រដ្ឋាភិបាលថ្មីរបស់ចក្រភពអង់គ្លេសនឹងទម្លាក់ចោលការប្រឆាំងរបស់ខ្លួនចំពោះដីកាចាប់ខ្លួនដែលរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់រដ្ឋាភិបាលចក្រភពអង់គ្លេស។
អតីតរដ្ឋាភិបាលចក្រភពអង់គ្លេសរបស់លោកនាយករដ្ឋមន្ត្រី Rishi Sunak បានប្រាប់តុលាការ ICC ថាខ្លួនមានបំណងដាក់ពាក្យប្រឆាំងនឹងសំណើរបស់រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan កាលពីខែឧសភាដែលមានបំណងចង់ចេញដីកាចាប់ខ្លួនលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ទាក់ទិននឹងការចោទប្រកាន់រឿងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។
ចក្រភពអង់គ្លេសមានពេលរហូតដល់ថ្ងៃសុក្រម្សិលមិញដើម្បីដាក់ពាក្យនេះទៅតុលាការ ICC ប៉ុន្តែរដ្ឋាភិបាលចក្រភពអង់គ្លេសបច្ចុប្បន្នដែលដឹកនាំដោយគណបក្សការងារដែលទើបនឹងជាប់ឆ្នោតកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ខ្លួននឹងមិនធ្វើតាមផែនការរបស់លោក Sunak នោះទេ។
ក្រៅពីលោក Netanyahu និងលោក Gallant លោករដ្ឋអាជ្ញា Khan ក៏មានបំណងចេញដីកាចាប់ខ្លួនផងដែរលើមេដឹកនាំកំពូលក្រុមហាម៉ាស់លោក Yahya Sinwar លោក Ismail Haniyeh និងលោក Mohammed Deif ក្រោមបទសង្ស័យថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕