សមាជិកសហគមន៏ជនជាតិអ៊ុយហ្គរ (Uighur) ក្នុងសហរដ្ឋអាមេរិកកំពុងសម្តែងនូវការមន្ទិលសង្ស័យក្រោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិន ដែលបានបង្ហាញមុខក្រុមគ្រួសាររបស់ពួកគេក្នុងខ្សែវីដេអូដាច់ដោយឡែកពីគ្នាមួយចំនួនក្នុងតំបន់ស្វយ័ត Xinjiang ដោយក្នុងខ្សែវីដេអូនោះ ពួកគេបានប្រកាសច្រានចោលការឃុំខ្លួនរបស់ពួកគេថាជាការឃោសនានោះ។
ជនជាតិ Uighurs ទាំងនោះ បាននិយាយថា ក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេលរាប់ឆ្នាំកន្លងមក កំពុងទាក់ទងមកពួកគេតាមរយៈបណ្តាញសង្គមរបស់ប្រទេសចិន ដោយប្រាប់ពួកគេថា កុំឲ្យធ្វើការរិៈគន់ដល់ការបង្រ្កាបក្នុងតំបន់ស្វយ័ត Xinjiang ។
ស្រ្តីជនជាតិ Uighur ម្នាក់ឈ្មោះ Samira Imin ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានថ្លែងប្រាប់វីអូអេថា ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន កាលពីពេលកន្លងទៅក្នុងខែនេះ បានបង្ហាញរូបភាពឪពុករបស់នាងឈ្មោះ Iminjan Seydin ក្នុងខ្សែវីដេអូមួយដែលផុសផ្សាយក្នុងប្រព័ន្ធ Twitter របស់សារព័ត៌មាននេះ បន្ទាប់ពីឪពុករបស់នាងបានបាត់ខ្លួនក្នុងមណ្ឌលឃុំឃាំងរបស់ចិន អស់រយៈពេលជាង២ឆ្នាំមកហើយ។ លោក Seydin បានទាក់ទងមកកូនស្រីរបស់គាត់នាង Imin ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តាមប្រព័ន្ធសង្គម WeChat របស់ចិន ដោយច្រានចោលនូវការឃុំខ្លួនរបស់គាត់ ហើយប្រាប់កូនស្រីគាត់ថា នាងកំពុងត្រូវបានគេបោកប្រាស់ «ដោយពួកអ្នកប្រឆាំងនឹងចិន»។
អ្នកស្រី Imin អាយុ២៧ឆ្នាំ ដែលជាបុគ្គលិកពេទ្យក្នុងទីក្រុងបូស្តុន បានប្រាប់វីអូអេ តាមសម្តីដើមយ៉ាងដូចនេះថា «ក្នុងការសន្ទនាតាមប្រព័ន្ធបណ្តាញសង្គម WeChat ជាលើកទី១ បន្ទាប់ពីរយៈពេលជិត៣ឆ្នាំ គាត់បានទាមទារឲ្យខ្ញុំលុបចោលនូវរាល់ការផុសទាំងឡាយកាលពីអតីតកាល នឹងមិនត្រូវផុសអ្វីតាមបណ្តាញសង្គមទៀតទេដូចជា Twitter ជាដើម»។ នាងបន្តថា នាងជឿជាក់ថា ឪពុករបស់នាងត្រូវបានអាជ្ញាធរចិនបង្ខំឲ្យប្រាប់នាងថា ត្រូវបញ្ឈប់សកម្មភាពគាំទ្រជនជាតិ Uighur។
នាង Imin បន្តក្នុងសម្តីដើមទៀតថា «ការប៉ុនប៉ងរបស់រដ្ឋាភិបាលចិនដើម្បីគ្រប់គ្រងសកម្មភាពនិងគំនិតរបស់ខ្ញុំតាមរយៈឪពុករបស់ខ្ញុំ ជាការមិនអាចទទួលយកបានទេ។ ខ្ញុំចង់ឲ្យឪពុករបស់ខ្ញុំមានសេរីភាពមិនស្ថិតនៅក្រោមការតាមស៊ើបអង្កេតគ្រប់ប្រភេទរបស់រដ្ឋាភិបាលចិន។ ខ្ញុំចង់សន្ទនាជាមួយគាត់ក្នុងភាពធម្មតា»។
នៅមុនពេលត្រូវបានអាជ្ញាធរចិនចាប់ខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៧ លោក Seydin ជាសាស្ត្រាចារ្យបង្រៀនប្រវត្តិសាស្រ្តចិនពេញម៉ោង នៅក្នុងវិទ្យាសា្ថនឥស្លាម Xinjiang ក្នុងទីក្រុងUrumqi ។ នៅក្នុងពេលជាមួយគ្នានោះ គាត់ក៏ជាម្ចាស់នៃអង្គការបោះពុម្ពផ្សាយដែលមានឈ្មោះថារោងពុម្ព Imin ដែលបន្ទាប់ពីចាប់ផ្តើមបើកដំណើរការដំបូងក្នុងឆ្នាំ២០១២ រហូតមកដល់ពេលនេះ បានបោះពុម្ពសៀវភៅបានចំនួនជិត៥០ក្បាល អំពីប្រធានបទផ្សេងៗ ដូចជាការអប់រំ ភាសា បច្ចេកវិទ្យា និងចិត្តសាស្រ្ត ជាដើម។
នាង Imin បាននិយាយថា នាងបានបាត់ដំណឹងឪពុករបស់នាងអស់រយៈពេលជាច្រើនខែរហូតដល់ឆ្នាំ២០១៩ នៅពេលដែលអ្នកទាក់ទងរបស់នាងក្នុងក្រុងប៉េកាំង បានប្រាប់នាងថា ឪពុករបស់នាងត្រូវបានគេដាក់ក្នុងជំរំកសាងខ្លួនឡើងវិញ»។ គេបានប្រាប់នាងថា ឪពុករបស់នាង ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារចំនូន១៥ឆ្នាំ ពីបទ «ញុះញង់ឲ្យមានភាពជ្រុលនិយម» នៅក្នុងសវនាការជំនុំជំរះក្តីមួយដោយសម្ងាត់។
ចាប់ពីពេលនោះមក នាង Imin បានចាប់ផ្តើមប្រមូលការគាំទ្រនៅលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីជោគវាសនារបស់ជនជាតិ Uighur និងទាមទារឲ្យមានការដោះលែងឪពុករបស់នាង ដែលនាងនិយាយថា ត្រូវបានគេចាប់ខ្លូន ដោយសារតែគាត់បោះពុម្ពសៀវភៅវេយ្យាករណ៏ជាភាសាអារ៉ាប់នោះ។
នាង Imin មិនមែនជាជនជាតិ Uighur តែម្នាក់គត់ដែលរស់នៅក្រៅប្រទេស ហើយមានគ្រួសារសាច់ញាតិត្រូវបានសារព័ត៌មានរដ្ឋចិនចុះផ្សាយ បន្ទាប់ពីពួកគេបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បុរសជនជាតិ Uighur ម្នាក់ទៀត ឈ្មោះ Kuzzat Altay អាយុ៣៦ឆ្នាំ បានរកឃើញឪពុករបស់គាត់ឈ្មោះ Memet Kadir នៅក្នុងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវរដ្ឋចិនឈ្មោះ Global Times កាលពីខែមករា។ លោក Memet Kadir អាយុ៦៨ឆ្នាំ បានបាត់ខ្លួនអស់រយៈពេលប្រមាណពីរឆ្នាំ។
លោក Altay បាននិយាយក្នុងសម្តីដើមថា «អស់រយៈពេល២ឆ្នាំ ខ្ញុំមិនដឹងថាតើឪពុកខ្ញុំគាត់ស្លាប់ឬក៏នៅរស់។ ស្រាប់តែភ្លាមៗ ខ្ញុំក៏បានឃើញរូបឪពុករបស់ខ្ញុំ ប្រកាសថ្កោលទោសខ្ញុំនៅលើកញ្ចក់ទូរទស្សន៍រដ្ឋចិន ហើយប្រាប់ឲ្យខ្ញុំបញ្ឈប់នូវសកម្មភាពរបស់ខ្ញុំ បើមិនដូច្នេះទេ គាត់នឹងកាត់កាល់ខ្ញុំចោល។ លោក Altay ថា ឪពុកលោកមើលទៅ ហាក់ដូចជាពិការខ្លួន ហើយថា សម្តីរបស់លោកស្តាប់ទៅ ដូចជាសម្តីដែលគេប្រាប់ឲ្យនិយាយ»។
សកម្មជន Uighur រូបនេះ បានរត់គេចខ្លួនចេញពីតំបន់ស្វយ័ត Xinjiang ប្រទេសចិនកាលពីឆ្នាំ២០០៥ ហើយបានមកតាំងទីលំនៅក្នុងទីក្រុង McLean រដ្ឋ Virginia សហរដ្ឋអាមេរិក ដែលនៅទីនោះ លោកជាប្រធានគ្រប់គ្រងសមាគម Uighur អាមេរិក។ លោកបានចាប់ផ្តើមសកម្មភាពបន្ទាប់ពីឪពុករបស់គាត់ បានទុកសារសំឡេងមួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ប្រាប់លោកថា ប៉ូលិសចិនកំពុងនាំគាត់ទៅកាន់ជំរំឃុំខ្លួនក្នុងទីក្រុង Urumqi នៃតំបន់ស្វយ័ត Xinjiang របស់ប្រទេសចិន។
លោក Altay បានប្រាប់វីអូអេក្នុងសម្តីដើមថា «ឪពុករបស់ខ្ញុំគឺជា អ្នកជំនួញម្នាក់ដែលចូលនិវត្តន៏មានសុខភាពល្អ ហើយគាត់មិនត្រូវការវគ្គបណ្តុះបណ្តាលជំនាញ ដើម្បីរកការងារធ្វើដូចអ្វី ដែលចិនបានអះអាងថាជំរំនេះគឺ សម្រាប់វគ្គបណ្តុះបណ្តាលជំនាញការងារ។ គាត់មានសមត្ថភាព ក្នុងការបង្កើតការងារ មិនមែនគាត់ត្រូវការស្វែងរកការងារធ្វើនោះទេ។ ប៉ុន្តែពួកអាជ្ញាធរចិន នៅតែនាំខ្លួនគាត់ទៅ»។
ដោយជឿជាក់ថា អាជ្ញាធរចិនបង្ខំឪពុករបស់លោកឲ្យបង្ហាញខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោកបន្តក្នុងសម្តីដើមយ៉ាងដូច្នេះថា «ខ្ញុំបានស្នើសុំឲ្យចិនអនុញ្ញាតឲ្យឪពុកខ្ញុំមកសហរដ្ឋអាមេរិក ដើម្បីថ្លែងបញ្ជាក់នូវពាក្យសំដីដែលគាត់បាននិយាយនៅក្នុងវីដេអូ Global Times ដែលជាប្រព័ន្ធផ្សព្វផ្សាយចិន» ។
អង្គការសិទ្ធិមនុស្សមួយចំនួនលើកឡើងថា ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៦មក បានចាប់ផ្តើមយុទ្ធនាការជាប្រព័ន្ធក្នុងការតាមដានឈ្លបមើល និងការចាប់ឃុំឃាំងជនជាតិ Uighur និងជនជាតិភាគតិចមូស្លីមជាច្រើនទៀត តាមអំពើចិត្តរបស់ខ្លួន នៅក្នុងតំបន់ភាគពាយ័ព្យ Xinjiang ។ អង្គការសហប្រជាជាតិនៅក្នុងឆ្នាំនេះ បានទាមទារឲ្យមានការអនុញ្ញាតបើកឲ្យចូលទៅកាន់តំបន់នោះដោយគ្មានការរារាំង ព្រោះអាចមានមនុស្សប្រមាណ១លាននាក់ កំពុងត្រូវបានគេចាប់ឃុំខ្លួននៅក្នុងតំបន់នោះ។
ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលចិនបានបដិសេធនូវការចោទប្រកាន់ទាំងនេះ ដោយនិយាយថា ខ្លួនកំពុងតែធ្វើយុទ្ធនាការបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាលតាមរយៈការអប់រំ» នៅក្នុងតំបន់ Xinjiang ។ មន្ត្រីចិនបានហៅជំរុំនោះថា «ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ» សម្រាប់ប្រជាពលរដ្ឋ ដែលមានទស្សនៈជ្រុលនិយមនិងភេរវកម្ម» ។ នៅក្នុងពេលផ្សេងទៀត មន្ត្រីចិនបាននិយាយថា ជំរំនេះគឺដើម្បីបង្រៀនពលរដ្ឋដែលត្រូវការជំនាញការងារក្នុងការរកការងារថ្មីធ្វើ។
លោក Francisco Bencosme អ្នកចាត់ការផ្នែកតស៊ូមតិរបស់អង្គការ Amnesty International USA បានប្រាប់វីអូអេថា វីដេអូដែលមានចំនួនកាន់តែច្រើនឡើងៗ ចេញមកពីតំបន់ Xinjiang គឺជាការយាយីរំខានរបស់ក្រុងប៉េកាំងចំពោះសកម្មជន Uighur ដែលរស់នៅក្រៅប្រទេសដែលកំពុងធ្វើសកម្មភាពដើម្បីជួយជនជាតិ Uighur នៅក្នុងតំបន់ Xinjiang ។
លោក Bencosme បានថ្លែងក្នុងសម្តីដើមយ៉ាងដូចនេះថា វីដេអូទាំងនេះ គឺជាផ្នែកមួយនៃរូបភាពផ្សេងៗទៀត ដែលប្រទេសចិនបានបង្ខំឲ្យមានការសារភាពពីសំណាក់សមាជិកក្រុមគ្រួសារដើម្បីបំបិទមាត់សកម្មជនដែលប្រឆាំងតវ៉ា»។
អ្នកស្រី Louisa Greve នាយិកាសំរាប់ការតស៊ូមតិសកលនៃគម្រោងសិទ្ធិមនុស្ស Uighur បានលើកឡើងថា ការប៉ុនប៉ងបំបិទមាត់របស់សកម្មជន Uighur នៅក្រៅប្រទេស បានធ្វើឲ្យប៉ះពាល់ដល់កាន់តែខ្លាំងលើពួកសកម្មជនហើយ។ អ្នកស្រីបន្តថាសកម្មជនទាំងនេះ គឺ«ជាអ្នកដែលបានរួចជីវិតពីការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង» ហើយពួកគេភាគច្រើន កំពុងទទួលរងនូវជំងឺបាក់ស្បាត។
អ្នកស្រី Greve បានថ្លែងក្នុងសម្តីដើមថា «សកម្មជន Uighur ទាំងនេះ កំពុងស្ថិតក្នុងភាពភ័យខ្លាច ហើយមានអារម្មណ៏ខ្លាចក្រែងពួកគេកំពុងធ្វើឲ្យក្រុមគ្រួសារ ទទួលរងគ្រោះកាន់តែខ្លាំងថែមទៀតនៅក្នុងប្រទេសចិន ដោយសារតែការនិយាយរបស់ពួកគេនៅក្រៅប្រទេសនោះ។ នេះជារឿងគួរឲ្យស្អប់ខ្ពើមមួយ»។
នាង Ziba Murat ស្ថិតក្នុងចំណោមជនជាតិ Uighur មួយចំនួនដែលមិនហាននិយាយស្តីក្នុងរយៈពេលកន្លងមក បន្ទាប់ពីនាងបានបាត់ការទាក់ទងជាមួយម្តាយនាងក្នុងខែកញ្ញា ឆ្នាំ២០១៨។ នាងបានប្រាប់វីអូអេថា នាងគិតពីដំបូងថា ការមិនធ្វើសកម្មភាពណាមួយ គឺជារឿងមួយដ៏ប្រសើរបំផុតសម្រាប់ម្តាយរបស់នាង។ ក្រុមសាច់ញាតិរបស់នាងក្នុងតំបន់ Xinjiang ប្រាប់នាងថា ការធ្វើសកម្មភាពតាមប្រព័ន្ធអនឡាញ អាចនឹងធ្វើឲ្យមានគ្រោះថ្នាក់ ដល់ក្រុមគ្រួសារ។
ដោយឡែកអ្នកស្រី Ziba Murat អាយុ៣៤ឆ្នាំ រស់នៅទីក្រុង Tampa រដ្ឋ Florida ជាម្តាយមួយរូបនិងជាអ្នកវិភាគរបស់ក្រុមហ៊ុនឯកជនមួយ បានថ្លែងក្នុងសម្តីដើមថា «ការនៅស្ងៀមស្ងាត់មិននិយាយស្តី នឹងមិនអាចទ្រាំតទៅទៀតបានឡើយ»។ អ្នកស្រីថា គ្រួសារអ្នកស្រីនៅមិនទាន់បានឮដំណឺងអំពីម្តាយរបស់អ្នកស្រីឈ្មោះ Gulshan Abbas នៅឡើយទេ។ ម្តាយរបស់អ្នកស្រីជាអ្នកជំនាញខាងជំងឺសើរស្បែកមុនពេលដែលគាត់ចូលនិវត្តន៍ពីការងារនៃមន្ទីរពេទ្យទីក្រុង Urumqi មុនពេលដែលគាត់បានបាត់ខ្លួនភ្លាមៗកាលពីចុងឆ្នាំ២០១៨។
អ្នកស្រីបានប្រាប់វីអូអេក្នុងសម្តីដើមថា «ខ្ញុំនៅតែមានអារម្មណ៏ភ័យខ្លាចក្នុងខ្លួនរបស់ខ្ញុំ ព្រោះខ្ញុំអាចធ្វើឲ្យនណាម្នាក់ដែលជាសាច់ញាតិរបស់ខ្ញុំទទួលរងគ្រោះនៅក្នុងប្រទេសចិន។ ប៉ុន្តែបើខ្ញុំមិននិយាយទេ តើមាននរណានឹងនិយាយសំរាប់ម្តាយរបស់ខ្ញុំ។ ខ្ញុំនឹងនិយាយរឿងនេះឲ្យកាន់តែច្រើនថែមទៀត រហូតដល់ពួកគេដោះលែងម្តាយរបស់ខ្ញុំ»។
ប្រែសម្រួលដោយ ជា្រ វណ្ណារិទ្ធ