លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Arseniy Yatsenyuk បានស្នើផ្ទេរការដឹកនាំនៅក្នុងការស៊ើបអង្កេតអំពីការបាញ់ទម្លាក់អាកាសយានម៉ាឡេស៊ីទៅឱ្យប្រទេសហូឡង់ដែលជាប្រទេសមានជនជាតិខ្លួនស្លាប់ច្រើនជាងគេនៅក្នុងមហន្តរាយនោះ។
នៅក្នុងការនិយាយត្រួសៗមួយប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុងគៀវ លោក Yatsenyuk ក៏បានសម្តែងការខឹងសំបារដល់ពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សី ដែលលោកបានបន្ទោសថា បានបាញ់ទម្លាក់អាកាសយាននោះ។លោកក៏បានមានប្រសាសន៍ដែរថារដ្ឋាភិបាលក្រុងម៉ូស្គូស្ថិតនៅខាង«ពួកមនុស្សអាក្រក់»ហើយ។
លោក Yatsenyuk ថ្លែងថា៖ «រដ្ឋាភិបាលអ៊ុយក្រែនរៀបចំខ្លួនហើយដើម្បីផ្ទេរការស៊ើបអង្កេតអន្តរជាតិនេះទៅឲ្យមិត្តហូឡង់របស់យើង»។ ខាងភាគីហូឡង់អាចដឹកនាំដំណើរការនៃការស៊ើបអង្កេត ព្រមគ្នាជាមួយនឹងសហគមន៍អន្តរជាតិនិងអាជ្ញាធរអ៊ុយក្រែន»។
សំណើនេះហាក់ដូចធ្វើឡើងដើម្បីទម្លាយភាពទាល់ច្រកមួយដែលបានបណ្តាលឲ្យសាកសពនៃជនរងគ្រោះត្រូវជាប់នៅភូមិមួយភាគខាងកើតអ៊ុយក្រែន។ ក្រុមបះបោរទាមទារបំបែករដ្ឋគាំទ្រដោយរុស្ស៊ីដែលកាន់កាប់តំបន់ដែលយន្តហោះបានធ្លាក់ បានបដិសេធសំណើរបស់អាជ្ញាធរអ៊ុយក្រែននិងសហគមន៍អន្តរជាតិដើម្បីអនុញ្ញាតឲ្យរថភ្លើងមួយបើកចេញទៅទីក្រុង Kharkiv គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនចម្ងាយប្រមាណ៣០០គ.ម.ពីនោះ។