មន្ត្រីអាជ្ញាធរគយនិងការពារព្រំដែនរបស់អាមេរិកបានត្រៀមខ្លួន ដើម្បីបិទការនាំចូលផលិតផលកប្បាសនិងប៉េងប៉ោះពីតំបន់ភាគខាងលិចប្រទេសចិនក្នុងខេត្ត Xinjiang ដោយមានការចោទប្រកាន់ពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅទីនោះ ទោះជាសេចក្តីប្រកាសជាផ្លូវការមួយទាក់ទងនឹងការហាមប្រាមនេះ ត្រូវបានពន្យាពេលក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីប្រកាសតាមផ្លូវការមួយរបស់រដ្ឋបាលលោកត្រាំ ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារត្រូវបានលើកពេលទៅថ្ងៃក្រោយក្នុងសបា្តហ៍នេះវិញ ដោយសារជាន់គ្នាជាមួយកម្មវិធីផ្សេង។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យអាជ្ញាធរគយនិងការពារព្រំដែនរបស់អាមេរិក។
ការហាមប្រាមការនាំចូលផលិតផលធ្វើពីកប្បាសនិងប៉េងប៉ោះ និងផលិតផលចំនួន៥មុខផ្សេងទៀត ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រើប្រាស់ពលកម្មដោយបង្ខំនោះ គឺជាវិធានដំបូងដែលមិនធ្លាប់មានពីមុនមករបស់ស្ថាប័នគយនិងការពារព្រំដែនរបស់អាមេរិក ដែលនឹងអាចធ្វើឲ្យមានស្ថានភាពកាន់តែតានតឹងឡើងរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក៕