អ៊ុយក្រែន​បើក​ការ​វាយប្រហារ​ដំបូង​ដោយ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្ដល់​ដោយ​អាមេរិក​ទៅ​លើ​រុស្ស៊ី

ទាហាន​អ៊ុយក្រែន​បាញ់កាំភ្លើង​ធំ​ទៅ​កាន់រុស្ស៊ី​កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។

អ៊ុយក្រែន​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​វាយ​ប្រហារ​លើ​ឃ្លាំង​គ្រាប់​រំសេវ​នៅ​តំបន់ Bryansk ប្រទេស​រុស្ស៊ី​ក្នុង​ការវាយប្រហារ​មួយ​នៅ​មុន​រៀប​ភ្លឺ។ នេះ​ជា​ការវាយប្រហារ​មួយ​ដែល​ភាគី​សង្គ្រាម​ថា​ជា​លើក​ដំបូង​ដែល​មាន​ពាក់ព័ន្ធ​នឹង​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្ដល់​ដោយ​អាមេរិក។​

ភាគី​ទាំង​ពីរ​ប្រកែក​គ្នា​ពី​ប្រសិទ្ធភាព​នៃ​ការ​វាយប្រហារ​នេះ​ ដែល​ធ្វើ​ឡើង​២ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​កែ​គោលនយោបាយ​អាមេរិក​និង​បាន​យល់​ព្រម​ឱ្យ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ឈាន​ដល់​ថ្ងៃ​ទី​១០០០។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​កាលពី​យប់​មិញ​បាន​វាយប្រហារ​លើ​អគារ​មួយ​នៅ​តំបន់Bryansk» ដោយ​ប្រើប្រាស់​ប្រព័ន្ធ​រ៉ុក្កែត​មីស៊ីល ATACMS ផលិត​ដោយ​អាមេរិក ប៉ុន្តែ​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ទម្លាក់​បាន​៥​គ្រាប់​ហើយ​បាញ់​កម្ទេច​គ្រាប់​ទី​៦។ រុស្ស៊ី​ថា​កម្ទេចកំទី​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ទាំង​នោះ​បាន​បង្ក​ឱ្យ​ឆេះ​អគារ​យោធា ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​ឬ​របួស​នោះ​ទេ។​

មន្ត្រី​យោធា​អ៊ុយក្រែន​បាន​និយាយ​ក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា កងកម្លាំង​របស់​ខ្លួន​បាន«បង្ក​ការ​ឆាបឆេះ​បំផ្លិចបំផ្លាញ»លើ«ឃ្លាំង​រំសេវ​របស់​រុស្ស៊ី»នៅ​តំបន់ Bryansk​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយក្រែន។

សេចក្តី​ថ្លែងការណ៍​បាន​ឱ្យ​ដឹង​ថា​ ការ​វាយប្រហារ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​ជា​បន្ទាប់​បន្សំ​និង​ការ​ផ្ទុះ​នានា​ចំនួន​១២ នៅ​ក្នុង​តំបន់​ទីដៅ» ប៉ុន្តែ​មិនបាន​បញ្ជាក់​ថា​មីស៊ីល​ចម្ងាយ​ឆ្ងាយ ATACMS ត្រូវ​បាន​ប្រើប្រាស់​ឬ​ក៏​អត់​នោះ​ទេ។​ ប៉ុន្តែ​មន្ត្រី​អ៊ុយក្រែន​ម្នាក់​ដែល​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ពិត​ជា​បាន​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​នេះ​មែន។

លោក Biden បាន​ប្តូរ​ជំហរ​របស់​លោក​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បញ្ជូន​កងទ័ព​១​ម៉ឺន​នាក់​ទៅ​កាន់​រុស្ស៊ី​ដើម្បី​ជួយ​រុស្ស៊ី​នៅ​តំបន់ Kursk ដែល​អ៊ុយក្រែន​ដណ្តើម​ការ​កាន់​កាប់​បាន​កាលពី​ខែ​សីហា។​

ខណៈ​ដែល​អ៊ុយក្រែន​ឥឡូវ​មាន​សមត្ថភាព​ដើម្បី​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​កាន់​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​ កាលពី​ថ្ងៃ​អង្គារ​បាន​ចុះ​ហត្ថលេខា​លើ​គោលការណ៍​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​កែ​សម្រួល​ឡើង​វិញ​ដែល​បាន​បញ្ជាក់​ថា ​ការ​វាយប្រហារទៅ​លើ​រុស្ស៊ី​ដោយ​ប្រទេស​ណាមួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​មាន​នុយក្លេអ៊ែរ​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​វាយប្រហារ​រួម​មួយ​ហើយ​អាច​បង្ក​ទៅ​ជា​ការ​ឆ្លើយតប​ដោយ​នុយក្លេអ៊ែរ។

នៅ​ពេល​អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov​ ត្រូវ​បាន​សាកសួរ​ថា​តើ​គោលការណ៍​ដែល​ត្រូវ​បាន​កែ​សម្រួល​ឡើងវិញ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អនុញ្ញាត​របស់​អាមេរិក​ឱ្យ​អ៊ុយក្រែន​ប្រើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​នោះ​ឬ លោកPeskov បាន​ថ្លែង​ថា គោលការណ៍​នេះ​ដាក់​ចេញ​ «ទាន់​ពេល​វេលា» ហើយ​ថា​លោក​ Putin ចង់​ធ្វើ​បច្ចុប្បន្នភាព​លើ​គោលការណ៍​នេះ​ឱ្យ​សមស្រប​ទៅ​តាម«ស្ថានការណ៍​បច្ចុប្បន្ន»។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មានthe Associated Press ៕