អ៊ុយក្រែនរាយការណ៍ពីគ្រាប់មីស៊ីលរុស្ស៊ីបាញ់ចំអគារលំនៅដ្ឋានក្នុងទីក្រុង Zaporizhzhia

ក្រុមអ្នកពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់កំពុងប្រតិបត្តិការនៅអគារមួយដែលត្រូវបានបំផ្លាញដោយការបាញ់មីស៊ីលរបស់រុស្ស៊ី នៅតំបន់ Zaporizhzhia ប្រទេសអ៊ុយក្រែន ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣។

ក្រុម​អាជ្ញាធរ​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គ្រាប់​មីស៊ីលមួយ​គ្រាប់​របស់​រុស្ស៊ី​ បាន​បាញ់​ចំ​អគារ​លំនៅដ្ឋាន​មួយ​កន្លែង ក្នុង​ទីក្រុង Zaporizhzhia ភាគខាង​ត្បូង​អ៊ុយក្រែន​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ ៣ ​នាក់​ដែរ។ ​

ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelenskyy​ បាន​បង្ហោះសារ​លើ​បណ្តាញ​តេឡេក្រាម​ថា​ គ្រាប់​មីស៊ីល​នោះ​ ​បាន​បំផ្លាញអគារ​លំនៅដ្ឋាន​នេះអស់​ ៣​ជាន់​ ហើយ​សកម្មភាព​ជួយ​សង្គ្រោះ​កំពុង​បន្ត​ធ្វើ​ឡើង​។ ​

លោក ​Zelenskyy និយាយ​ក្នុង​សារ​បង្ហោះ​នោះ​ទៀត​ថា៖​ «រដ្ឋ​ភេរវកម្មរុស្ស៊ី ចង់​ប្រែក្លាយគ្រប់ថ្ងៃ​ទាំង​អស់ឱ្យ​ទៅ​ជា​ថ្ងៃ​ភ័យរន្ធត់​សម្រាប់ពលរដ្ឋ​យើង។​ ​យើង​នឹង​បណ្តេញ​ពួក​គេ​ចេញ​ ហើយ​ពួក​គេ​នឹង​ត្រូវ​ដាក់​ឱ្យ​ទទួល​ខុសត្រូវ​នូវ​អំពើ​គ្រប់យ៉ាង​របស់​គេ»។​

យោធា​អ៊ុយក្រែន​ រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កងកម្លាំង​រុស្ស៊ី​ បន្ត​រុល​ទៅ​មុខនិង​វាយប្រហារ​លើ​ទីក្រុង Bakhmut ​ជា​កន្លែង​ដែល​មាន​ការ​ប្រយុទ្ធគ្នា​ដ៏​ខ្លាំង​អស់​ពេលរាប់ខែ​មក​ហើយ។

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​ លោកស្រី​ Hanna Maliar បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ រដ្ឋាភិបាល​ក្រុង​កៀវ បាន​បញ្ជូន​កម្លាំង​បន្ថែមទៅ​កាន់​ក្រុង​ Bakhmut បើ​ទោះ​បី​ជា​កម្លាំង​រុស្ស៊ី​បាន​ពង្រឹង​ទីតាំង​ឈរជើង​របស់​គេ​ជាបណ្តើរ​ៗក្តី។​

លោក​ស្រី​មិនបាន​និយាយ​ទេ​ថា​ តើ​អ៊ុយក្រែន​បាន​បញ្ជូន​កម្លាំង​បន្ថែម​ប៉ុន្មាន​ទៅ​ទី​នោះ ហើយ​តើ​កម្លាំ​ងទាំង​នោះ​នឹង​ត្រូវប្រើ​ប្រាស់​ក្នុង​របៀប​ណា​ ឬ​មួយ​ប្រយុទ្ធ​ដើម្បី​ការពារ​ទីក្រុង​នេះ ឬ​ផ្តល់ការ​គាំទ្រ​ផ្នែកភស្តុភា​ ប្រសិន​បើអ៊ុយក្រែន​ត្រូវ​សម្រេច​ចិត្ត​ដក​ថយពី​ទីក្រុង​នេះ​៕