អ៊ុយក្រែន​រាយការណ៍​ពី​ការវាយប្រហារ​ដ៏​ធំមួយ​របស់​រុស្ស៊ី

រូបឯកសារ៖ គ្រាប់​រ៉ុក្កែត​របស់​រុស្ស៊ី​ដែល​បាញ់​ទៅ​លើ​អ៊ុយក្រែន​ពី​តំបន់ Belgorod របស់​ប្រទេស​រុស្ស៊ី នៅ​ពេល​ព្រលឹម​នៅ​ក្នុង​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

អ៊ុយក្រែន​បាន​និយាយ​ថា​ រុស្ស៊ី​បាន​ចាប់ផ្តើម​វាយប្រហារ​ដោយ​ប្រើ​កាំជ្រួច​មីស៊ីល​ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ដ៏«ធំមួយ»​នៅ​ថ្ងៃ​សុក្រ​នេះ ​មួយ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ទៅ​បំពេញ​ទស្សនកិច្ចក្នុង​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ដើម្បី​ស្វះស្វែង​រក​អាវុធ​ធុនធ្ងន់។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ «ពួក​សត្រូវ​បាន​វាយប្រហារ​ទីក្រុង​និង​ទីកន្លែង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។ ពួក​គេ​បាន​បន្ថែម​ទៀត​ថា ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន Kamikaze ធ្វើ​នៅ​ប្រទេស​អ៊ីរ៉ង់​ចំនួន៧គ្រឿង​បាន​ហោះចេញពី​សមុទ្រ Azov ហើយ​កាំជ្រួច​មីស៊ីល Kalibr ចំនួន៦គ្រាប់​បាន​បាញ់​ចេញ​ពី​សមុទ្រ​ខ្មៅ។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​បញ្ជាក់​ទៀត​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះដ្រូន​គ្មាន​មនុស្ស​បើក​ចំនួន៥គ្រឿង​ និង​កាំជ្រួច​មីស៊ីល Kalibr ចំនួន៥គ្រាប់។

កងទ័ព​អាកាស​អ៊ុយក្រែន​ក៏បាន​និយាយ​ផង​ដែរថា រុស្ស៊ី​ក៏​បាន​ធ្វើ​ការវាយ​ប្រហារ​ដ៏«ធំមួយ»​ដោយ​ប្រើ​កាំជ្រួច​មីស៊ីល​វាយ​ប្រហារ​យន្តហោះ​ចំនួន៣៥គ្រាប់​ ដែល​សំដៅ​លើ​តំបន់ Kharkiv នៅ​ក្នុង​ផ្នែក​ខាង​កើត​និង​ភាគ​ខាង​ត្បូង​តំបន់ Zaporizhzhia។

ក្នុងតំបន់ Kharkiv «កន្លែង​ដែល​មាន​ហេដ្ឋារចនា​សម្ពន្ធ​សំខាន់ៗ​បាន​រងការវាយ​ប្រហារ» ដែល​បាន​បណ្តាល​ឱ្យ​មាន​អគ្គីភ័យ​ដែល​ត្រូវ​បាន​ពន្លត់​យ៉ាង​រហ័ស។ នេះ​បើ​តាម​លោក​អភិបាល Oleg Sinegubov។

លោក​បាន​និយាយ​ទៀត​ថា ​គ្មាន​មនុស្ស​បាន​រងរបួស​ទេ ក៏ប៉ុន្តែ​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​មិន​មាន​ភ្លើងអគ្គីសនីប្រើ​នោះ​ទេ។

លោក​ Anatoly Kurtev មន្ត្រី​ក្នុង​មូលដ្ឋានម្នាក់​បាន​និយាយ​ថា «ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ និង​ឧស្សាហកម្ម​បាន​រងការ​ខូចខាត​នៅ​ក្នុង​តំបន់ Zaporizhzhia ដែល​បាន​ធ្វើ​ឱ្យ​ផ្នែក​នានា​នៃ​ទីក្រុង​គ្មាន​ភ្លើង​អគ្គីសនី»៕