អ៊ុយក្រែន​ស្នើ​ឱ្យ​មាន​«ការ​គាំទ្រ​ជា​អតិបរមា»​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​នៃ​ការ​កាត់ផ្ដាច់​ថាមពល​របស់​រុស្ស៊ី

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal (ឆ្វេង) ប្រធាន​គោលនយោបាយ​ការបរទេស​សហភាពអឺរ៉ុបលោក Josep Borrell (កណ្តាល) និងស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​លោក Paolo Gentiloni ចូលរួមប្រជុំក្រុមប្រឹក្សាសមាគម​សហភាព​អឺរ៉ុប-អ៊ុយក្រែន​នៅទីក្រុង​ព្រុចសែល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​អ៊ុយក្រែន​បាន​ស្នើ​ឱ្យ​មាន​«ការ​គាំទ្រ​ជា​អតិបរមា»​លើ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​យក​ឈ្នះ​លើ​ប្រទេស​រុស្ស៊ី ក្នុង​គោល​បំណង​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នៅ​ទ្វីប​អឺរ៉ុប ស្រប​ពេល​ដែល​រុស្ស៊ី​បាន​បន្ទោស​ជា​ថ្មី​ថា ​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​បាន​បង្អាក់​ដល់​ការ​បញ្ជូន​ឧស្ម័ន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​ថា «ភាព​គឃ្លើន​របស់​យោធា»រុស្ស៊ី «ប្រឆាំង​នឹង​អ៊ុយក្រែន» និង «ការ​គំរាម​រឿង​ថាមពល​ប្រឆាំង​នឹង​ពលរដ្ឋ​អឺរ៉ុប» គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ «តម្លៃ [ថាមពល] កើនឡើង​នៅ​តាម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប»។

លោក Kuleba បាន​សរសេរ​នៅ​លើ Twitter ថា៖ «ដំណោះស្រាយ​គឺ​ថា​ត្រូវ​គាំទ្រ​ជា​អតិបរមា​លើ​អ៊ុយក្រែន ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​យក​ឈ្នះ [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin ឱ្យ​បាន​ឆាប់​ដើម្បី​កុំ​ឱ្យ​លោក Putin បំផ្លាញ​ទ្វីប​អឺរ៉ុប​ជា​បន្ត​ទៀត»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​បាន «ធ្វើ​ឱ្យ​មាន​ភាព​ចលាចល» កើតឡើង​សម្រាប់​ការ​ថែទាំ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1។ បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ថាមពល Gazprom របស់​រុស្ស៊ី​បាន​បិទ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ខ្លួន​បាន​រក​ឃើញ​ថា​មាន​លេច​ប្រេង។

បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ដែល​បាន​បញ្ជូន​សព្វាវុធ​ទៅ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​និង​បាន​ជួយ​បណ្ដុះ​បណ្ដាល​យុទ្ធជន​អ៊ុយក្រែន បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​យក​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ខ្លួន​ធ្វើ​ជា​អាវុធ។

លោក Peskov បាន​និយាយ​ថា៖ «បញ្ហា​ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​បាន​កើតឡើង ដោយសារតែ​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​បាន​ដាក់​លើ​ប្រទេស​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទណ្ឌកម្ម​របស់​ប្រទេស​អាល្លឺម៉ង់​និង​ចក្រភព​អង់គ្លេស​ផង​ដែរ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។