អ៊ុយក្រែន​អះអាង​ត្រួតត្រា​ផ្នែក​ធំ​ល្វឹងល្វើយ​នៃ​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ឈរ​នៅ​កន្លែង​នៃ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​ក្នុង​ក្រុង Kryvyi Rih ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០២៤។

មេបញ្ជាការ​យោធា​អ៊ុយក្រែន​បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា​កង​កម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​បានត្រួតត្រា​ជិត១ពាន់៣រយ​គីឡូម៉ែត្រ​ការ៉េ​នៃ​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី​ក្នុង​អំឡុង​នៃ​ការលុកលុយ​រយៈពេល៣សប្តាហ៍​របស់​ខ្លួន​ហើយ​បាន​ចាប់​ឈ្លើយ​សង្គ្រាម​រុស្ស៊ី៥៩៤នាក់​ដែល​ខ្លួន​សង្ឃឹម​ថា​នឹងយកទៅ​ដោះដូរ​ជា​មួយ​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ត្រូវរុស្ស៊ី​ឃុំឃាំង។

ឧត្តមសេនិយ៍ Oleksandr Syrskyiបាន​និយាយ​ថា​ការរុល​ទៅមុខ​របស់​អ៊ុយក្រែន​បាន​ទាក់ទាញ​កងទ័ព​រុស្ស៊ី​គ្រប់​ទីកន្លែង ដោយ​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ«ដើម្បី​បង្កើត​ខ្សែ​ក្រវាត់​ការពារ​ជុំវិញ​ក្រុម​កងទ័ព​របស់​យើង​ និងដើម្បីធ្វើផែនការ​ធ្វើ​សកម្មភាព​វាយ​បកវិញ»។

មនុស្ស៥នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ត្រូវ​សម្លាប់​ហើយ១៦នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការវាយប្រហារ​ថ្មី។

លោក​ប្រធានាធិបតីZelenskyyបាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គមXថា«យើង​នឹង​ឆ្លើយតប​ដោយ​គ្មាន​ការមន្ទិល​សង្ស័យ​ដល់​រុស្ស៊ី​ចំពោះ​ការវាយ​ប្រហារ​នេះ​និង​ការវាយ​ប្រហារ​ទាំង​អស់​ផ្សេងទៀត។ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​មិន​អាចគ្មាន​ទោសពៃរ៍​បាន​ទេ»។

កិច្ចប្រតិបត្តិការ​តំបន់ Kursk ដែល​ជា​ការលុកលុយ​ដ៏​ធំ​បំផុត​ចូលក្នុង​ប្រទេស​រុស្ស៊ី​ចាប់ តាំង​ពី​សង្គ្រាម​លោក​លើកទី២ បាន​បង្ខំ​ពួក​អ្នក​ស្រុក១សែន៣ម៉ឺន​នាក់​ឱ្យ​ជម្លៀស​ខ្លួនចេញ​ពីផ្ទះ​សម្បែង។ រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​ចូល​ក្នុង​តំបន់​នោះ ក៏ប៉ុន្តែ គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើការធ្វើបែបនេះអាច​ធ្វើ​ឱ្យ​ទីតាំងរបស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ភាគ​ខាង​កើត​អ៊ុយក្រែន​ជា​ទីកន្លែង​ដែល​កងទ័ព​រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​រុលទៅមុខនោះ ចុះខ្សោយដល់កំរិតណាទេ។

ក្រសួង​ការពារ​ជាតិ​របស់​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា​អ៊ុយក្រែន​បាន​ខូចខាត​យ៉ាង​ដំណំ​នៅ​ក្នុង​តំបន់ Kursk ដែល​មាន​កងទ័ព​ប្រហែល៦ពាន់៦រយនាក់​ត្រូវ​បាន​សម្លាប់​ឬ​រងរបួស ហើយ​ថា​រថក្រោះ​ជាង៧០គ្រឿង​បាន​ត្រូវ​កំទិច រួម​ជាមួយ​រថពាស​ដែក​មួយ​ចំនួន​ធំ។ តួលេខ​ទាំង​នេះ​មិន​អាច​បញ្ជាក់​ដោយ​ក្រុម​ឯករាជ្យ​បានទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters