មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​៖ ការ​ហ្វឹកហ្វឺន​​ប្រើយន្តហោះ​ប្រយុទ្ធ F-16​ ដល់​កងកម្លាំង​អ៊ុយក្រែន​​ កំពុង​ចាប់​ផ្តើម​នៅ​​ប៉ូឡូញ

យន្តហោះ​ប្រយុទ្ធ F-16

ការហ្វឹកហ្វឺន​ជំនាញ​ប្រើយន្តហោះ​ប្រយុទ្ធ F-16 ដល់​ក្រុម​អ្នកបើក​យន្តហោះអ៊ុយក្រែន កំពុង​បាន​ចាប់​ផ្តើមនៅ​ក្នុង​ប្រទេស​ប៉ូឡូញ បន្ទាប់​ពី​មាន​ការ​យល់ព្រម​ពី​សហរដ្ឋ​អាមេ រិក​មក។ នេះ​បើ​តាមលោក​ Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុបដែល​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ដែល​ត្រូវ​បាន​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។

លោក​ Borrell បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​សហភាព​អឺរ៉ុប​ដូច​នេះ​ថា​«ខ្ញុំសប្បាយ​រីករាយ​ដែល​នៅ​ទី​បំផុត​ការ​បណ្តុះបណ្តាលដល់ក្រុម​អ្នក​បើកយន្តហោះ​ប្រយុទ្ធF-16 របស់​អ៊ុយក្រែន​បានចាប់​ផ្តើម​ធ្វើ​នៅ​ក្នុង​ប្រទេស​ជាច្រើន។ វា​ត្រូវ​ប្រើ​ពេល​វេលា​ ប៉ុន្តែ​កាន់តែ​ឆាប់​កាន់តែ​ល្អនៅ​ក្នុង​រឿង​នេះ»។

មន្ត្រី​កាទូត​អឺរ៉ុប​ម្នាក់​ ដែល​និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បញ្ជាក់​ប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​ ​ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​នោះ​ ​បាន​ចាប់​ផ្តើម​ឡើង​ហើយ។

ក្រសួង​ការពារជាតិ​ប៉ូឡូញ​ក្នុង​រដ្ឋធានី​វ៉ាសូវី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ។

ការ​បណ្តុះបណ្តាល​នេះត្រូវ​បានចាប់​ផ្តើម​ធ្វើ​ឡើង​ក្រោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេ រិក​កាល​ពី​សប្តាហ៍​មុន​បាន​ផ្តល់​ភ្លើងខៀវ​ដល់​ក្រុម​អ្នក​បើកយន្តហោះ​អ៊ុយក្រែន​ឱ្យ​ទទួល​ការ​ហ្វឹកហ្វឺន​ក្នុង​ការប្រើប្រាស់យន្តហោះ​ប្រយុទ្ធ​ដែល​ផលិត​ក្នុង​សហរដ្ឋ​អាមេ រិក ដែល​អ៊ុយក្រែន​និយាយ​ថា​ខ្លួន​ត្រូវ​ការ​វា​ជាចាំបាច់​សម្រាប់​ប្រយុទ្ធទប់ទល់​នឹង​ការ​ឈ្លានបាន​របស់​រុស្ស៊ី​នោះ។

ប្រទេស​ប៉ូឡូញ​ដែលជា​ប្រទេស​ក្បែរខាង​អ៊ុយក្រែន និង​ជា​អ្នក​គាំទ្រ​អ៊ុយក្រែន​ដ៏​ខ្លាំង​បំផុត​មួយនោះ ធ្លាប់បាន​និយាយ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយថា​ ខ្លួន​ត្រៀម​ខ្លួន​ជា​ស្រេចដើម្បី​ហ្វឹកហ្វឺន​ដល់​ក្រុម​អ្នក​បើកយន្តហោះ​អ៊ុយក្រែន​ លើ​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ទាំង​នេះ។

ប្រទេស​នេះ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ សម្រាប់​ការ​បណ្តុះបណ្តាល​កងទ័ព​អ៊ុយក្រែន​ និង​ការផ្គត់ផ្គត់​សព្វាវុធ​ដល់​រដ្ឋាភិបាលក្រុង​កៀវ​ផង​ដែរ៕