យុទ្ធជន​អ៊ុយក្រែន​១៤៤​នាក់​ត្រូវ​បាន​ដោះលែង​ពីការ​ឃុំឃាំង​របស់​រុស្ស៊ី ​ក្នុង​ការ​ដោះដូរ​អ្នកទោស

រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​អង្គុយ​លើ​រថពាសដែក (APC) ក្បែរ​ក្រុង Mayaky ភាគ​ខាង​កើត​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុងអំឡុងពេលការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ​យុទ្ធជន​ចំនួន​១៤៤​ នាក់​នៃ​យុទ្ធជន​របស់​ប្រទេស​នេះ​ត្រូវ​បាន​ដោះលែង​ពីការ​ឃុំឃាំង​របស់​រុស្ស៊ី​តាម​រយៈ ​«យន្តការ​ដោះដូរ» ​ហើយ​យុទ្ធជន​ជិត​១០០​នាក់​ដែល​ត្រូវ​បាន​ដោះលែង​បាន​ចូលរួម​ក្នុង​ការ​ការពារ​ទីក្រុង​ឆ្នេរ​សមុទ្រ ​Mariupol ​របស់​អ៊ុយក្រែន។ ​

នៅ​មុន​នេះ ​តំណាង​រាស្រ្ត​អ៊ុយក្រែន​ឈានមុខ​គេ​បាន​ប្រាប់ ​VOA​ ថា​ រដ្ឋាភិបាល​ទីក្រុង​កៀវ​ និង​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​កំពុង​ដំណើរការ​ការ​ដោះដូរ​អ្នកទោស ​ហើយ​ថា ​លោក​ Roman Abramovichពាណិជ្ជករ​រុស្ស៊ី​ដែល​មាន​ទំនាក់​ទំនង​នឹង​លោក​ Putin​ កំពុង​ដើរ​តួនាទី​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ។​

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ នៅ​ក្នុង​សុន្ទរកថា​នា​ពេល​រាត្រី​របស់​លោក​ទៅ​កាន់​ប្រទេស​ជាតិ​ ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​បាន​ហៅ​ការ​ដោះដូរ​នេះ​ថា​ ជា​រឿង​«សុទិដ្ឋិនិយម ​និង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់»។​ លោក​ Zelenskyy ​បាន​និយាយ​ថា​ទាហាន​៥៩​ នាក់​ដែល​បាន​ត្រឡប់​ទៅ​អ៊ុយក្រែន​វិញ​គឺ​ជា​សមាជិក​នៃ​ឆ្មាំ​ជាតិ​ បន្ទាប់​មក​ មាន​ទាហាន​៣០​នាក់​ក្នុង​កងទ័ព​ជើង​ទឹក​ ​២៨​នាក់​ក្នុង​កងទ័ព​ជើងគោក​ ១៧​នាក់​ជា​ឆ្មាំ​ព្រំដែន​និង​ ៩​ នាក់​ជា​ប្រយុទ្ធ​ការពារ​ទឹកដី​និង​ម្នាក់​ជា​ប៉ូលិស។​ លោក​បាន​និយាយ​នៅ​ក្នុង​វីដេអូ​ដែល​បាន​ចាក់​ផ្សាយ​ថា៖​ «ក្នុង​ចំណោម​អ្នក​ដោះដូរ​នោះ​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​គឺ​អាយុ ​៦៥ ​ឆ្នាំ ​និង​ក្មេង​ជាង​គេ​គឺ​អាយុ ​១៩​ ឆ្នាំ។​លោក​បាន​បន្ថែម​ថា​ «ជាពិសេស​អ្នក​ការពារ​រោងចក្រ​ Azovstal​ ចំនួន​៩៥​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ»។​

ការ​ការពារ​រោងចក្រ​ Azovstal​ នៅ ក្រុង​Mariupol ​គឺ​ជា​ការ​តស៊ូ​លេច​ធ្លោ​ខ្លាំងក្លា​រវាង​កង​កម្លាំង​អ៊ុយក្រែន ​និង​រុស្ស៊ី ​ចាប់ពី​ខែមីនា​ដល់​ខែ​ឧសភា។ ​ការ​ប្រយុទ្ធ​នេះ​បាន​បញ្ចប់​ដោយ​ខាង​អ៊ុយក្រែន​មិន​ដឹង​ពី​ចំនួន​មនុស្ស​ស្លាប់ហើយ​យុទ្ធជន​អ៊ុយក្រែន​ជិត​២៥០០​នៅ​ត្រូវ​រុស្ស៊ី​ចាប់​ខ្លួន។​នេះ​បើយោង​តាម​តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​ភាគី​រុស្ស៊ី។ ​

ព័ត៌មាន​អំពី​ការ​ដោះដូរ​កាលពី​ថ្ងៃពុធ​បាន​លេច​ឡើង​ក្រោយ​ការ​ប្រកាស​កាលពី​មួយ​ថ្ងៃ​មុន​នេះ​ថា​ ជនជាតិ​អ៊ុយក្រែន​១៧​ នាក់​ រួមទាំង​ទាហាន​១៦​នាក់​ និង​ជន​ស៊ីវិល​ម្នាក់​ ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង​របស់​រុស្ស៊ី​នៅក្នុង​ការ​ដោះដូរ​មួយ​ដែល​ជនជាតិ​រុស្ស៊ី​១៥​នាក់​ត្រូវ​បាន​ដោះលែង ​ហើយ​សាកសព​ទាហាន​អ៊ុយក្រែន​ចំនួន​៤៦​ នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ​ជា​ថ្នូរ​ ​អ៊ុយក្រែន​បាន​ប្រគល់​សព​ទាហាន​រុស្ស៊ី​ចំនួន​៤០​នាក់។ ​ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​យុទ្ធជន​អ៊ុយក្រែន​៤៦​នាក់​ដែល​ស្លាប់​នោះ ​មាន​២១​នាក់​បាន​ចូល​រួម​ក្នុង​ការ​ការពារ​រោងចក្រ​ Azovstal ។​

លោក ​David Arakhamia ​មេ​ដឹកនាំ​គណបក្ស​បម្រើ​ប្រជាជន​របស់​លោក​ Zelenskyy ​ក្នុង​សភា​អ៊ុយក្រែន​ បាន​ប្រាប់​ VOA ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ដើម​ខែ​នេះ​ថា ​លោក ​Abramovich​ កំពុង​ដើរ​តួ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដោះដូរ​អ្នក​ទោស​រវាង​រដ្ឋាភិបាល​ទីក្រុង​កៀវ​ និង​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ៕