យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានទប់ស្កាត់ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីក្នុងផ្នែកជាច្រើននៅក្នុងប្រទេសកាលពីយប់មិញ ខណៈដែលក្រុមមន្ត្រីរុស្ស៊ីបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានវាយប្រហារដ៏ខ្លាំងលើទីក្រុងមួយ ដែលគ្រប់គ្រងដោយរុស្ស៊ីនៅផ្នែកខាងកើតប្រទេសអ៊ុយក្រែន។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន៨គ្រឿងរបស់រុស្ស៊ី ដែលបានវាយប្រហារពីលើអាកាសក្នុងតំបន់ Mykolaiv តំបន់ Kherson និងតំបន់ Dnipropetrovsk។
ក្នុងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ីឯណោះវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា អ៊ុយក្រែនប្រើអាវុធមិនរើសមុខក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងពេលបាញ់ផ្លោងដាក់ទីក្រុង Donestk កាលពីថ្ងៃអាទិត្យដោយសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ២៧នាក់ដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះក៏បាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីកំពុងចាត់វិធានការចាំបាច់នានា ក្រោយពីមានការវាយប្រហារមួយ ដែលគេសង្ស័យថាជាទង្វើរបស់អ៊ុយក្រែន លើទីតាំងនាំប្រេងចេញមួយកន្លែងក្នុងសមុទ្រ Baltic។
យោធាអ៊ុយក្រែនមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើការវាយប្រហារទាំងនេះឡើយ។
ការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់រុស្ស៊ីបានធ្លាក់ចំទីតាំងជនស៊ីវិលអ៊ុយក្រែនជាច្រើនលើកច្រើនសារក្នុងអំឡុងពេលនៃសង្គ្រាម ដែលរុស្ស៊ីបង្កឡើងជិត ២ឆ្នាំកន្លងទៅនេះ ដោយសម្លាប់ជនស៊ីវិលអ៊ុយក្រែនអស់រាប់ពាន់នាក់។
ការវាយប្រហារលើទីផ្សារក្នុងទីក្រុង Donetsk ជាការវាយប្រហារដ៏ប្រល័យបំផុតមួយ ក្នុងទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។
ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិដ៏ធំបំផុតទី ២ របស់រុស្ស៊ី Novatek បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនត្រូវផ្អាកសកម្មភាពមួយចំនួន នៅទីតាំងនាំប្រេងឥន្ធនៈចេញដ៏ធំមួយកន្លែងក្នុងសមុទ្រ Baltic ដោយសារតែមានភ្លើងឆេះ ដែលបង្កឡើងដោយអ្វីដែលសារព័ត៌មានអ៊ុយក្រែនហៅថាជាការវាយប្រហារដោយដ្រូន៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងREUTERS។