេះ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​ថា មេដឹកនាំ​ទាំង ៤ រូប​បាន​ពិភាក្សា​គ្នា​អំពី «តម្រូវការ​ចាំបាច់​នៅ​ក្នុង​ការ​បញ្ចៀស​មិន​ឱ្យ​មាន​ប្រតិបត្តិការ​យោធា​ណា​មួយ​នៅ​ជិត​រោងចក្រ​នោះ និង​សារៈសំខាន់​នៃ​ការ​មាន​ទស្សនកិច្ច​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ពិនិត្យ​ឱ្យ​បាន​ច្បាស់​នូវ​ស្ថានភាព​នៃ​ប្រព័ន្ធ​សុវត្ថិភាព [នៅ​រោងចក្រ​នោះ]»។

កាលពី​យប់​ថ្ងៃ​អាទិត្យ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា លោក​បាន​និយាយ​ជាមួយ​នឹង​លោក Macron អំពី «ការ​គំរាមកំហែង​ទាំង​អស់» ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី និង​ថា សារ​ស្រដៀង​គ្នា​នេះ​ដែរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres និង​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters