យោធាអ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានបំផ្លាញដ្រូនទាំង ៩គ្រឿង ដែលរុស្ស៊ីប្រើប្រាស់ធ្វើការវាយប្រហារកាលពីយប់មិញ សំដៅលើទីតាំងច្រើននៅក្នុងប្រទេសអ៊ុយក្រែន។
កងកម្លាំងដែនអាកាសអ៊ុយក្រែននិយាយថា ការបាញ់ទម្លាក់ដ្រូនទាំងនោះត្រូវបានធ្វើឡើងនៅលើតំបន់ Kherson, Mykolaiv, Khmelnytskyi, Poltava, Cherkasy និងតំបន់ Dnipropetrovsk។
ពុំមានរបាយការណ៍ស្តីពីការខូចខាត ឬរងរបួសពីបំណែកដ្រូនដែលត្រូវបាញ់ធ្លាក់នោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទម្សិលមិញ បានអំពាវនាវដល់សម្ព័ន្ធមិត្តបស្ចិមប្រទេស ឱ្យបង្ហាញពីកា រ«ឯកភាពគ្នា» ដល់អ៊ុយក្រែន ដូចដែលគេបានធ្វើដល់ប្រទេសអ៊ីស្រាអែល ដែលបានបំផ្លាញការវាយប្រហារតាមអាកាសមកលើអ៊ីស្រាអែលនោះ។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គមតេឡេក្រាម លោក Zelenskyy បានអរគុណដល់សម្ព័ន្ធមិត្ត ដែលបានផ្តល់ជំនួយបន្ថែមដល់ការការពារដែនអាកាសអ៊ុយក្រែន ប៉ុន្តែលោកថា «ការវាយប្រហារដ៏ខ្លាំងរបស់រុស្ស៊ីតម្រូវឱ្យមានការឯកភាពគ្នាកាន់តែខ្លាំងផងដែរ» ដូចដែលគេបានបង្ហាញក្នុងការពារដល់ប្រទេសអ៊ីស្រាអែលដូច្នោះដែរ។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Mike Johnson បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋសភានឹងពិចារណាច្បាប់មួយដែលនឹងផ្តល់ជំនួយយោធាបន្ថែមដល់ប្រទេសអ៊ុយក្រែន។
សមាជិករដ្ឋសភាអាមេរិកនៃគណបក្សសាធារណរដ្ឋនិយមជាច្រើននាក់ ជាពិសេសអ្នកដែលមានសម្ព័ន្ធភាពជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលមានភាពមន្ទិលសង្ស័យលើការជួយដល់រដ្ឋាភិបាលក្រុងកៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុងមូស្គូ បានប្រឆាំងជំទាស់ជាខ្លាំងដល់ការផ្តល់ជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ ត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន The Associated Press និងទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។