អ៊ុយក្រែន​ជំរុញ​ឱ្យ​មាន​ការ​ផ្ដល់​យន្តហោះ​ចម្បាំង F-16 ដល់​ខ្លួន បន្ទាប់ពី​អាមេរិក​ថា​មិន​ទាន់​ដល់​ពេល

រូបឯកសារ៖ យន្ដហោះចម្បាំង Air Force F-16 របស់​សហរដ្ឋ​អាមេរិកកំពុង​ហោះ​លើ​ដែនអាកាស​អ៊ីរ៉ាក់​និង​ស៊ីរី ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​អ៊ុយក្រែន​បាន​បន្ត​ជំរុញ​សម្ព័ន្ធមិត្ត​នានា​ឱ្យ​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ដល់​កងទ័ព​របស់​ខ្លួន បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​បាន​វាយតម្លៃ​កាលពី​លើក​ចុងក្រោយ​បង្អស់​ថា​ការ​ផ្ដល់​យន្តហោះ​ចម្បាំង F-16 របស់​ខ្លួន​ដល់​អ៊ុយក្រែន​នៅ​ពេល​នេះ​គឺ​មិន​ទាន់​ទំនង​ក៏ដោយ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​សរសេរ​នៅ​លើ Twitter ថា៖ «ការ​ពិភាក្សា​ណា​មួយ​អំពី​ការ​ផ្គត់ផ្គង់​ដល់​អ៊ុយក្រែន​នូវ​អាវុធ​ថ្មី​ដ៏​សំខាន់​ណា​មួយ​គឺ​ចាប់ផ្ដើម​ជាមួយ​នឹង​ពាក្យ​ថា «មិន​យល់ព្រម» និង​បញ្ចប់​ជាមួយ​នឹង​ពាក្យ​ថា «យល់ព្រម»។ កាលពី​ឆ្នាំ​មុន យើង​បាន​ដោះស្រាយ​ការ​សម្រេចចិត្ត​នយោបាយ​លើ​អាវុធ​ដ៏​សំខាន់​ចំនួន ៦ ប្រភេទ​ក្នុង​ចំណោម ៧ ប្រភេទ។ អាវុធ​តែ​មួយ​ប្រភេទ​ដែល​នៅ​សល់​នោះ​គឺ​យន្តហោះ​ចម្បាំង»។

លោក Kuleba បាន​និយាយ​បញ្ឆិតបញ្ឆៀង​ដល់​ភាព​ស្ទាក់ស្ទើរ​កាលពី​លើក​មុន​នៅ​ក្នុង​ការ​បញ្ជូន​រថក្រោះ​និង​ជំនួយ​យោធា​ផ្សេង​ទៀត​ដល់​អ៊ុយក្រែន​ថា ដៃគូ​របស់​ខ្លួន​នៅ​ទីបំផុត​បាន​សម្រេចចិត្ត​ផ្ដល់​ឱ្យ​ខ្លួន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ ABC News ថា ទាក់ទិន​នឹង​សំណួរ​អំពី​ការ​ផ្ដល់​យន្តហោះ​ចម្បាំង F-16 ដល់​អ៊ុយក្រែន លោក «ដក​វា​ចេញ​នៅ​ពេល​ឥឡូវ​នេះ»។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​បញ្ជាក់​ក្នុង​កម្មវិធី «Meet the Press» របស់​ទូរទស្សន៍ NBC កាលពី​ថ្ងៃ​អាទិត្យ​ថា មេបញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក​ជឿ​ថា​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ​នៅ​ពេល​ឥឡូវ​នេះ​គឺ «រថក្រោះ រថពាស​ដែក​ដឹក​កងទ័ព រថពាស​ដែក​ប្រយុទ្ធ​ទ័ព​ថ្មើរ​ជើង កាំភ្លើង​ធំ និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​នៅ​សមរភូមិ​ជួរ​មុខ»។

លោក Sullivan បាន​និយាយ​ថា៖ «ដំណាក់កាល​នេះ​គឺ​អំពី​ការ​ប្រយុទ្ធ​តាម​ផ្លូវ​គោក​និង​ការ​មាន​លទ្ធភាព​មាន​អាវុធ​នៅ​ក្នុង​ដៃ​របស់​កងទ័ព​អ៊ុយក្រែន​ដើម្បី​ដណ្ដើម​យក​ដែនដី​ដែល​រុស្ស៊ី​កំពុង​កាន់កាប់​មក​វិញ»។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា សម្ព័ន្ធមិត្ត​កំពុង​ផ្ដល់​ដល់​អ៊ុយក្រែន​នូវ​គ្រឿង​បន្លាស់​សម្រាប់​យន្តហោះ​ចម្បាំង MiG-29 និង​យន្តហោះ​ចម្បាំង SU-27 សម័យ​សូវៀត ដែល​អ្នក​បើក​យន្តហោះ​អ៊ុយក្រែន​ប្រើ​ជា​រៀងរាល់​ថ្ងៃ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters