ក្រុមមន្ត្រីនិយាយថា អ៊ុយក្រែនកាលពីយប់មិញបានធ្វើការវាយប្រហារ ដោយដ្រូនជាច្រើនគ្រឿងលើប្រទេសរុស្ស៊ីនិងឧបទ្វីប Crimea ដែលរុស្ស៊ីកាន់កាប់ដោយសម្លាប់មនុស្សពីរនាក់ ដែលក្នុងនោះម្នាក់ជាកុមារ និងបានធ្វើឱ្យឆេះទីតាំងចម្រាញ់ប្រេងមួយកន្លែងផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានស្រង់សម្តីក្រុមមន្ត្រីនៅថ្ងៃសុក្រនេះ។
នេះជាការវាយប្រហារតាមអាកាសក្នុងទ្រង់ទ្រាយធំបំផុតរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ហើយបានកើតឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខនៅលើសមរភូមិប្រយុទ្ធ ដោយវាយដណ្តើមកាន់កាប់ទឹកដីជាច្រើនរបស់អ៊ុយក្រែន ក្នុងរយៈពេល ១៨ ខែនេះ ខណៈអ៊ុយក្រែនកំពុងប្រឹងប្រែងទប់ទល់នឹងការខ្វះខាតគ្រាប់រំសេវ និងកម្លាំងមនុស្ស។
យោធារុស្ស៊ីនិយាយថាខ្លួនបានស្ទាក់បាញ់និងបំផ្លាញដ្រូនអ៊ុយក្រែនជាង ១០០ គ្រឿងនៅលើអាកាសនិងសមុទ្រ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ក៏ដូចជាលើតំបន់គ្រីមមៀនិងសមុទ្រខ្មៅកាលពីយប់មិញផងដែរ។
យោធារុស្ស៊ីបន្តទៀតថា៖ «ដ្រូនអ៊ុយក្រែនចំនួន៥១គ្រឿងត្រូវបានស្ទាក់និងបាញ់បំផ្លាញលើតំបន់គ្រីមមៀ ខណៈដែល ៤៤ គ្រឿងទៀតនៅលើតំបន់ Krasnodar ៦ គ្រឿងលើតំបន់ Belgorod និងមួយគ្រឿងលើតំបន់ Kursk។ រុស្ស៊ីបន្ថែមទៀតថា កងនាវាជើងទឹករបស់ខ្លួនក៏បានបំផ្លាញទូកដ្រូន ៦ គ្រឿងរបស់អ៊ុយក្រែនផងដែរ។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod និយាយថា ដ្រូនមួយគ្រឿងបានវាយប្រហារចំលើរថយន្តគ្រួសារមួយ ដែលកំពុងបើកនៅជិតតំបន់ព្រំដែន Belgorod ដោយសម្លាប់ម្តាយនិងកូនប្រុសអាយុ ៤ ឆ្នាំ។
អភិបាលតំបន់រូបនេះបន្ថែមទៀតថា ដោយឡែកដ្រូនមួយគ្រឿងទៀតបានវាយប្រហារចំស្ថានីយប្រេងសាំងមួយកន្លែងនៅក្នុងភូមិ Bessonovka ដោយធ្វើឱ្យភ្លើងឆេះ តែត្រូវបានពន្លត់វិញភា្លមៗ៕