អ៊ុយក្រែន​ថា​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី ១៣ គ្រឿង

ទាហាន​អ៊ុយក្រែន​ប្រតិបត្តិការ​អាវុធ​បញ្ជា​បាញ់​មីស៊ីលលើ​អាកាស​នៅ​ទីតាំង​សមរភូមិ​ ក្នុង​តំបន់ Zaporizhzhia នៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​រុស្ស៊ី​ដែល​បាន​បាញ់​សំដៅ​លើ​តំបន់​នានា​នៅ​ភាគ​ខាង​លិច កណ្ដាល និង​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន រីឯ​មីស៊ីល​របស់​រុស្ស៊ី​វិញ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ២ នាក់​នៅក្នុង​តំបន់ Sumy។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ១៣ គ្រឿង​ក្នុង​ចំណោម ១៤ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​នៅក្នុង​ការ​វាយ​ប្រហារ​កាលពី​យប់មិញ​លើ​តំបន់ Mykolaiv តំបន់ Kirovohrad និង​តំបន់ Rivne។

អភិបាល​តំបន់ Mykolaiv លោក Vitaliy Kim បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន ១១ គ្រឿង​នៅក្នុង​តំបន់​របស់​លោក។ លោក​មិន​បាន​បញ្ជាក់​ថា​មាន​ការ​ខូចខាត​ឬ​រង​របួស​ណាមួយ​ដោយសារ​ដ្រូន​នេះ​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើកឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​សមុទ្រពីរ​គ្រឿង​ដែល​បាញ់​ឆ្ពោះ​មក​កាន់​ឧបទ្វីប​គ្រីមា (Crimea) ក៏ដូចជា​ដ្រូន​បាញ់​ពី​អាកាស​មួយ​គ្រឿង​និង​រ៉ុក្កែត ៧ គ្រាប់​លើ​តំបន់ Belgorod នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន។

លោក Veniamin Kondratyev អភិបាល​តំបន់ Krasnodar នៃ​ប្រទេស​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​មួយ​គ្រឿង​លើ​ទីក្រុង Armavir។

ទាក់ទិន​នឹង​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត នៅ​ថ្ងៃ​ពុធ​នេះ ប្រទេស​ស៊ុយអែត​បាន​ប្រកាស​ផ្ដល់​ជំនួយ​យោធា​ចំនួន ១,២ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​បញ្ជាការ​ប្រើ​រ៉ាដា​ឈ្លប​យកការណ៍ គ្រាប់​កាំភ្លើង​ធំ និង​រថពាស​ដែក​ផងដែរ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​សារជាថ្មី​កាលពី​ថ្ងៃ​អង្គារ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គួរតែ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​អំពី​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស្វីស​នៅ​ខែ​ក្រោយ​ដើម្បី​បញ្ជូន​សារ​ទៅ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក​លោក Alexander De Croo នៅក្នុង​ប្រទេស​បែលហ្ស៊ិក លោក Zelenskyy បាន​និយាយ​ថា កិច្ចប្រជុំ​សន្តិភាព​ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ​ដល់​ទី​១៦ ​ខែ​មិថុនា​ខាងមុខ​នេះ​នឹង​ត្រូវ «រៀបចំ​ដោយ​ពិភពលោក​ទាំងមូល» ​ហើយ​មេដឹកនាំ​នានា​នឹង​សម្លឹង​មើល​លើ​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP