សហរដ្ឋអាមេរិក​​បដិសេធ​ការ​លើក​ឡើង​របស់​ចិន​ ដោយ​និយាយ​ថា​​​ច្រកសមុទ្រ​តៃវ៉ាន់​ជា​ផ្លូវ​ទឹក អន្តរជាតិ

  • Reuters

រូបឯកសារ៖ នាវាចម្បាំងលំដាប់ Arleigh Burke-class ឈ្មោះ USS Kidd និងនាវាចម្បាំងឆ្មាំសមុទ្រអាមេរិក Munroឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។

សហរដ្ឋអាមេរិក​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​បាន​គាំទ្រ​ដល់​ការ​លើក​ឡើង​របស់​កោះ​តៃវ៉ាន់ ដែល​ថា​ច្រកសមុទ្រ​ដែល​ខណ្ឌ​ដែន​កោះ​មួយ​នេះ​ជា​មួយ​នឹង​ចិន​ដីគោក​នោះ គឺ​ជា​ផ្លូវ​ទឹក​អន្តរជាតិ ដែល​នេះ​គឺ​ជា​ការ​ច្រាន​ចោល​នូវការ​អះ​អាង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​អនុវត្ត​នូវ​អធិបតេយ្យភាពរបស់​ខ្លួន​ទៅ​លើ​ច្រក​ចេញ​ចូលជា​យុទ្ធសាស្ត្រ​មួយ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ច្រក​សមុទ្រ​តៃវ៉ាន់​បាន​ក្លាយ​ជា​ប្រភព​នៃ​ភាព​តានតឹង​ខាង​យោធា​ជា​ញឹកញាប់ ក្រោយ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​បាន​ចាញ់​សង្គ្រាម​ស៊ីវិល​ជា​មួយ​ក្រុម​កុម្មុយនីស្ត​ ហើយ​បាន​រត់​ទៅ​កាន់​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​១៩៤៩ និង​បាន​បង្កើតសាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​លើ​កោះ​នោះ​ ចាប់​តាំង​ពី​ពេល​នោះ​មក។​ ​

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ នាវា​ចម្បាំង​សហរដ្ឋអាមេរិក​មួយ​ចំនួន​ និង​ម្តងកាល​មាននាវា​ចម្បាំង​មក​ពី​ក្រុម​សម្ពន្ធមិត្ត​ ដូច​ជា​អង់គ្លេស​ និង​កាណាដា​ជា​ដើម​ បាន​បើក​ឆ្លងកាត់​ទីនោះ ដែល​ធ្វើ​ឱ្យរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ មាន​ការ​ខឹង​សម្បា។

កាល​ពី​ថ្ងៃចន្ទ​កន្លង​ទៅនេះ​ ក្រសួង​ការបរទេស​ចិន​និយាយ​ថា​ ប្រទេស​ខ្លួន​មានអធិបតេយ្យ​ភាព​ ​សិទ្ធិ​អធិបតេយ្យ​ និង​ដែន​យុត្តាធិការ​ទៅ​លើ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​បាន​ហៅ​ថា​ជា​ការ​អះអាង​ខុស នៅ​ពេល​ប្រទេស​មួយ​ចំនួន​ ​បាន​ហៅ​ច្រកសមុទ្រ​តៃវ៉ាន់​នេះ ថា​ជា​ដែន​ទឹក​អន្តរជាតិ​នោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក Ned Price បាននិយាយតាម​សារអ៊ីមែល​ផ្ញើ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ថា​ ច្រកសមុទ្រ​តៃវ៉ាន់​គឺ​ជាផ្លូវ​ទឹក​អន្តរជាតិ ដែល​មាន​ន័យ​ថា​ ច្រក​នេះ​គឺ​ជា​តំបន់​មួយដែល​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​នៅលើ​សមុទ្រ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំងសេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើររំលង​ពីលើ​ផង​ដែរ​យោង​តាម​ច្បាប់​អន្តរជាតិ»។

លោក​ថ្លែង​បន្ថែម​ទៀត​ថា​ ពិភព​លោក«មាន​ផលប្រយោជន៍ជា​អចិន្ត្រៃយ៍ទៅលើសន្តិភាព​ និង​ស្ថិរភាព​ នៅ​ក្នុងច្រកសមុទ្រ​តៃវ៉ាន់ ហើយ​យើង​ចាត់​ទុក​ថា​ វា​មាន​សារៈសំខាន់ទៅ​លើសន្តិសុខ​និង​វិបុលភាព​របស់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដ៏ទូលំទូលាយ»៕