រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ជួប​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា​ពិភាក្សា​អំពី​វិបត្តិ Rohingya

រដ្ឋលេខាធិកាកិច្ចការបរទេស​នៃ​ប្រទេស​អង់គ្លេស Boris Johnson ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ទីប្រឹក្សា​មីយ៉ាន់ម៉ា​អង់សាន ស៊ូជីកាលពី​ថ្ងៃទី១១ កុម្ភៈ ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi នៅ​ក្នុង​រដ្ឋធានី​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ Rohingya ស្រប​ពេល​ដែល​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​នឹង​សម្ពាធ​ជា​ច្រើន​ឲ្យ​ដាក់​ទោស​ចំពោះ​ទាហាន​របស់​ខ្លួន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​ចំពោះ​ជាតិ​សាសន៍ Rohingya។

លោក Boris Johnson បាន​ជួប​ជាមួយ​នឹង​លោកស្រី Aung San Suu Kyi នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​ទៅ​កាន់​ទ្វីប​អាស៊ី។

ជំនួប​នេះ​បាន​កើត​ឡើង បន្ទាប់ពី​លោក Boris Johnson បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​មួយ​នៅ​ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដេស ដែល​នៅ​ទី​នោះ ជន​ភៀស​ខ្លួន Rohingya ជិត ៧ សែន​នាក់​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​កខ្វក់​គ្មាន​អនាម័យ តាំង​ពី​មាន​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​នៅ​ភាគ​ខាង​ជើង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​សីហា ឆ្នាំ​មុន​មក។

លោក Boris Johnson និង​លោកស្រី Aung San Suu Kyi «បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​កាយវិការ​បើក​ទូលាយ និង​រាក់ទាក់​អំពី​ការ​វិវត្ត​ថ្មីៗ​នៅ​ក្នុង​រដ្ឋ Rakhine ដែល​ក្នុង​នោះ​មាន​ទាំង​ការ​រៀបចំ​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន Rohingya ដែល​រត់​គេច​មក​វិញ​ផង​ដែរ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន។

ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដែស​បាន​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បញ្ជូន​ជន​ភៀស​ខ្លួន Rohingya ពី​ប្រទេស​បង់ក្លាដេស​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ ប៉ុន្តែ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​នៅ​មិន​ទាន់​ចាប់ផ្ដើម​នៅ​ឡើយ​ទេ៕